ដោយ សូត សុខប្រាថ្នា
2016-04-11
RFA

ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំ ប្រជុំបណ្ដាញនៅទីស្នាក់ការសមាគមអាដហុក (ADHOC) ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ RFA/Saut Sokprathna
![]()
ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំ នឹងឡើងទៅដាក់ញត្តិនៅរាជធានីភ្នំពេញ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ ពលរដ្ឋបញ្ជាក់ថា ដោយសារអាជ្ញាធរខេត្ត នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ទើបបណ្ដាលឲ្យពួកគាត់ បង្ខំចិត្តត្រូវតែនាំគ្នាឡើងសុំកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិពាក់ព័ន្ធតែម្ដង។
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង លោក សែម សាង ឲ្យដឹងថា ពលរដ្ឋជាច្រើនសហគមន៍ដែលរងគ្រោះដោយសារការបាត់បង់ព្រៃសហគមន៍ជាង ៥ពាន់ហិកតារ នឹងទៅយកញត្តិទៅដាក់ស្ថាប័នជាតិធំៗ រួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។
លោកបន្តថា គោលបំណងពលរដ្ឋឡើងទៅសុំកិច្ចអន្តរាគមន៍ពីស្ថាប័នកំពូលៗរបស់ជាតិ គឺចង់ទាមទារឲ្យរាជរដ្ឋាភិបាល រក្សាដីសហគមន៍ទាំងនោះជាសម្បត្តិរួមវិញ ព្រមទាំងដោះស្រាយជម្លោះដីធ្លីរបស់ប្រជាសហគមន៍នៅតំបន់ផ្សេងៗទៀត៖ «ពាក្យបណ្ដឹងដែលដាក់ទៅទាំងអស់ហ្នឹង ដូចអត់មានដោះស្រាយជូនពលរដ្ឋផង មានតែឃាត់ប្រជាពលរដ្ឋថែម ទុកឲ្យក្រុមហ៊ុនចិន ចូលឈូសឆាយ»។
អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា យល់ថា ការដែលពលរដ្ឋឡើងទៅសុំកិច្ចអន្តរាគមន៍ គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែលោកថា ប្រសិនបើប្រជាសហគមន៍អត់ធ្មត់ជាងនេះ គឺជាការប្រសើរ ពីព្រោះអាជ្ញាធរខេត្តកំពុងពិនិត្យលទ្ធភាពដោះស្រាយបញ្ហាទាំងនោះជាជំហានៗ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ មើលឃើញថា មូលហេតុជំរុញឲ្យពលរដ្ឋឡើងទៅសុំកិច្ចអន្តរាគមន៍ពីថ្នាក់ជាតិ គឺបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាទាំងនោះ ហើយវាបណ្ដាលឲ្យប៉ះពាល់មុខមាត់របស់ខេត្តទៀតផង។ លោកបន្តថា ដើម្បីជៀសវាងមិនឲ្យប៉ះពាល់ដល់មុខមាត់របស់ខេត្តទាំងមូល អាជ្ញាធរត្រូវដោះស្រាយបញ្ហាទាំងនោះជូនពលរដ្ឋ ជាជាងការដោះសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តរតនគិរីអំពាវនាវសហគមន៍ជនជាតិដើមភាគតិចឈប់កាប់ឆ្ការដីចម្ការកាហ្វេឯកជន
- ពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង១៦គ្រួសារព្រមទទួលដំណោះស្រាយដីធ្លីពីសាលាក្រុង
- ពលរដ្ឋមានបញ្ហាដីធ្លីជាង៧០០គ្រួសារនៅកោះកុងស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍
- អ្នកមានជម្លោះដីនៅស្រុកមេមត់ស្នើឱ្យអាជ្ញាធរចាត់វិធានការរឿងដុតរោងចាំចម្ការ
- សហគមន៍ព្នងខេត្តមណ្ឌលគិរីថាព្រៃរាប់ពាន់ហិកតារត្រូវបានគេកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
- ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកំពង់ធំស្នើអាជ្ញាធរជួយដោះស្រាយជម្លោះឲ្យបានមុនចូលឆ្នាំ
- ពលរដ្ឋមានទំនាស់ដីធ្លី១៣កន្លែងទាមទារឲ្យសាលាខេត្តសៀមរាបពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
- អាជ្ញាធរខេត្តស្ទឹងត្រែងរងការរិះគន់ថាមិនដោះស្រាយជម្លោះដីធ្លីជូនជនជាតិដើមភាគតិច
- គណៈកម្មាធិការទី១ព្រឹទ្ធសភាសន្យាយកបណ្ដឹងពលរដ្ឋមានជម្លោះដីទៅជួបអាជ្ញាធរខេត្តត្បូងឃ្មុំ