ដោយ ខែ សុណង
2016-05-16
RFA

២២-មីនា-២០១៦៖ បដាមូលនិធិទ្រទ្រង់ទូរទស្សន៍ព្រះអាទិត្យ ត្រូវបានគេចងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ឋិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ RFA/Morm Moniroth
![]()
មន្ត្រីគណបក្សសង្គ្រោះជាតិ មិនបោះបង់គោលជំហររបស់ខ្លួនក្នុងការស្វែងរកទីតាំងលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ ឬសាន់ធីវី (SUN TV) នោះទេ។ ការបន្តស្វែងរកទីតាំងថ្មីនេះ បន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាល មិនអនុញ្ញាតឲ្យគណបក្សនេះលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ តាមការស្នើសុំរបស់បក្សប្រឆាំងឡើយ ក្រោមហេតុផលថា មានការតវ៉ាពីប្រជាពលរដ្ឋ ២១នាក់។
មន្ត្រីគណបក្សសង្គ្រោះជាតិ បានសម្លឹងឃើញទីតាំងថ្មីដើម្បីលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ ហើយត្រៀមនឹងដាក់ទៅប្រជុំពិភាក្សាសម្រេចនៅក្នុងថ្នាក់ដឹកនាំគណបក្ស។
អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍នៅថ្ងៃទី១៦ ឧសភា ថា គណបក្សនៅមិនទាន់សម្រេចថាយកទីតាំងថ្មីក្នុងទឹកដីខេត្តកណ្ដាល នោះនៅឡើយទេ ដោយរង់ចាំការសម្រេចពីគណៈកម្មការគណបក្សសិន។ លោកថា ទីតាំងថ្មីនេះអាចអំណោយផលល្អជាងទីតាំងចាស់ ដែលអាជ្ញាធរអះអាងថា ពលរដ្ឋរស់នៅក្បែរនោះមិនពេញចិត្តខ្លាចប៉ះពាល់សុខុមាលភាព៖ «ខ្ញុំជាមួយនឹងលោក យ៉ែម បុញ្ញឫទ្ធិ ទៅពិនិត្យមើលទីតាំងហ្នឹង ប៉ុន្តែគ្រាន់តែថាទីតាំងថ្មីហ្នឹង គឺវាសមរម្យ។ យើងអាចទទួលយកបាន។ យើងត្រូវតែរកទីតាំងផ្សេងដើម្បីឲ្យទូរទស្សន៍សង្គ្រោះជាតិ អាចដំឡើងអង់តែនបានអាចដំណើរការបាន»។
ឆ្លើយតបបញ្ហានេះ អភិបាលក្រុងតាខ្មៅ លោក ហេង ធៀម មានប្រសាសន៍ថា អាជ្ញាធរមិនយល់ទាស់ទេ ប្រសិនបើទីតាំងថ្មីដែលគណបក្សជ្រើសរើស គ្មានការតវ៉ា ឬការជំទាស់លើបញ្ហាអ្វីមួយនោះ៖ «ប្រសិនបើទីនោះជាដីវាល មិនមានការប៉ះពាល់ ឬមិនមានការតវ៉ាពីប្រជាពលរដ្ឋទេ អាជ្ញាធរមូលដ្ឋានយើងនឹងពិនិត្យ ហើយនឹងរៀបចំតាមនីតិវិធីជូន»។
កាលពីចុងខែមេសា សាលាខេត្តកណ្ដាល បានជូនដំណឹងឲ្យគណបក្សសង្គ្រោះជាតិ ស្វែងរកទីតាំងថ្មីដែលនៅឆ្ងាយពីទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរខេត្តនេះមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ លើកអង់តែនទូរទស្សន៍ព្រះអាទិត្យ (SUN TV) នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ក្រោមហេតុផលថា មានការតវ៉ាជំទាស់ពីប្រជាពលរដ្ឋ ២១នាក់។
ចំណែកគណបក្សនេះចាត់ទុកថា ការបដិសេធនោះ គឺជារឿងនយោបាយច្រើនជាង។ ប៉ុន្តែអភិបាលក្រុងតាខ្មៅ ពន្យល់ថា ការមិនអនុញ្ញាតនេះ មិនជាប់ពាក់ព័ន្ធជាមួយបញ្ហានយោបាយឡើយ។ ផ្ទុយទៅវិញ គឺដោយសារមានប្រជាពលរដ្ឋ ២១នាក់ បានផ្ដិតមេដៃតវ៉ាមិនអនុញ្ញាតឲ្យមានការសាងសង់អង់តែនទូរទស្សន៍នៅទីនោះ ខ្លាចសាយភាយវិទ្យុសកម្មនាំឲ្យប៉ះពាល់សុខភាពពួកគាត់។
គណបក្សសង្គ្រោះជាតិ គ្រោងចាប់ផ្ដើមដំណើរការទូរទស្សន៍ព្រះអាទិត្យ នៅដើមឆ្នាំ២០១៦ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ក៏ប៉ុន្តែគម្រោងនេះ ត្រូវបានពន្យារពេលជិតកន្លះឆ្នាំ ខណៈដំណើរការស្នើសុំសាងសង់អង់តែនទូរទស្សន៍កំពុងជាប់គាំង។
មកដល់ពេលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សមានថវិកាគ្រប់គ្រាន់ហើយដើម្បីទិញអង់តែន និងដំណើរការសាងសង់ស្ថានីយទូរទស្សន៍ តែសំខាន់នោះ គឺរង់ចាំតែចម្លើយបើកផ្លូវច្បាប់ពីអាជ្ញាធរខេត្តកណ្ដាល តែប៉ុណ្ណោះ។
គម្រោងបង្កើតស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ត្រូវប្រើថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ មកទល់ពេលនេះ ថវិកាដែលទទួលបានពីការបរិច្ចាគរបស់សាធារណជន មានចំនួនជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកណ្ដាលនៅតែមិនអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិលើកអង់តែនទូរទស្សន៍
- អាជ្ញាធរថាកំពុងសិក្សាពីការតវ៉ារបស់ពលរដ្ឋករណីគម្រោងសង់អង់តែនទូរទស្សន៍ព្រះអាទិត្យ
- មន្ត្រីបក្សសង្គ្រោះជាតិចោទអាជ្ញាធរខេត្តកណ្ដាលថាធ្វើឲ្យរាំងស្ទះការដំឡើងស្ថានីយទូរទស្សន៍
- មន្ត្រីបក្សប្រឆាំងថាទូរទស្សន៍ព្រះអាទិត្យអាចនឹងបានសិទ្ធិកាន់កាប់ដីក្នុងពេល១៤ថ្ងៃទៀត
- មន្ត្រីបក្សប្រឆាំងថាទូរទស្សន៍ព្រះអាទិត្យនឹងដំណើរការបាននៅដើមឆ្នាំ២០១៦
- បក្សសង្គ្រោះជាតិសម្រេចទិញដីដំឡើងអង់តែននិងសង់ស្ថានីយទូរទស្សន៍
- មន្ត្រីបក្សប្រឆាំងខេត្តកំពង់ចាមស្នើអាជ្ញាធរជួយរកអ្នកចង់ទាមទារប្រាក់មូលនិធិទូរទស្សន៍
All TVs in Phnom Penh under control by CPP like BAYON TV, CTN 2 TVs, SEA TV , TV 3 , TV 5 , TV 11 , PNN TV , TVK TV etc… have more than 2 millions people live around all those TVs.
How come all those people can not complain about radio-reactor kill ?…
Only 21 people complaint or CPP politic to prohibit CNRP to build the SUN TV?…
The governor of KANDAL province answers two question on the above……………
BAYON and CTN and another TV every saturday and sunday have a lot of people to see Boxing inside the station and happy , they are not feeling bad from REACTOR kill like 21 people in DERM MIEN village . 21people are stupid like SREY CAMREUN and THY SOVANTHA ….Lol.
SREY CHAMREUN & THY SOVANTHA marry to be a bad family soon.