
សហការីនៃអង្គការព្រះពុទ្ឌសាសនាដើម្បីអប់រំនៃកម្ពុជា លើកទង់ជាតិកម្ពុជានៅឥណ្ឌា។ រូប សហការី
Tue, 15 March 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កម្មវិធីបុណ្យវប្បធម៌ពិភលោកឆ្នាំ ២០១៦ ឬ World Culture Festival 2016 ដែលរៀបចំដោយអង្គការឈ្មោះ The Art of Living បានប្រារព្ធធ្វើឡើងជាលើកទី ៣៥ នៅឯទីក្រុងញូវដែលីប្រទេសឥណ្ឌា ក្នុងអត្ថន័យរួមគ្នាមួយថា «សាងគ្រួសារពិភពលោកប្រកបដោយសុភមង្គល និងសន្តិភាព» ដោយមានបណ្តាសមាជិកនានាលើពិភពលោកចំនួន ១៥៥ ប្រទេស និងមានអ្នកចូលរួម ៣,៥ លាន នាក់ឯណោះ ខណៈកម្មវិធីបានចាប់ផ្តើមកាលពីថ្ងៃទី ១១ ដល់ទី ១៣ ខែមីនា ឆ្នាំ ២០១៦ នាពេលកន្លងមកនេះ។
ក្នុងចំណោម ១៥៥ ប្រទេស ដែលជាសមាជិកចូលរួមនៃកម្មវិធីនោះ ក៏មានវត្តមានប្រទេសកម្ពុជាយើងផងដែរតាមរយៈព្រះតេជគុណព្រះនាម ហាក់ សៀងហៃ ជាប្រធាននៃអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ពអក) និងសហការីចំនួន ៣ អង្គ និងរូប។
នាកម្មវិធីបុណ្យវប្បធម៌ពិភពលោកនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាកិច្ចជួបជុំគ្នារវាងមេដឹកនាំផ្នែកសាសនាកំពូលៗ អ្នកនយោបាយល្បីៗ និងក្រុមអ្នកដឹកនាំវ័យក្មេងឆ្នើមៗ នៅលើសកលលោកដើម្បីធ្វើសេចក្តីថ្លែងការណ៍ស្តីពីការកសាងនូវសន្តិភាពពិភពលោករួមគ្នា និងគឺជាវេទិកានៃមហោស្រពសម្តែងរបាំប្រចាំប្រទេសនីមួយៗផងដែរ។

ព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមកម្មវិធី។ រូប សហការី
អង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលជាតំណាងឲ្យភាគីប្រទេសកម្ពុជានោះ គេឃើញព្រះតេជគុណ ហាក់ សៀងហៃ និង ព្រះតេជគុណ វ៉ាន់ សារួន ត្រូវបាននិមន្តអញ្ជើញជាភ្ញៀវពិសេសនៃការជួបជុំអ្នកដឹកនាំវ័យក្មេងពិភពលោកក្នុងវេទិកាអន្តរសាសនា និងអ្នកនយោបាយស្តីពីសន្តិភាពពិភពលោក។
ព្រះអង្គ ហាក់ សៀងហៃ មានសង្ឃដីកាឲ្យភ្នំពេញប៉ុស្តិ៍ដឹងនាពេលវិលត្រឡប់មកកាន់មាតុប្រទេសវិញថា៖ «កម្មវិធីវប្បធម៌ពិភពលោកនេះយើងទទួលបាននូវចំណេះដឹងផ្នែកការដឹកនាំ មានឱកាសផ្សព្វផ្សាយព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរយើងលើឆាកអន្តរជាតិ បង្កើតបាននូវចំណងមិត្តភាពរវាងអ្នកដឹកនាំសាសនា និងអ្នកដឹកនាំផ្នែកនយោបាយដើម្បីរួមគ្នាកសាងពិភពលោកយើងនេះឲ្យបានល្អ និងមានប្រសិទ្ធភាព»។
ព្រះតេជគុណបន្តចំណាប់អារម្មណ៍ផ្ទាល់ទៀតថា៖ «នេះជាកិច្ចប្រជុំធំបំផុតមួយនៅលើពិភពលោក ហើយក្នុងនាមអាត្មាជាព្រះសង្ឃមួយអង្គពិតជាមានមោទនភាពណាស់ដែលទទួលបាននូវការនិមន្តផ្ទាល់ឲ្យទៅចូលរួមនៅក្នុងពិធីដ៏អស្ចារ្យនេះ។ អាស្រ័យដោយហេតុនេះហើយ ទើបបង្កើតឲ្យមានឱកាសដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ប្រពៃណីវប្បធម៌ និងព្រះពុទ្ធសាសនាខ្មែរនៅលើឆាកអន្តរជាតិឲ្យបណ្តាប្រទេសដទៃទៀតនោះឲ្យបានស្គាល់កម្ពុជាយើងផងដែរ ហើយអាត្មាក៏នឹងនាំយកអ្វីដែលទទួលបានពីកិច្ចប្រជុំទៅបន្តពង្រឹងការងារបម្រើព្រះពុទ្ធសាសនា និងប្រទេសជាតិប្រកបដោយវឌ្ឍនភាព និងសុភមង្គល»៕