អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​រក​មធ្យោបាយ​ដឹក​ទំនិញ​ចេញ​ពី​ដី​ថៃ​មក​ស្រុក​ខ្មែរ​វិញ

ដោយ ហ៊ុំ ចំរើន
2016-03-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផ្សារ​រ៉ុងក្លឿ ៨៥៥
អាជីវករ​ខ្មែរ​តវ៉ា​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ជាប់​ព្រំដែន​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៦។ Photo provided


ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​រាប់​ពាន់​តូប​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កំពុង​រក​ច្រក​ដឹក​ទំនិញ​របស់​ខ្លួន​ចេញ​ពី​ទឹក​ដី​ថៃ យក​មក​ទុក​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់ ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ទាក់ទង​កម្មសិទ្ធិ​បញ្ញា​ថៃ។ ក្រុម​អាជីវករ​អះអាង​ថា មូលហេតុ​ដែល​ពួក​គេ​ដឹក​ទំនិញ​មក​ដី​ខ្មែរ​វិញ ដោយសារ​ខ្លាច​សមត្ថកិច្ច​ថៃ ចាប់​យក​ទំនិញ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ ធ្វើ​ឲ្យ​ខាតបង់ គ្មាន​ប្រាក់​សង​បំណុល​គេ។

ក្រុម​អាជីវករ​ផ្សារ​រ៉ុងក្លឿ លើក​ឡើង​ស្រដៀង​គ្នា​ថា ពួក​គាត់​មិន​ហ៊ាន​នាំ​ទំនិញ​របស់​ខ្លួន​ចូល​មក​ដី​ខ្មែរ​ភ្លាមៗ​នោះ​ទេ ដោយ​ខ្លាច​សមត្ថកិច្ច​ខ្មែរ​ចាប់ នៅ​ពេល​ដែល​ពួក​គាត់​នាំ​ទំនិញ​ចូល​មក​កម្ពុជា វិញ​នោះ។

អាជីវករ​ផ្សារ​រ៉ុងក្លឿ ម្នាក់ ឈ្មោះ ចែ​ស្រី អះអាង​ថា លោកស្រី​ចង់​នាំ​ទំនិញ​ចូល​មក​រក្សា​ទុក​ក្នុង​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ ប៉ុន្តែ​លោកស្រី​ថា​ពុំ​ដឹង​នាំ​ទំនិញ​ចូល​មក​ដោយ​របៀប​ណា​នោះ​ទេ ពីព្រោះ​ខ្លាច​សមត្ថកិច្ច​ខ្មែរ​នៅ​ច្រក​ព្រំដែន​ចាប់​យក​ទំនិញ​របស់​គាត់៖ «រាល់​ថ្ងៃ​នេះ​សមត្ថកិច្ច​ថៃ ឲ្យ​ពួក​ខ្ញុំ​បើក​លក់​ទំនិញ ក៏​ខ្ញុំ​មិន​ហ៊ាន​បើក​លក់​វិញ​ដែរ ព្រោះ​អី​ភ័យ​ខ្លាច​គេ​មក​ចាប់ ឬ​មក​គាស់​តូប​យក​ទំនិញ​ដោយ​មិន​អាច​តវ៉ា​យក​មក​វិញ​បាន»

ក្រុម​អាជីវករ​ផ្សារ​រ៉ុងក្លឿ ចង់​ដឹក​ទំនិញ​ចូល​មក​កម្ពុជា វិញ​នេះ ដោយសារ​កន្លង​មក ពួក​គាត់​ឃើញ​សមត្ថកិច្ច​ចាប់​ទំនិញ​ដែល​លួច​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ ក្នុង​ផ្សារ​នេះ​ញឹកញាប់ ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​ដាក់​លក់​នោះ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ អាជីវករ​ផ្សារ​រ៉ុងក្លឿ មួយ​ចំនួន​ទៀត​ថ្លែង​ថា មុខ​របរ​លក់​ដូរ​របស់​ពួក​គេ​ជាង ២០​ឆ្នាំ​ក្នុង​ទឹក​ដី​ថៃ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៦ នេះ ពីព្រោះ​ពួក​គាត់​អះអាង​ថា ទំនិញ​ដែល​ពួក​គេ​ធ្លាប់​ដាក់​លក់​ពី​មុន​មក នៅ​ពេល​នេះ​មិន​អាច​លក់​បាន​ដោយ​សេរី​ដូច​ពេល​មុនៗ​ទៀត​នោះ​ឡើយ។ ទំនិញ​លក់​បាន​ទាំង​ភ័យ​ខ្លាច​សមត្ថកិច្ច​ចាប់​យក​ទំនិញ ធ្វើ​ឲ្យ​គ្មាន​ប្រាក់​សង​បំណុល​គេ ពីព្រោះ​ទំនិញ​ទាំងអស់​នោះ ពួក​គាត់​ទិញ​ជំពាក់​គេ មិន​ទាន់​ឲ្យ​ប្រាក់​អស់​នៅ​ឡើយ។ ក្រុម​អាជីវករ​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ថៃ កំណត់​ឲ្យ​ពួក​គាត់​លក់​ទំនិញ​ឲ្យ​អស់​យ៉ាង​យូរ​ពីរ​ខែ​ទៀត​ក៏ដោយ ក៏​ពួក​គាត់​នៅ​តែ​ព្រួយ​បារម្ភ ហើយ​មិន​ហ៊ាន​ដាក់​ទំនិញ​របស់​ខ្លួន​ក្នុង​ផ្សារ​រ៉ុងក្លឿ នោះ​ទេ។ ម្យ៉ាង​ទៀត បើ​ទោះ​បី​ជា​ដាក់​លក់ ក៏​មិន​សូវ​មាន​អ្នក​ទិញ​ដូច​ពេល​មិន​ទាន់​មាន​សមត្ថកិច្ច​ខាង​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ ចុះ​ចាប់​ទំនិញ​នោះ​ឡើយ៖ «ខ្ញុំ​ខ្លាច​តែ​ខាង​ថៃ ក៏​គេ​មិន​ឲ្យ​ខ្ញុំ​យក​ទំនិញ​ចេញ ហើយ​ខាង​សមត្ថកិច្ច​ខ្មែរ ក៏​គេ​ចាប់​ទៀត។ ដល់​អ៊ីចឹង​ទៅ មិន​ដឹង​គិត​យ៉ាង​ណា​ទេ។ ការ​លក់​រាល់​ថ្ងៃ​នេះ ម៉ូយ​ដែល​ធ្លាប់​មក​ទិញ​សព្វ​ដង យក​ទៅ​លក់​ខាង​ក្នុង​ប្រទេស​ថៃ ក៏​គេ​ចាប់​ពួក​គាត់​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សម្រួល​ឲ្យ​ក្រុម​អាជីវករ​ផ្សារ​រ៉ុងក្លឿ ដឹក​ទំនិញ​របស់​ពួក​គាត់​ចូល​មក​ដី​ខ្មែរ​វិញ ដោយ​មិន​មាន​ការ​យក​លុយ​នោះ​ទេ។ លោក​បន្ថែម​ថា បញ្ហា​នេះ ប្រជាពលរដ្ឋ​គួរ​តែ​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ពាក់ព័ន្ធ​មុន​សិន​ជា​ការ​ល្អ៖ «ទំនិញ​ខាង​សមត្ថកិច្ច​ខ្មែរ និង​ថៃ គេ​មិន​ចាប់​ទំនិញ​ពួក​គាត់​ទេ ឲ្យ​ក្រុម​អាជីវករ​ស្ម័គ្រ​ចិត្ត​ដឹក​ទំនិញ​ត្រឡប់​មក​ខ្មែរ​វិញ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អាជីវករ​អះអាង​ថា ពួក​គេ​នៅ​តែ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ខ្មែរ​ចាប់​យក​ទំនិញ​អស់​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ ពីព្រោះ​ការ​សន្យា​របស់​លោក​អភិបាល​ក្រុង​នោះ ពុំ​បាន​ចេញ​ជា​លិខិត​ផ្លូវ​ការ ដើម្បី​ឲ្យ​អស់​ចិត្ត ដែល​បញ្ជាក់​ថា សមត្ថកិច្ច​ពិត​ជា​មិន​ចាប់​ទំនិញ​ពួក​គាត់​នោះ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្ដី​កង្វល់​របស់​ក្រុម​អាជីវករ គឺ​ជា​រឿង​ត្រឹមត្រូវ ដោយសារ​ពួក​គាត់​គ្មាន​ជំនឿ​នឹង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត។ លោក​ពន្យល់​ថា សមត្ថកិច្ច​ថៃ ចាប់​ទំនិញ​អាជីវករ​ផ្សារ​រ៉ុងក្លឿ ជា​បន្តបន្ទាប់ ចំណែក​ឯ​អាជ្ញាធរ​ខ្មែរ បាន​ត្រឹម​តែ​សម្រប​សម្រួល​ជាមួយ​ភាគី​ថៃ ដោយ​ពុំ​បាន​ដោះស្រាយ​យក​ទំនិញ​ពី​ថៃ មក​ឲ្យ​ពួក​គាត់​វិញ​នោះ​ឡើយ៖ «ការ​និយាយ​របស់​លោក​អភិបាល​ក្រុង​នេះ ប្រសិន​បើ​ជា​ពិត​មែន​នោះ ប្រជាពលរដ្ឋ​នឹង​មិន​រត់​ទៅ​រក​អ្នក​សារព័ត៌មាន ឬ​អង្គការ​សង្គម​ស៊ីវិល​ជួយ​ពួក​គាត់​នោះ​ទេ»

