ដោយ ចេង ម៉េងជូ
2016-05-15
RFA

ពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់មុខក្រសួងយុត្តិធម៌ នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១។ Photo: RFA
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី១៥ ឧសភា ថា ក្រសួងទាំងពីរមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីសំណើឲ្យទម្លាក់ការចោទប្រកាន់លើលោក សឺន សាលី ជាមន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (អ.ស.ប) នៅឡើយ។
ចំណែកអង្គការសហប្រជាជាតិ បន្តសន្និដ្ឋានថា តុលាការបានបញ្ឈប់ការចោទប្រកាន់លើមន្ត្រីរបស់ខ្លួនពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមបណ្ដឹងរបស់អ្នកនាង ខុម ចាន់តារាទី ហើយ ក្រោយពីស្ថាប័ននេះទទួលបានការឆ្លើយតបពីក្រសួងការបរទេស បញ្ជាក់ថា លោក សឺន សាលី ត្រូវបានការពារដោយអភ័យឯកសិទ្ធិ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា ក្រសួងយុត្តិធម៌ ទទួលបានព័ត៌មានស្ដីពីសំណើរបស់ក្រសួងការបរទេសកម្ពុជា តែតាមរយៈការផ្សព្វផ្សាយរបស់សារព័ត៌មានប៉ុណ្ណោះ។ លោកថា នៅពេលទទួលបានដំណឹងផ្លូវការពីក្រសួងការបរទេស ក្រសួងយុត្តិធម៌ នឹងបញ្ជូនលិខិតនោះទៅតុលាការដើម្បីបន្តនីតិវិធី៖ «យើងរង់ចាំការផ្ដល់ព័ត៌មាន ឬក៏ការជូនលិខិតជាផ្លូវការណាមួយ ដើម្បីបញ្ជាក់លើបញ្ហានេះ ហើយមែនទែនទៅជាសមត្ថកិច្ចរបស់តុលាការទេ ក្រោយពីគាត់ទទួលនូវព័ត៌មាន ឬការកំណត់បង្ហាញជាផ្លូវការណាមួយទៅ គាត់នឹងពិនិត្យទៅលើនីតិវិធីច្បាប់ ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងដែលមានជាធរមាន»។
ភាពមិនច្បាស់លាស់នេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថាក្រសួងនេះនឹងជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យដោះស្រាយករណីលោក សឺន សាលី ស្របតាមអនុសញ្ញាឆ្នាំ១៩៤៦ ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃអង្គការសហប្រជាជាតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី និងរដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ បានទេ នៅថ្ងៃទី១៥ ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារលោកមេឃុំ ស៊ាង ចែត ត្អូញត្អែរថាជួបការលំបាកក្នុងជីវភាពបន្ទាប់ពីមេឃុំត្រូវឃុំខ្លួន
- គ.ជ.បនឹងជ្រើសរើសអគ្គលេខាធិការរងថ្មីបើតុលាការរកឃើញថាលោក នី ចរិយា មានទោស
- គ្រួសារនិងមេធាវីគ្រោងស្នើសុំធានាឲ្យលោក ស៊ាង ចែត នៅក្រៅឃុំ
- លោក កឹម សុខា ថាការយករឿងផ្ទាល់ខ្លួនរបស់លោកបង្ហាញជាសាធារណៈជារឿងនយោបាយ
- អ្នកច្បាប់ថាលោក កឹម សុខា មិនចូលបំភ្លឺនៅតុលាការជារឿងត្រឹមត្រូវ
- គណៈកម្មការអ្នកច្បាប់អន្តរជាតិទទូចឲ្យកម្ពុជាឈប់ធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស
- សង្គមស៊ីវិលបញ្ជាក់ជាថ្មីថាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនឹងប្រព្រឹត្តទៅតាមគម្រោង
- ពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនចាប់ផ្ដើមប្រុងប្រយ័ត្នក្នុងការសន្ទនាតាមទូរស័ព្ទ
- ក្រុមយុវជនបន្តទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងអាស្រូវស្នេហាដល់ខេត្តកំពង់ធំ
- សហភាពអឺរ៉ុបអំពាវនាវឲ្យមានការដោះលែងសង្គមស៊ីវិលដែលកំពុងឃាត់ខ្លួន