ដោយ រដ្ឋា វិសាល
2016-04-10
RFA

ផែនទីខេត្តរតនគិរី។ Photo: RFA
សហគមន៍ជនជាតិដើមភាគតិចភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បាននាំគ្នាកាប់បំផ្លាញចម្ការកាហ្វេគ្រួសាររបស់ពលរដ្ឋខ្មែរប្រមាណ ២០ហិកតារ ដណ្ដើមយកដីដោយសំអាងថា ដីតំបន់នោះជាអតីតដីដូនតាសហគមន៍។ ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋាន ចាត់ទុកទង្វើអ្នកភូមិថាជាការយល់ច្រឡំទាក់ទិនកម្មសិទ្ធិដូនតា។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) នៅថ្ងៃទី៩ ខែមេសា អំពាវនាវសុំឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចភូមិសោមត្រកចាស់ បញ្ឈប់សកម្មភាពចូលទៅកាន់កាប់ដីជាកម្មសិទ្ធិស្របច្បាប់របស់បុគ្គលឯកជន ចៀសវាងប្រឈមទៅនឹងការចោទប្រកាន់ពីបទរំលោភកម្មសិទ្ធិអ្នកដទៃ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ភូមិសោមត្រកចាស់ ពីរក្រុម បាននាំគ្នាចូលទៅកាប់ឆ្ការដើមកាហ្វេ ដែលម្ចាស់កម្មសិទ្ធិមិនបានថែទាំដោយសំអាងថា ម្ចាស់ដីបានបោះបង់ចម្ការកាហ្វេនេះចោល បើទោះបីអាជ្ញាធរមូលដ្ឋានហាមឃាត់មិនឲ្យអ្នកភូមិ ប្រព្រឹត្តបំពានទៅលើកម្មសិទ្ធិអ្នកដទៃយ៉ាងណាក្តី។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា អ្នកភូមិសំអាងថា ដីចម្ការកាហ្វេជាអតីតដីដូនតាសហគមន៍ ក៏ប៉ុន្តែប្រជាពលរដ្ឋក្រៅសហគមន៍ចូលមកកាន់កាប់ធ្វើចម្ការ។ ហេតុនេះ បើម្ចាស់ចម្ការបោះបង់ចោល អ្នកភូមិមានសិទ្ធិយកដីនោះមកគ្រប់គ្រងវិញ។ ផ្ទុយទៅវិញ នេះជាការភ័ន្តច្រឡំ ពីព្រោះដីចម្ការកាហ្វេនោះ ប្រជាពលរដ្ឋខ្មែរចូលទៅកាន់កាប់ គឺមានលិខិតបញ្ជាក់សិទ្ធិកាន់កាប់ដីនោះតាំងពីឆ្នាំ២០០៧។ លោកបន្តថា មានសកម្មជនអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយថា ដីនោះជាដីសម្បទានសេដ្ឋកិច្ច។ ហេតុនេះ បើអ្នកកាន់កាប់ដីសម្បទាននោះមិនដាំដុះ អ្នកភូមិអាចដកហូតយកវិញបាន៖ «គេមានម្ចាស់កាន់កាប់រហូត មានប្លង់រឹង។ ពលរដ្ឋថាដីគេមិនដាំដុះ គាត់ថាដីទំនេរ។ គាត់ទៅកាប់ឆ្ការយកវិញ វាមិនត្រឹមត្រូវតាមច្បាប់ទេ»។
កាលពីខែមីនា ប្រជាពលរដ្ឋភូមិសោមត្រកចាស់ បាននាំគ្នារារាំងគ្រឿងចក្រម្ចាស់ចម្ការមិនឲ្យភ្ជួររាស់ និងដាំដុះដីចម្ការកាហ្វេនោះ ខណៈដែលអាជ្ញាធរឃុំ និងមន្ត្រីជំនាញដីធ្លី បានពន្យល់អ្នកភូមិថា ម្ចាស់ចម្ការកាហ្វេនេះមានប័ណ្ណកម្មសិទ្ធិលើដីចម្ការកាហ្វេប្រមាណ ២០ហិកតារ និងមិនបានបោះបង់ចោលចម្ការនោះទេ។
សមាជិកសហគមន៍មួយរូប គឺលោក សល់ ថឹ ទទួលស្គាល់ថា អ្នកភូមិ ២០គ្រួសារចូលទៅកាប់ឆ្ការព្រៃក្នុងចម្ការកាហ្វេដំបូង បន្ទាប់មកសមាជិកសហគមន៍រហូតដល់ ៩០គ្រួសារ បានចូលទៅកាប់ឆ្ការព្រៃក្នុងចម្ការកាហ្វេបន្តបន្ទាប់ ដើម្បីយកដីចែកគ្នា។ លោកថា សកម្មជនអង្គការបណ្ដាញសហគមន៍ជនជាតិដើមភាគតិចប្រចាំមូលដ្ឋានឈ្មោះ រម៉ាស់ មឿន គឺជាអ្នកផ្សព្វផ្សាយឲ្យអ្នកភូមិចូលកាន់កាប់ដីចម្ការកាហ្វេ ព្រោះចម្ការកាហ្វេនេះជាដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចត្រូវម្ចាស់បោះបង់។