ត្រង់​ចំណុច​នេះ លោក​អភិបាល​ក្រុង​ប៉ោយប៉ែត ង៉ោ ម៉េងជ្រួន អះអាង​ថា ទំនិញ​មួយ​ចំនួន សមត្ថកិច្ច​ថៃ បាន​ប្រគល់​មក​ឲ្យ​អាជីវករ​វិញ​ហើយ លើក​លែង​តែ​ទំនិញ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​សមត្ថកិច្ច​កម្មសិទ្ធិ​បញ្ញា​ថៃ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើប​អង្កេត​ពិសេស​ថៃ មក​ពី​ទីក្រុង​បាងកក ដែល​ចុះ​មក​ត្រួត​ពិនិត្យ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​នេះ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ បាន​កើត​មាន​ការ​វាយ​តប់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​នគរបាល​ថៃ នាំ​ឲ្យ​ខូចខាត​រថយន្ត​នគរបាល​ចំនួន ២​គ្រឿង។ ក្រោយ​មក សមត្ថកិច្ច​ថៃ បាន​ចាប់​អាជីវករ​ខ្មែរ​ចំនួន​ពីរ​នាក់។

កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ តុលាការ​ថៃ បាន​កាត់​ទោស​អាជីវករ​ខ្មែរ​ទាំង​ពីរ​នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៣​ខែ។ នៅ​ថ្ងៃ​ទី​៥ មីនា សមត្ថកិច្ច​ខាង​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ បាន​ចុះ​មក​សាជាថ្មី​ទៀត ហើយ​គាស់​តូប​អាជីវករ​ផ្សារ​រ៉ុងក្លឿ ចាប់​ទំនិញ​បន្លំ​ម៉ាក​អស់​ជិត ១០​តូប ដែល​មាន​ទំនិញ​ក្នុង​មួយ​តូប​ប្រហែល​ពី ៣​ម៉ឺន​ដុល្លារ​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​អាជីវករ​ខ្មែរ​មាន​ការ​ភ័យ​ខ្លាច​សមត្ថកិច្ច​ថៃ កាន់​តែ​ខ្លាំង​ឡើង និង​ចង់​នាំ​ទំនិញ​របស់​ពួក​គេ​ពី​ដី​ថៃ មក​ទុក​នៅ​កម្ពុជា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles