
លោក សួស្តិ៍ សុដាវី កញ្ញា ឆន ឌីណា និងលោក ឈឹម សុធី ជាវិចិត្រករខ្មែរឆ្នើមទាំងបីតំណាងឲ្យកម្ពុជា។ ហុង មិនា
Mon, 11 April 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ វិចិត្រករឆ្នើម តំណាងឲ្យកម្ពុជាបីរូបទទួលបានពានរង្វាន់ពីកម្មវិធី The CMLTV Contemporary Art Awards 2016 ដែលរៀបចំលើកដំបូង នៅ ឯប្រទេសថៃ ដោយមានសមាជិកនៃប្រទេសអាស៊ានប្រាំចូលរួមគឺ កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម និងវិចិត្រករជាតំណាងឲ្យប្រទេសចំនួន ១៥ រូប។
លោក សួស្តិ៍ សុដាវី បានពានរង្វាន់ Venerable Artist Award ចំណែកលោក ឈឺម សុធី បានពានរង្វាន់ Honored Artist Award ខណៈកញ្ញា ឆន ឌីណា ទទួលបានពានរង្វាន់ Young Artist Award កាលពីថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ ២០១៦កន្លងមក។នេះជាកម្មវិធីលើកដំបូង រៀបចំដោយសាកលវិទ្យាល័យមហោសារាខាំ ខេត្តមហាសាខាំ ក្នុងគោលបំណង សិក្សាស្វែងយល់ពីអំពីសិល្បៈសហសម័យរបស់ប្រទេសជាសមាជិកអាស៊ានទាំងប្រាំ។
ថ្លែងដោយក្តីរំភើបឥតឧបមា និងស្មានមិនដល់បន្ទាប់ពីទទួលពានរង្វាន់ ខណៈវិចិត្រករវ័យ ៦០ ឆ្នាំ លោក សុដាវី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ឮដំណឹងដំបូងនោះ ដូចជាមិនសូវមានអារម្មណ៍ប្លែកអ្វីឡើយព្រោះថាខ្លួនធ្លាប់ទទួលច្រើនហើយដែរ។ តែកម្មវិធីនេះ ខ្ញុំយល់ថាខ្លួនហាក់ដូចជាបានទទួលការយកចិត្តទុកខ្លាំងជាងពេលណាៗទាំងអស់ ដោយសារការទទួលរាក់ទាក់ និងឲ្យតម្លៃលើអាជីពវិចិត្រករនេះខ្លាំងណាស់ ហើយខ្ញុំក៏រំភើបចិត្តដែរពេលនេះ»។

ពានរង្វាន់នៃកម្មវិធី CMLTV Contemporary Art Awards 2016។ ហុង មិនា
កញ្ញា ឆន ឌីណា ក៏ប្រាប់ពីអារម្មណ៍ និងផ្ញើសារជាកម្លាំងចិត្តដល់វិចិត្រករជំនាន់ក្រោយៗដែរថា៖ «នាងខ្ញុំសប្បាយចិត្តណាស់ចំពោះការខិតខំប្រឹងរបស់ខ្លួនរហូតដល់បានសម្រេចដូចជាទទួលបាននូវសមិទ្ធផលនាពេលនេះអ៊ីចឹង ព្រោះនាងខ្ញុំស្រឡាញ់អាជីពនេះ»។
ក៏ប៉ុន្តែនៅក្នុងសង្គមខ្មែរ ការលើកទឹកចិត្ដដល់វិចិត្រករ ដូចជាពុំមានការយកចិត្តទុកដាក់ឡើយពីសំណាក់ថ្នាក់លើ ឬក៏ក្រសួងពាក់ព័ន្ធនានា បន្ទាប់ពួកគេបានរៀបចំជំនាញចប់ហើយ បើមិនចេះរស់ដោយខ្លួនឯងនោះទេគឺពិតជាពិបាករំពឹងណាស់ ព្រោះបើមានស្នាដៃច្រើន បែរជាគ្មានកន្លែងដាក់តាំងពិព័រណ៍ ហើយបើមានវិញ គ្រាន់តែជាកន្លែងតូចចង្អៀត ឬក៏ផ្ញើខ្លួននៅតាមបន្ទប់សណ្ឋាគារ ឬអាហារដ្ឋានណាមួយតែប៉ុណ្ណោះ។
ជាក់ស្តែង បើទោះបីជាខ្លួនទទួលបានពានរង្វាន់ជាកិត្តិយសតំណាងខ្មែរក្តី ក៏លោក ឈឹម សុធី វិចិត្រករវ័យ ៤៩ ឆ្នាំ ហាក់ដូចមិនសូវសប្បាយចិត្តខ្លាំងឡើយ ដោយលោកមានសំណូមពរថា៖ «ពេលបានឃើញវិចិត្រសាលនៅឯសាកលវិទ្យាល័យមហាសារាខាំពេលទទួលពាននោះ ខ្ញុំយល់ថាទីនេះ អាចក្លាយជាសាលាផ្នែកសិល្បៈវិចិត្រកម្មបានព្រោះមានកន្លែងដ៏ធំសម្រាប់ដាក់បង្ហាញតែផ្នែកស្នាដៃរបស់វិចិត្រករប៉ុណ្ណោះ។ ប្រសិនបើអាច ខ្ញុំសូមឲ្យខាងខ្មែរយើងមានកន្លែងបែបនេះដែរនាពេលខាងមុខ»៕