ឆ្លើយតបការអះអាងនេះ សកម្មជនអង្គការបណ្ដាញសហគមន៍ជនជាតិដើមភាគតិច លោក រម៉ាស់ មឿន មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិប្រមាណ ២០គ្រួសារ បានចូលទៅកាប់ឆ្ការព្រៃក្នុងចម្ការកាហ្វេ មុនក្រុមលោកចូលទៅកាប់ឆ្ការ។ លោកថា អ្នកថែទាំចម្ការបានសម្របសម្រួលឲ្យអ្នកភូមិ បញ្ឈប់ចូលកាន់កាប់ដីចម្ការកាហ្វេ ហើយសុខចិត្តផ្តល់ប្រាក់ឧបត្ថម្ភប្រជាពលរដ្ឋ ប៉ុន្តែអ្នកភូមិខ្លះយល់ព្រម ខ្លះមិនយល់ព្រម៖ «អត់ទេ ខ្ញុំមិននាំទេ គេថាដីសម្បទាន គេសម្របសម្រួលហើយ គេប្ដឹងខ្ញុំ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងម្ចាស់ចម្ការកាហ្វេឈ្មោះ ចាន់ នី សុំបញ្ជាក់ករណីនេះបានទេ។
ក៏ប៉ុន្តែអ្នកថែរក្សាចម្ការកាហ្វេឈ្មោះ នូ លី ឲ្យដឹងថា ដីចម្ការកាហ្វេនេះមានប័ណ្ណសម្គាល់សិទ្ធិចេញដោយមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីឆ្នាំ២០០៧។ លោកថា ចម្ការកាហ្វេមិនផ្តល់ផល ទើបគ្មានការថែទាំបន្ត៖ «មេឃុំ មេភូមិ គេដឹងឮទាំងអស់។ អ្នកនៅជាប់ព្រំដីគេផ្ដិតមេដៃដឹងឮទាំងអស់។ មេភូមិនិយាយគេមិនស្តាប់ទេ»។
ទាក់ទិនករណីនេះដែរ មេឃុំសោមធំ លោក សល់ ទួល ថ្លែងបញ្ជាក់ថា អាជ្ញាធរឃុំ និងមន្ត្រីដីធ្លីបានចុះណែនាំអ្នកភូមិពីរលើក ទាក់ទិនការចូលទៅកាន់កាប់ដីធ្លីម្ចាស់មានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្តែអ្នកភូមិមិនទទួលយកការណែនាំនេះទេ៖ «ដំបូងគេទៅកាប់ប្រហែល ២០គ្រួសារទេ។ ដល់ឥឡូវគេចង់ឈ្នះ គេបបួលមួយភូមិតែម្តង»។
ច្បាប់ភូមិបាលមាត្រា៧ ចែងថា របបកម្មសិទ្ធិលើអចលនទ្រព្យមុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង១៦គ្រួសារព្រមទទួលដំណោះស្រាយដីធ្លីពីសាលាក្រុង
- ពលរដ្ឋមានបញ្ហាដីធ្លីជាង៧០០គ្រួសារនៅកោះកុងស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍
- អ្នកមានជម្លោះដីនៅស្រុកមេមត់ស្នើឱ្យអាជ្ញាធរចាត់វិធានការរឿងដុតរោងចាំចម្ការ
- សហគមន៍ព្នងខេត្តមណ្ឌលគិរីថាព្រៃរាប់ពាន់ហិកតារត្រូវបានគេកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
- ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកំពង់ធំស្នើអាជ្ញាធរជួយដោះស្រាយជម្លោះឲ្យបានមុនចូលឆ្នាំ
- ពលរដ្ឋមានទំនាស់ដីធ្លី១៣កន្លែងទាមទារឲ្យសាលាខេត្តសៀមរាបពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
- អាជ្ញាធរខេត្តស្ទឹងត្រែងរងការរិះគន់ថាមិនដោះស្រាយជម្លោះដីធ្លីជូនជនជាតិដើមភាគតិច
- គណៈកម្មាធិការទី១ព្រឹទ្ធសភាសន្យាយកបណ្ដឹងពលរដ្ឋមានជម្លោះដីទៅជួបអាជ្ញាធរខេត្តត្បូងឃ្មុំ
- ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីបិទផ្លូវតវ៉ាទាមទារដំណោះស្រាយដីសម្បទានសង្គមកិច្ច