ដោយ ហង្ស សាវយុត
2016-03-14
RFA

មន្ត្រីនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រជុំជាមួយអ្នកជំនាញផ្នែកបរិស្ថាន និងអង្គការជាដៃគូអភិវឌ្ឍន៍ រៀបចំគម្រោងការពារបរិស្ថាន នាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។ RFA/Hang Savyouth
![]()
មន្ត្រីអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលហៅកាត់ថា អិន.ស៊ី.ឌី.អេស (NCDS) បានបង្ហាញថា ប្រទេសកម្ពុជា ត្រូវការទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់លើការអនុវត្តគម្រោងការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាប់ពីពេលនេះរហូតទៅដល់ឆ្នាំ២០១៨។
ក្រុមអ្នកជំនាញផ្នែកបរិស្ថានមកពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាល រួមទាំងអង្គការដែលជាដៃគូអភិវឌ្ឍន៍ចំនួនប្រមាណ ៤០អង្គភាព កំពុងជួបពិភាក្សាគ្នារយៈពេល ២ថ្ងៃនៅខេត្តសៀមរាប ដើម្បីរៀបចំផែនការគម្រោងការពារបរិស្ថាន ក្នុងការរួមចំណែកអនុវត្តចំពោះអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ការពិភាក្សាពិគ្រោះយោបល់ដែលមានការជួយជ្រោមជ្រែងពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងអង្គការរីការដូ (Ricardo) ផង បានចាប់ផ្ដើមកាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ ខែមីនា។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលជាអ្នកដឹកនាំកិច្ចពិភាក្សានោះ គឺលោក ទិន ពន្លក។ លោកមានប្រសាសន៍ថា ការអនុវត្តអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ អាចជោគជ័យទៅបាន ចាំបាច់ត្រូវមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ទាំងកម្រិតជាតិ និងអន្តរជាតិ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ។ មន្ត្រីដដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ ជាមួយអង្គការសហប្រជាជាតិ។ របាយការណ៍ចុងក្រោយរបស់អង្គការអន្តររដ្ឋាភិបាល បានបញ្ជាក់កាន់តែច្បាស់ថា ការបំភាយឧស្ម័នកាន់តែខ្លាំង កំពុងគំរាមកំហែងបរិស្ថាន ធ្វើឲ្យផែនដីកាន់តែឡើងកម្ដៅ ហើយបង្កការប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ព្រមទាំងសន្តិសុខស្បៀងនៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក៖ «អ៊ីចឹងហើយបានជាប្រទេសទាំងអស់ជាសមាជិកនៃអនុសញ្ញាប្រែប្រួលអាកាសធាតុ ខិតខំរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុនេះ»។
នាយកគម្រោងនៃអង្គការអន្តរជាតិរីការដូ (Ricardo) លោក គ្រីស ដតវ៉ែល (Chris Dodwell) ទទួលស្គាល់ថា បច្ចុប្បន្ននេះ កម្ដៅកំពុងកើនឡើងយ៉ាងខ្លាំងនៅលើផែនដី។ ដូច្នេះ វាជាពេលដែលប្រទេសទាំងអស់ ត្រូវរួមគ្នាចាប់យកអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុមកអនុវត្ត ហើយដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ប្រធាននាយកដ្ឋានការប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក ស៊ុំ ធី មានប្រសាសន៍ថា បញ្ហាដែលធ្វើឲ្យផែនដីឡើងកម្ដៅខ្លាំងនេះ ដោយសារតែប្រទេសជាច្រើនក្នុងពិភពលោក បានបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ជាច្រើនបំពុលខ្យល់ធម្មជាតិ ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាធ្វើរោងចក្រអគ្គិសនី និងការបំផ្លាញព្រៃធម្មជាតិ ដើម្បីយកដីប្រើប្រាស់ជាដើម៖ «ឃើញថាការប្រើប្រាស់ដីធ្លី ព្រៃឈើនៅកម្ពុជា ក៏ជាផ្នែកមួយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនដែរ។ កាលណាយើងទុកព្រៃឲ្យបានច្រើន ក៏វាអាចផ្ដល់កាបូនសម្រាប់ជួយដល់បរិស្ថានដែរ»។
រដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលត្រូវតែដោះស្រាយជាអាទិភាព។ កម្ពុជា ត្រូវការទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ការអនុវត្តគម្រោងការពារបរិស្ថាន ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុចាប់ពីពេលនេះរហូតទៅដល់ឆ្នាំ២០១៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជីវកម្មបញ្ចូលអាគុយនិងជួសជុលគ្រឿងម៉ាស៊ីននៅតែបន្តមានលើទន្លេសាបខេត្តកំពង់ឆ្នាំង
- ពលរដ្ឋស្រុកឯកភ្នំព្រួយបារម្ភពីបញ្ហាភ្លើងឆេះព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប
- មនុស្សជាង២០០នាក់ដើររើសសំរាមនៅក្រុងស្ទឹងត្រែង
- អ្នកនិពន្ធវ័យក្មេងអំពាវនាវរកប្រាក់ឧបត្ថម្ភសម្រាប់បោះពុម្ពសៀវភៅអំពីសត្វព្រៃនៅកម្ពុជា
- យុវជនធ្វើយុទ្ធនាការបំផុសស្មារតីពលរដ្ឋខេត្តស្ទឹងត្រែងពីផលអវិជ្ជមាននៃទំនប់ដនសាហុង
- ព្រះសង្ឃនិងពលរដ្ឋនៅក្រុងបាត់ដំបងទាមទារឲ្យអាជ្ញាធរបញ្ឈប់សិប្បកម្មផលិតទឹកកក
- សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២មិនទុកចិត្តរដ្ឋាភិបាល
- ពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ប្រារព្ធពិធីសាសនាទាមទារសំណង
- បទសម្ភាសន៍អំពីអង្គការសិទ្ធិមនុស្សជំរុញអាជ្ញាធរខេត្តកោះកុងឲ្យដោះលែងសកម្មជនបរិស្ថាន