លី អ៊ីវ៉ាធីណា ប្រកាស​ត្រាប់ ចំណង​ស្នេហ៍​តាម​បែប​អឺរ៉ុប

លី អ៊ីវ៉ាធីណា

លី អ៊ីវ៉ាធីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ឈានដល់​វ័យ ៣១ ឆ្នាំ តារា​ចម្រៀង លី អ៊ីវ៉ាធីណា ក៏បែក​ភាព​ភ្ញាក់ផ្អើល ពីពិធី​ធ្វើ​ខួបកំណើត​លើកដំបូង​ធំដុំ​ មាន​អញ្ជើញ​ភ្ញៀវចូលរួម​ ក្រោម​ស្បៃរាត្រី​ថ្ងៃទី ១០ ខែ​មីនា​ នៅភោជនីយដ្ឋាន​វីហ្រ្វេន ខាង​កើត​ផ្សារដេប៉ូ។

តារា​ចម្រៀង​ផលិតកម្ម​ថោន ដែល​ល្បី​បរាជ័យ​ស្នេហ៍ រលាយ​គម្រោងមុន​ដឹកដៃ​គ្នា​ចូលរោងការ​បញ្ចប់​ជីវិត​នៅលីវ នាង លី អ៊ីវ៉ាធីណា ក៏បាន​សារភាព​ថា ស្នេហ៍ថ្មីបាន​ដុះពន្លក​ឡើងពី​ដី​អាមេរិក​មក​ដែរ តែ​សម្រាប់​គម្រោង​ក្រាប​ផ្ទឹមតាម​ប្រពៃណី អាចនឹង​រំលង​មួយជំហាន​ ដោយ​អាច​នឹង​រួមខ្នើយ​ជាមុន​ដើម្បី​សិក្សាគ្នា​ថា​នឹង​អាចបន្ត​សម្ព័ន្ធ​ស្នេហ៍​នេះ​ឬយ៉ាងណា?

ជាមួយ​រ៉ូបពណ៌​មាស​ខ្លី​លើជង្គង់​ ឆែក​សឹងដល់​គល់ភ្លៅ មាន​ក្បាច់​ជីបបូ​នៅ​ត្រង់​ក្បាលពោះ បុរសៗ​ឃើញ​គួរឲ្យ​ក្នាញ់​សាច់ដើម​ទ្រូងស​ម៉ដ្ឋរលាង​ដូច​ពង​មាន់បក មើលទៅ​ឃើញ​សរសៃ​ឆ្លុះ​ពី​ភ្លើង​ពណ៌​រាត្រី​នោះ តារាចម្រៀង​មាន​ឈាមជ័រ​ចិន និង​និយម​ច្រៀង​បទ​ជាតិកំណើត​ខ្លួន (ចិន) ផង​នោះ កញ្ញា លី អ៊ី​វ៉ាធីណា បាន​និយាយ​ថា៖ «ការធ្វើ​ខួប​កំណើត​ដែល​មានលក្ខណៈ​អញ្ជើញ​ភ្ញៀវ​ធ្វើ​នៅហាង​អ៊ីចឹងៗ មិនមែន​ជាគំនិត​ខ្ញុំទេ»។

តារា​ចម្រៀង​ម្ចាស់បទ «ស្ដាយ​មិន​បានសារភាព​ថា​ស្នេហ៍» កញ្ញា លី អ៊ី​វ៉ាធីណា បានបញ្ជាក់​ថា៖ «ខួប​កំណើតខ្ញុំនៅ​យប់​ថ្ងៃទី ១០ មីនា​ ដែល​បាន​មកធ្វើ​ដល់​ហាង​នេះ វាជា​គំនិត​ប្អូនៗជំរុញ​ឲ្យធ្វើ​ ដែល​ពួកគេ​ក៏ចេះ​តែ​និយាយថា យើង​ជាតារា​ចម្រៀង​ល្បី​ប៉ុណ្ណឹងដែរ​ ក៏​ធ្វើ​តាម​ប្អូនៗ​ទៅ វាបាន​សប្បាយ​ជុំគ្នាមិត្ត​សិល្បៈ​ផង»។

យ៉ាងណា​មិញ ​តារាចម្រៀង​ស្រីកូន​កាត់ចិន រាង​តូច​ច្រឡឹង ដែល​មុននេះ​ក៏​ល្បី​រឿង​ខកចិត្ត​ ស្អិតទ្រូង​ រឿង​បរាជ័យ​ជីវិតស្នេហា​ គ្រារៀប​គម្រោង​ដឹកដៃគ្នា​ចូលរោង​ការហើយ​នោះ នាង លី អ៊ី​វ៉ាធីណា ក៏បាន​ប្រាប់​ដែរថា៖ «​ការធ្វើខួប​លើកទី ១ នៅ​វ័យ ៣១ ឆ្នាំនេះ​ក៏​មិនមាន​អញ្ជើញ​ភ្ញៀវ​ច្រើន​ណាស់​ណាទេ អញ្ជើញ​តែ​មិត្ត​សិល្បៈ​ជិតស្និទ្ធ​ប្រមាណ​ជាង ១០ នាក់ និង​បងប្អូន​មិត្តភក្ដិ​ក្រៅ​សិល្បៈ​បន្តិច​បន្តួច​ដែរហ្នឹង​ទេ»។

ក្នុង​រាត្រី​ប្រារព្ធពិធី​ដ៏មាន​អត្ថន័យ​ក្នុងជីវិត​ និង​ឱកាស​ផ្លុំទៀន​នៅ​វ័យ ៣១ ឆ្នាំ ​តារាចម្រៀង​ស្រីរូបនេះ​ក៏បាន​បង្ហាញ​ពន្លឺ​បេះ​ដូង​ថា ​នាងបាន​ស្វាគមន៍​កន្លង់​នៅ​ប្រទេស​មហា​អំណាច​ដែលស្ម័គ្រ​សុំស្នេហ៍​មើលថែ​នាង​ផងដែរ។ថ្លែងបង្ហើប​ពីម្ចាស់​ស្នេហ៍​ថ្មីដែលមក​សុំស្អំ ព្យាបាល​ស្នាម​របួស​ស្នេហ៍​នោះ​ តារា​ចម្រៀង​លី អ៊ីវ៉ាធីណា បាន​បង្ហើបឲ្យដឹង​ទៀតថា៖ «ពេល​នេះ​បេះ​ដូង​ក៏មាន​ឱកាស​ព្យាបាល​របួស​មុននោះ​ហើយ​ដែរ ពី​បុរស​នៅ​អាមេរិក។ តែ​យ៉ាង​ណា​វាក៏​នៅ​ត្រឹម​ដំ​ណាក់កាល​សិក្សាចិត្ត​ថ្លើមគ្នា​ដែរ បើ​មើល​ទៅមិន​អាចទៅ​អនាគត​បាន​នោះ ក៏មិនបន្តយូរ​ដែរ»។

ក្នុងសម្ដី​លើកឡើង​ថា៖​ «ជីវិត​ស្នេហានៅ​សម័យ​នេះ​ងាយ​នឹង​មាន​ភាព​ផុយ​ស្រួយ​នោះ តារា​ចម្រៀង​សាច់សក្បុស​ជាប់​សែ​ស្រឡាយ​ចិនរូបនេះ ក៏​បាន​ប្រាប់ទៀត​ថា៖​ «ការបង្កើត​ស្នេ​ហា​នេះ សម្រាប់​ខ្ញុំពេល​នេះ អ្វីដែល​ត្រូវគិត បើ​មាន​ស្នេហា​នោះ រឿងរៀបការ​នោះ មិនទាន់​គិតទេ បើ​មើលថា អាច​រស់នៅ​ជាមួយ​គ្នាបាន​ គឺចុះ​អេតាស៊ីវិល​រស់​នៅ​ជាមួយ​គ្នាសិន ទើបបាន​ទៅ​គិត​រឿងរៀប​ការ»។

តារា​ចម្រៀង​ លី អ៊ីវ៉ាធីណា ​ក៏​ពន្យល់ផង​ថា៖ ​«អារឿង​បែកគ្នា​នោះ មិន​ថាអ្នក​មិន​ទាន់បាន​រៀបការ ក្រាបក្បាល​ដល់​កន្ទេលទេ ឃើញ​ខ្លះ​ការបាន​មួយខែ កន្លះ​ខែបែក​គ្នា​ក៏មាន»។ថ្លែង​ពីបំណង​ចុះ​អេតាស៊ីវិល​រួម​រស់​មិនបាច់មាន​ពិធី​តាម​ប្រពៃណី​នោះ ​កញ្ញា លី អ៊ីវ៉ាធីណា ថ្លែង​ថា៖ «អ៊ីចឹង​បាន​ជា​ខ្ញុំគិត​ថា ស្នេហាខ្ញុំ​ពេលបន្ទាប់​នេះ បើមើល​ទៅ អាច​រស់នៅ​ជាមួយ​គ្នា​ទៅថ្ងៃ​អនាគត​បាន ​គិតមុន​គេ​គឺចុះ​អេតាស៊ីវិល ហើយ​ទើប​បាន​គិតរឿង​រៀបការ»៕

What Next?

Recent Articles