ដោយ សូត សុខប្រាថ្នា
2016-04-11
RFA

រូបចម្លាក់ធ្វើពីថ្មភក់ នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។ RFA/Saut Sokprathna
![]()
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាំគ្នាចាប់យកមុខរបរចម្លាក់ថ្ម ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគាត់ថា មុខរបរមួយនេះ វាមិនត្រឹមតែអាចធ្វើឲ្យអ្នកភូមិអាចរស់នៅជិតប្រពន្ធកូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបន្តស្នាដៃរបស់បុព្វបុរស ព្រមទាំងអាចបង្ហាញពីវប្បធម៌ជាតិខ្មែរបានទៀតផង។
នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា (៦A) ជិតដល់ទីរួមខេត្តកំពង់ធំ ប្រជាពលរដ្ឋនៅភូមិសំណាក ឃុំកកោះ ជាច្រើនគ្រួសារ នាំគ្នាចាប់យកមុខរបរចម្លាក់ថ្មភក់ ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់គ្រួសារជាច្រើនឆ្នាំមកហើយ ពីព្រោះមុខរបរនេះ អាចធ្វើឲ្យអ្នកភូមិរួចផុតពីការធ្វើចំណាកស្រុក។
ការប្រកបមុខរបរនេះ មិនត្រឹមតែជាមុខរបរដើម្បីស្វែងរកប្រាក់ចំណូលប៉ុណ្ណោះទេ តែជាមុខរបរដែលបន្សល់ទុកពីជីដូនជីតាជំនាន់មុន និងធ្វើឲ្យពួកគាត់ក្លាយជាអ្នកបន្តវេននូវស្នាដៃខ្មែរសម័យដើមពីរបៀបចម្លាក់ថ្មទាំងនោះថែមទៀត។
ប្រជាពលរដ្ឋនៅភូមិសំណាក លោក ទេព ធាន មានប្រសាសន៍ថា លោកចាប់យកមុខរបរចម្លាក់ថ្មជាង ១០ឆ្នាំមកហើយ។ លោកថា មុខរបរនេះមានចំណុចខ្លះពិបាក ប៉ុន្តែវាធ្វើឲ្យពួកគាត់អាចរកប្រាក់ចំណូលដោយមិនចាំបាច់ចំណាកស្រុក។ លោករីករាយនឹងចាប់យកមុខរបរនេះ ដ្បិតជាមុខរបរប្រចាំត្រកូលរបស់គ្រួសារ ម្យ៉ាងក៏ជាការរួមចំណែកថែរក្សាស្នាដៃបុព្វបុរសខ្មែរ ជាដើម៖ «បាទ! រាល់ថ្ងៃ ខ្ញុំពេញចិត្តនឹងមុខរបរហ្នឹងមែនទែន ព្រោះយើងមានបុព្វបុរសខ្មែរពីមុនមក»។
ចម្លាក់ថ្មដែលពលរដ្ឋឆ្លាក់ រួមមាន រូបព្រះពុទ្ធ រូបព្រះបាទជ័យវរ្ម័នទី៧ រូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត រូបព្រះនារាយណ៍ និងរូបសត្វមួយចំនួនផង។ ថ្មទាំងនោះជាប្រភេទថ្មភក់ ដែលពលរដ្ឋនាំគ្នាទិញ និងដឹកជញ្ជូនមកពីខេត្តព្រះវិហារ។ រូបទាំងនោះមានតម្លៃចន្លោះពី ១០ដុល្លាររហូតជាង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក អាស្រ័យទៅទំហំរូបសំណាកនីមួយៗ ហើយផលចំណេញក៏អាស្រ័យទៅលើទំហំរូបនីមួយៗដែរ។
«សំឡេងឆាបថ្ម»
ពលរដ្ឋមួយរូបទៀត លោក ហាយ ពេជ្រ ឲ្យដឹងថា មុខរបរចម្លាក់ថ្ម គឺរួមចំណែកបង្កើតការងារនៅក្នុងភូមិ–ស្រុក ដោយមិនចាំបាច់ទៅស្វែងរកការងារនៅក្រៅស្រុក។ លោកថា ដំបូងឡើយ មុខរបរនេះពិបាកបន្តិច ព្រោះត្រូវទៅដឹកជញ្ជូនថ្មពីខេត្តព្រះវិហារ ដោយខ្លួនឯង ប៉ុន្តែបច្ចុប្បន្ន ម្ចាស់ថ្មគេដឹកមកឲ្យដល់កន្លែងតែម្តង។ លោកបន្តថា ប្រសិនបើគ្មានមុខរបរនេះ គឺធ្វើឲ្យពលរដ្ឋមួយចំនួននៅក្នុងភូមិ ត្រូវចំណាកស្រុកជាក់ជាមិនខានឡើយ៖ «បាទ! ពិបាក ព្រោះនៅក្នុងភូមិនេះ ប្រសិនបើមិនធ្វើការងារនេះ នឹងត្រូវទៅថៃ ទាំងស្រីទាំងប្រុស។ បើគេស៊ូ គេនៅទីនេះ ប៉ុន្តែបើមិនស៊ូ គឺគេទៅធ្វើនៅប្រទេសថៃ»។
រូបចម្លាក់ថ្មនីមួយៗធ្វើទៅបាន គឺអាស្រ័យលើអតិថិជនតម្រូវឲ្យធ្វើ ឬកុម្ម៉ង់ ពីព្រោះពលរដ្ឋទាំងនោះមិនអាចធ្វើទុកបានទេ ពិសេសរូបសំណាកមានទំហំធំៗ។ រូបសំណាកទាំងឡាយ ត្រូវបានអតិថិជនទិញយកទៅដាក់នៅតាមវត្តអារាម រួមមាន ព្រះវិហារ ឬសាលាបុណ្យ ជាដើម។ ទោះបីជាមុខរបរមួយនេះជួយឲ្យម្ចាស់សិប្បកម្មមានប្រាក់ចំណូលក្នុងគ្រួសារក៏ដោយ ប៉ុន្តែពួកគេត្រូវចំណាយច្រើនគួរសមដែរ ដូចជាទិញថ្ម ជួលកម្មករ ហើយពេលខ្លះ ពួកគាត់អាចប្រឈមការខាតបង់ក៏មាន។ ចំណូលជាមធ្យមសម្រាប់ពលរដ្ឋទាំងនោះ អាចទទួលបានពីជាង ១លានរៀល ទៅ ២លានរៀល ហើយពេលខ្លះ ពួកគាត់ខ្វះដើមទុនដោយសារបង្វិលប្រាក់មិនទាន់ ដែលទាមទារឲ្យម្ចាស់សិប្បកម្មមួយចំនួន ខ្ចីបុលប្រាក់ឯកជន ឬគ្រឹះស្ថានហិរញ្ញវត្ថុ ជាដើម។
មេឃុំកកោះ លោក តែម ថន មានប្រសាសន៍ថា ក្នុងចំណោមភូមិទាំង១០ ក្នុងឃុំមួយនេះ គឺមានតែពលរដ្ឋនៅភូមិសំណាក ប្រមាណ ៣០គ្រួសារទេដែលនាំគ្នាប្រកបរបរចម្លាក់ថ្ម។ លោកបន្តថា មុខរបរចម្លាក់ថ្ម អាចផ្តល់ប្រាក់ចំណូលដល់អ្នកភូមិទាំងនោះ ប៉ុន្តែវាបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិខ្លះដែរ។ ឆ្លើយតបទៅនឹងផលប៉ះពាល់ទាំងនេះ អាជ្ញាធរមូលដ្ឋានបានណែនាំ និងរិះរកវិធីធ្វើយ៉ាងណា ប្រាប់ទៅអ្នកភូមិឲ្យជួយកាត់បន្ថយផលប៉ះពាល់ទាំងនោះ៖ «បើធ្វើទៅហើយ ត្រូវមានចម្ងាយ ១៥ម៉ែត្រពីថ្នល់ជាតិ។ ទីពីរ ត្រូវមានពាក់ម៉ាស់អីដើម្បីការងារខ្លួនឯង ឬកម្មករ។ ទីបី ត្រូវគិតពីអ្នកជិតខាងផង»។
ដោយឡែកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ លោក ប្លោក ចន្ទរដ្ឋា មានប្រសាសន៍នៅថ្ងៃទី៤ មេសា ថា លោកគាំទ្រមុខរបរចម្លាក់ថ្មរបស់ពលរដ្ឋទាំងនោះ ពីព្រោះអាចជួយបង្កើតការងារ ព្រមទាំងប្រាក់ចំណូលជូនអ្នកភូមិបាន។ ចំណែកផលប៉ះពាល់ខ្លះនោះ ខាងមន្ទីរ តែងអប់រំប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់តាមរយៈពាក់ម៉ាស់ ឬកន្សែង និងសម្លៀកបំពាក់ឲ្យបានត្រឹមត្រូវ៖ «ការងាររបស់គាត់ គឺល្អ អាចបង្កើនជីវភាព និងកាត់បន្ថយការចំណាកស្រុក»។
កម្មករចម្លាក់ថ្មនៅភូមិសំណាក លោក វ៉ន រុណ និយាយថា លោកសុខចិត្តធ្វើការងារនៅក្នុងស្រុកកំណើត ដោយមិនចង់ការងារចំណាកស្រុកឡើយ ពីព្រោះខ្លាចមិនមានប្រាក់ត្រឡប់មកស្រុកកំណើតវិញ។ លោកបញ្ជាក់ថា កន្លងទៅ លោកធ្លាប់ទៅធ្វើការងារនៅស្រុកថៃ ម្តងរួចហើយ ប៉ុន្តែចុងក្រោយ ថៅកែមិនបានបើកប្រាក់ខែជូន ទើបលោកសម្រេចមករកការងារធ្វើនៅក្នុងស្រុកកំណើត។
ជាមួយគ្នានេះ ម្ចាស់សិប្បកម្មចម្លាក់ថ្មភក់នៅភូមិសំណាក តាំងចិត្តថា នឹងបន្តមុខរបរ ព្រមទាំងស្នាដៃដូនតាខ្មែរមួយនេះតកូនតចៅរហូតទៅ ដរាបណាប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រស្នាដៃរបស់ពួកគាត់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកសេដ្ឋកិច្ចស្នើរដ្ឋាភិបាលពង្រឹងវិស័យកសិកម្មដើម្បីរក្សាកំណើនសេដ្ឋកិច្ច
- សហគមន៍កៅស៊ូអន្តរជាតិប្ដេជ្ញាចាត់វិធានការកាត់បន្ថយវិបត្តិធ្លាក់ថ្លៃកៅស៊ូ
- ក្រសួងពាណិជ្ជកម្មត្រូវការថវិកា៣០លានដុល្លារអនុវត្តគម្រោងពាណិជ្ជកម្មរយៈពេល៥ឆ្នាំ
- ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រោងនាំចេញផ្លែស្វាយកែវរមៀតជាង២០០តោនទៅកាន់ទីផ្សារអឺរ៉ុប
- អ្នកដឹកផ្លែឈើពីថៃមកកម្ពុជាតាមច្រកអន្តរជាតិដូងចោទមន្ត្រីគយប្រព្រឹត្តអំពើពុករលួយ
- ADB៖ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនក្នុងរង្វង់អត្រា៧%ក្នុងឆ្នាំ២០១៦-២០១៧
- ក្រុមហ៊ុន ម៉ុង ឬទ្ធី នឹងដាក់ដំណើរការរោងចក្រច្នៃកៅស៊ូក្រេបនៅខេត្តព្រះស៊ីហនុក្នុងខែមិថុនា
- ចិនផ្ដល់មូលនិធិ១០ប៊ីលានដុល្លារសម្រាប់ប្រទេសតាមដងទន្លេមេគង្គ
- ចិនសន្យាតម្កល់មូលនិធិមួយចំនួនដើម្បីជួយអភិវឌ្ឍប្រទេសតាមដងទន្លេមេគង្គ
