តុលាការ​ខេត្ត​ពោធិ៍សាត់​កំពុង​ធ្វើ​ការ​លើ​សំណុំ​រឿង​ទាហាន​បាញ់​ពលរដ្ឋ

ដោយ ជិន ជេដ្ឋា
2016-04-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តុលាការ ខេត្ត​ពោធិ៍សាត់ ៦២០
សាលាដំបូង​ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ (RFA/Chin Chetha)

ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ កំពុង​ដំណើរការ​នីតិវិធី​រឿង​ក្ដី​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​ចាំ​ដី​ឲ្យ​អង្គភាព​ក្រសួង​ការពារ​ជាតិ ប្រើ​អាវុធ​បាញ់​ពលរដ្ឋ​ដឹក​អុស​ឲ្យ​របួស​ជើង​ខាង​ឆ្វេង។ ក្រុម​គ្រួសារ​ជនរងគ្រោះ និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​ចាត់​ការ​រឿង​ក្ដី​នេះ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​អ្នក​របួស។

ប្រធាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ថោង អុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ថា​ ​លោក​កំពុង​រៀបចំ​ដីកា​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​មក​សាកសួរ បន្ទាប់​ពី​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​អ្វី​បាន​ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ ព្រោះ​សំណុំ​រឿង​កំពុង​ដំណើរការ។

ចំណែក​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ូលី ដា ថ្លែង​ថា ជន​បង្កហេតុ​ឈ្មោះ ប៊ិន ខន អាយុ ៥០​ឆ្នាំ មិន​មែន​ជា​មន្ត្រី​យោធា​នោះ​ទេ ប៉ុន្តែ​ជន​នេះ​មាន​តួនាទី​មើល​ការ​ខុសត្រូវ​ដី​អភិវឌ្ឍ​ក្រសួង​ការពារ​ជាតិ នៅ​តំបន់​អូរ​ថ្មដំរី ឋិត​នៅ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ។

លោក​ថា បទ​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ គឺ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត៖ «អាវុធ​គេ​ដាក់​នៅ​ក្នុង​អង្គភាព​របស់​គេ (យោធា) ប៉ុន្ដែ​ដល់​ពេល​មនុស្ស​ហ្នឹង​មក​ជួយ​មើល​ការ​ខុសត្រូវ អ៊ីចឹង​យក​មក​ប្រើ​មក។ ស្ដាប់​ការ​សួរ​ចម្លើយ​ទៅ​ថា គេ​ឲ្យ​គាត់​ចូល​ធ្វើ​ទាហាន ដោយសារ​អាយុ​គាត់​លើស​ធ្វើ​អត់​បាន ដល់​ធ្វើ​អត់​បាន​ទៅ​គេ​ឲ្យ​ជួយ​មើល​ដី ដំណាំ​អី​នៅ​ត្រង់​ហ្នឹង»

ជន​រងគ្រោះ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​មេជើង​ខាង​ឆ្វេង គឺ​លោក ញួន សាវុធ អាយុ ៣៨ រស់​នៅ​ភូមិ​កណ្ដាល ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រំលឹក​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ថា នៅ​ម៉ោង ១ និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា រូប​លោក​បាន​បើក​គោយន្ត​ដឹក​អុស​គ្រាក់ ជាមួយ​ពលរដ្ឋ​ដឹក​អុស​ដោយ​គោយន្ត​ពីរ​គ្រឿង​ផ្សេង​ទៀត​ចេញ​ពី​ចំណុច​អូរ​ថ្មដំរី ឆ្ពោះ​ទៅ​ចំណុច​អូស​ទូក​ឋិត​នៅ​ឃុំ​ឈើ​តុំ។

នៅ​តាម​ផ្លូវ​មាន​រោង​ស្ទាក់​ចាំ​យក​លុយ​មួយ​កន្លែង។ ពេល​នោះ​ឈ្មោះ ប៊ិន ខន ចេញ​មក​ឃាត់ និង​​ពន្លត់​ម៉ាស៊ីន​គោយន្ត​ទាំង​បី​គ្រឿង ហើយ​ដើរ​ចូល​ទៅ​ក្នុង​រោង​វិញ​ដោយ​ស្រែក​គំរាម​ថា ពួក​​ឯង​ត្រូវ​យក​រណា​ង៉ោង​មក​ឲ្យ​អញ ហើយ​ទម្លាក់​អុស​ពី​លើ​រទេះ​ឲ្យ​អស់ រួច​បរ​រទេះ​ទៅ​ផ្ទះ​វិញ​ទទេ។ លោក​ក៏​បាន​ដក​លុយ​ពី​ក្នុង​ហោប៉ៅ ចំនួន​បី​ពាន់​រៀល​ហុច​ឲ្យ​ឈ្មោះ ប៊ិន ខន ហើយ​ឲ្យ​រទេះ​ពីរ​គ្រឿង​បរ​ទៅ​មុន។

ភ្លាម​នោះ​ឈ្មោះ ប៊ិន ខន មិន​ទទួល​យក​លុយ​ទេ ដោយ​ស្រែក​បញ្ជា​ឲ្យ​កូន​ចៅ​ស្ទាក់​គោក​យន្ត​កុំ​ឲ្យ​ទៅ​មុខ​ទៀត ហើយ​កូន​ចៅ​រូប​នោះ​បាន​បាញ់​គំរាម ១​គ្រាប់​ឡើង​លើ ទើប​គោយន្ត​ទាំង​អស់​ឈប់​ហើយ​លោក​បម្រុង​និយាយ​ចរចា​ម្ដង​ទៀត ប៉ុន្តែ​ស្រាប់​តែ​ឈ្មោះ ប៊ិន ខន ទាញ​កាំភ្លើង​មក​បាញ់​តម្រង់​ជើង​លោក​តែ​ម្ដង។

រំពេច​នោះ​លោក​ស្រែក​ឲ្យ​អ្នក​ដឹក​អុស​ដូច​គ្នា​ជួយ​គ្រា​លោក​រត់​គេច​ពី​កន្លែង​កើត​ហេតុ៖ «ជើង​បាត់​ពើត (ឈឺ) ហើយ តែ​នៅ​អួលៗ ត្រង់​ឆ្អឹង​បន្តិច! ត្រូវ​ចំ​មេ​ជើង​ដល់​ឲ្យ​គេ​ថត​មើល​ឃើញ​ប្រះ​ឆ្អឹង។ ខ្ញុំ​ចង់​ឲ្យ​អ្នក​បង្ក​ហេតុ​បង់​ជំងឺ​ចិត្ត​ឲ្យ​ខ្ញុំ។ ដឹក​អុស​គ្រាក់​រាប់​ម៉ឺន​គោយន្ត​ខុស​ច្បាប់​អី​បង អុស​គ្រាក់​សល់​ពី​ចំណី​ភ្លើង យើង​កាត់​ប្រវែង​ពីរៗ​ចំអាម»

មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​​កម្ពុជា ចែង​ថា បទល្មើស​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​គ្រប់​បុគ្គល​ដែល​នៅ​ក្រៅ​លំនៅឋាន​របស់​ខ្លួន​យក​អាវុធ​តាម​ខ្លួន ឬ​ដឹក​ជញ្ជូន​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ខែ ទៅ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​ដល់ ៦​លាន​រៀល។

មន្ត្រី​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថា​លោក​នឹង​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​មេសា ដើម្បី​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​​តំណាង​អយ្យកា ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ លោក​រិះគន់​ថា អាវុធ​ជាតិ​ផ្ទះ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង ប៉ុន្តែ​បុគ្គល​មិន​មែន​ជា​យោធា​បាញ់​បោះ​តាម​ចិត្ត​នោះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles