
ពលរដ្ឋខ្មែររង់ចាំឆ្លងដែនទៅស្វែងរកការងារធ្វើនៅថៃតាមច្រកព្រំដែនប៉ោយប៉ែតកន្លងមក។ រូបថត សហការី
Mon, 14 March 2016
សែន ដាវីត
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកប្រទេសថៃបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រដោយធ្វើការបដិសេធចំពោះការចោទប្រកាន់ដែលថាស្ថានទូតបានកៀរគរយកលុយពីពលករកម្ពុជាដើម្បីចេញលិខិតឆ្លងដែន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបានឲ្យដឹងថាថ្មីៗនេះមានសេចក្តីរាយការណ៍អំពីករណីមនុស្សមួយក្រុមបានអះអាងថាជាមន្រ្តីមកពីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកដើរកៀរគរនិយោជក និងពលករខ្មែរនៅថៃឲ្យបង់លុយពី ៣០០០ ដល់ ៤០០០ បាត ឬ ៥០០០ បាតសម្រាប់ការចេញលិខិតឆ្លងដែនឲ្យពលករខ្មែរខុសច្បាប់នៅថៃយកទៅបំពេញបែបបទធ្វើជាពលករស្របច្បាប់។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃសូមប្រកាសបដិសេធចំពោះព័ត៌មានខាងលើដែលជារឿងមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថានទូតជាស្ថាប័នតំណាងប្រទេសជាតិ»។ ស្ថានទូតបញ្ជាក់ថាក្នុងបំណងទប់ស្កាត់ការរំលោភបំពានដល់ពលករខ្មែរដែលកន្លងមកបានចូលមកធ្វើការដោយខុសច្បាប់នៅថៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំគណៈកម្មការអន្តរក្រសួងឲ្យបញ្ជូនមន្រ្តីមកប្រទេសថៃដើម្បីចេញប័ណ្ណដល់ពលករកម្ពុជានៅបរទេស និងលិខិតឆ្លងដែនជូនពលករតាមតម្រូវការម្ចាស់ប្រទេសសម្រាប់យកទៅបំពេញបែបបទធ្វើពលករស្របច្បាប់។
ទោះបីជាស្ថានទូតកម្ពុជាប្រចាំនៅក្រុងបាងកកពុំមែនអ្នកចេញ ឬទទួលខុសត្រូវក្នុងការចែកលិខិតឆ្លងដែនជូនពលករក្តីក៏ប៉ុន្តែពលករដែលបានជួបដូចបញ្ហាខាងលើអាចដាក់បណ្តឹងមកស្ថានទូតហើយជាការល្អសុំភ្ជាប់មកផងនូវភ័ស្តុតាងស្តីពីបាតុភាពអវិជ្ជមាននេះដើម្បីងាយស្រួលឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការសមស្របតាមច្បាប់។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសបានឲ្យដឹងថាកាលពីឆ្នាំ ២០១៥ តាមសំណើរបស់ក្រសួងការងារក្រសួងការបរទេសបានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃចំនួន ៦៨ ១៧៤ នាក់ដោយដោះស្រាយបញ្ហារបស់ពលករខ្មែរតាមរយៈស្នើសុំទៅអាជ្ញាធរថៃឲ្យបញ្ឈប់ការចាប់ពលករខ្មែរដែលកាន់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ផ្តល់ប័ណ្ណការងារ (Work Permit ) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរការរំលោភបំពានលើពលករកម្ពុជាផ្តល់ការគាំទ្រផ្នែកច្បាប់ (ផ្តល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗសម្រួលការធ្វើមាតុភូមិនិវត្តន៍៕