អ្នក​សេដ្ឋកិច្ច​ស្នើ​រដ្ឋាភិបាល​ពង្រឹង​វិស័យ​កសិកម្ម​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច

ដោយ សាន សែល
2016-04-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

:

លី សូដេត ២០១៦ ៨៥៥
សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក (World Bank) លោក លី សូដេត បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ RFA/San Sel


អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក (World Bank) ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ផលិតភាព​ផលិតផល​កសិកម្ម​បន្ថែម​ទៀត ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ។ ធនាគារ​ពិភពលោក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៦ បន្ត​រឹងមាំ​ក្នុង​អត្រា ៦,%

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ធ្លាក់​ចុះ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​មាន​កំណើន​ក្នុង​អត្រា ៧%។ ការ​ប្រែប្រួល​បន្តិច​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិបទ​សេដ្ឋកិច្ច​សកល​កំពុង​ប្រឈម​នេះ ត្រូវ​បាន​ធនាគារ​ពិភពលោក អង្កេត​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​កសិកម្ម ការ​នាំ​ចេញ​សម្លៀកបំពាក់​មាន​ដែន​កំណត់ និង​ការ​ធ្លាក់​ចុះ​កំណើន​នៃ​វិស័យ​ទេសចរណ៍។

របាយការណ៍ «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក» សរសេរ​ថា វិស័យ​ឧស្សាហកម្ម ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែក​ជើង នឹង​នៅ​រក្សា​កំណើន​បាន​រឹងមាំ តែ​ធ្លាក់​ចុះ​បន្តិច ខណៈ​សេដ្ឋកិច្ច​អឺរ៉ុប និង​អាមេរិក ដែល​ជា​ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា រង​ការ​រង្គោះរង្គើ។ រីឯ​វិស័យ​សេវាកម្ម នឹង​ដាំ​ក្បាល​ចុះ​បន្តិច​នៅ​ឆ្នាំ​២០១៦ បណ្ដាល​មក​ការ​ថមថយ​នៃ​ផ្នែក​ទេសចរណ៍ ដែល​មួយ​ផ្នែក​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់​ចុះ​ចំនួន​ទេសចរ​ចិន។ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​សាយភាយ​ដល់​លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បណ្ដាល​ឲ្យ​មាន​សភាព​យឺតយ៉ាវ​ក្នុង​រយៈពេល​មធ្យម។

ចំណែក​វិស័យ​កសិកម្ម​វិញ នឹង​រួម​ចំណែក​តិចតួច​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៦ ដោយសារ​ទិន្នផល​កសិកម្ម​ធ្លាក់​ចុះ រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត ក្រោម​ឥទ្ធិពល​បាតុភូត​ធម្មជាតិ អែល នីណូ (El Nino)

ទោះ​បី​ជា​យ៉ាង​ណា សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក លោក លី សូដេត ទទូច​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត រក​វិធីសាស្ត្រ​ធ្វើ​សកម្មភាព ដើម្បី​ជួយ​ដល់​កសិករ​បង្កើន​ទិន្នផល​កសិកម្ម៖ «កសិកម្ម​ត្រូវ​តែ​ពង្រឹង។ កសិកម្ម​យើង​ពឹង​ផ្អែក​លើ​ធាតុ​អាកាស ហើយ​ប៉ុន្មាន​ឆ្នាំ​នេះ មិន​មែន​តែ​កម្ពុជា ទេ គឺ​ប្រទេស​ទាំងអស់ ជួប​ការ​លំបាក ទឹក​ខ្វះ​ជាង​មុន ភ្លៀង​មិន​បាន​ជាប់លាប់។ ចឹង​ផលិតផល​កសិកម្ម​ពឹង​លើ​ភ្លៀង ជួប​ការ​លំបាក។ យើង​ត្រូវ​ពង្រឹង​កសិកម្ម​ថែម​ទៀត ដើម្បី​កុំ​ពឹង​តែ​ពី​ខាង​ក្រៅ។ ឥឡូវ​យើង​ពឹង​ផ្អែក​លើ​ខាង​ក្រៅ»

សេដ្ឋកិច្ច​កម្ពុជា នៅ​បន្ត​មាន​សុខភាព​មាំមួន​សម្រាប់​ឆ្នាំ​២០១៦ ដោយសារ​ការ​ចូលរួម​ការ​បង្កើន​ការ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល ទៅ​លើ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ ដែល​នឹង​បង្កើន​តម្រូវ​ការ​ក្នុង​ស្រុក។

ទិន្នន័យ​របស់​ធនាគារ​ពិភពលោក បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ដើរ​ចូល​ទីផ្សារ​ការងារ​ផ្នែក​ឧស្សាហកម្ម ខណៈ​កម្លាំង​ការងារ​ផ្នែក​នេះ នៅ​មិន​ទាន់​មាន​ជំនាញ​គ្រប់គ្រាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ។

សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក លោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន (Miguel Eduardo Sanchez Martin) ផ្តល់​យោបល់​ថា រដ្ឋាភិបាល​គួរ​បង្កើន​ខ្ទង់​ថវិកា​ជាតិ​ទៅ​លើ​វិស័យ​អប់រំ ពិសេស​ផ្នែក​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ។

បើ​ក្រឡេក​មើល​វិស័យ​ហិរញ្ញវត្ថុ​វិញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ កំពុង​រីក​ដុះដាល និង​មាន​សកម្មភាព​ជា​សញ្ញា​វិជ្ជមាន។

ទោះ​បី​ជា​យ៉ាង​ណា សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក លោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន ព្រមាន​ពី​ហានិភ័យ​នៃ​វិស័យ​មួយ​នេះ។ លោក​ថា ចំណាត់​ការ​របស់​ធនាគារ​ជាតិ​កម្ពុជា ដែល​ចេញ​សេចក្តី​ប្រកាស ទាមទារ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដាក់​ប្រាក់​តម្កល់​បន្ថែម​ទ្វេ​ដង ជា​មធ្យោបាយ​មួយ​ល្អ។ លោក​ក៏​ស្នើ​ឲ្យ​មាន​យុទ្ធនាការ​អប់រំ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​ទូលំទូលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles