ដោយ ហង្ស សាវយុត
2016-05-16
RFA

ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលត្រូវខ្យល់ព្យុះបក់បំផ្លាញ ឋិតនៅភូមិគំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។ RFA/Hang Savyouth
![]()
មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានចំនួន ៥ស្រុកផ្សេងទៀត កំពុងមមាញឹកយ៉ាងខ្លាំងលើការចុះស្រង់ស្ថិតិផ្ទះសម្បែង និងការប៉ះពាល់នានាដែលបណ្ដាលមកពីខ្យល់កន្ត្រាក់ ដើម្បីឲ្យច្បាស់ថា តើទំហំនៃការខូចខាតចំនួនប៉ុណ្ណា?
កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ ខ្យល់កន្ត្រាក់ដែលលាយឡំជាមួយភ្លៀង និងរន្ទះបាញ់ផង បានគ្របដណ្ដប់ទៅលើស្រុកចំនួន៥ និងក្រុងចំនួន១ របស់ខេត្តសៀមរាប ដូចជាស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកអង្គរជុំ និងស្រុកពួក។
មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឲ្យដឹងថា ថ្វីត្បិតតែរយៈពេលពីរថ្ងៃមកនេះគេមិនទាន់បានដឹងតួលេខនៃការខូចខាតដោយសារខ្យល់កន្ត្រាក់ទំហំប៉ុណ្ណាច្បាស់លាស់ក៏ដោយ ក៏យ៉ាងហោចណាស់ថាមានប្រជាពលរដ្ឋចំនួនជាង ៥៧០គ្រួសារនៅស្រុកពួក ចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប បានរងការប៉ះពាល់។
កាលពីថ្ងៃទី១៣ ខែឧសភា ខ្យល់កន្ត្រាក់ដែលបោកបក់ខ្លាំងលាយឡំជាមួយទឹកភ្លៀង បានបំផ្លាញផ្ទះសម្បែងច្រើនរយខ្នង ព្រមទាំងបង្កឲ្យអ្នកភូមិខ្លះរងរបួស និងសត្វចិញ្ចឹមមួយចំនួនត្រូវរន្ទះបាញ់ងាប់។
ប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប គឺលោក ស៊ុំ សំអន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ថា រហូតមកដល់ពេលនេះ រូបលោកនៅមិនទាន់បានទទួលតួលេខនៃការខូចខាតដោយសារខ្យល់កន្ត្រាក់នោះឲ្យបានច្បាស់លាស់នៅឡើយទេ។ មន្ត្រីដដែលបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប គ្រាន់តែបានទទួលតួលេខបឋមនៅស្រុកពួក ថាមានប្រជាពលរដ្ឋចំនួន ៥៧៤គ្រួសារ បានរងការប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នោះ ហើយកាកបាទក្រហម ក៏ទៅកាន់ទីនោះដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់៖ «យើងបានចូលរួមផ្ដល់អំណោយមនុស្សធម៌ដល់បងប្អូនរងគ្រោះ ក្នុងនោះក៏មានអ្នកស្លាប់ដោយសាររន្ទះបាញ់កាលពីសប្ដាហ៍មុនដែរ»។
អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា កន្លងទៅ ខ្យល់កន្ត្រាក់បានបក់បោកខ្លាំងប៉ះចំឃុំចំនួន៦ របស់ស្រុកពួក មានឃុំខ្នាត ឃុំសំរោងយា ឃុំពួក ឃុំរើល ឃុំល្វា ឃុំសសរស្ដម្ភ និងឃុំយាង។ មហន្តរាយធម្មជាតិនេះ បានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងអគាររដ្ឋាភិបាលអស់ចំនួនជាង ៣៨០ខ្នង ហើយបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៦នាក់រងរបួស ប៉ុន្តែមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិតទេ៖ «ក្នុងនោះដែរខូចខាតធ្ងន់នៅក្នុងឃុំចំនួន៥ មានរលំផ្ទះចំនួន ៦០ខ្នង ប៉ើងដំបូល ៣២០ខ្នង មានដំបូលសាលាស្រុកពួក និងសាលាមួយខ្នងដែរ»។
ស្ត្រីវ័យក្មេងឈ្មោះ ជន សុជាតា នៅភូមិគំរូ ឃុំល្វា នៃស្រុកពួក មានប្រសាសន៍ថា រូបនាង និងក្រុមគ្រួសារ បានខូចខាតផ្ទះចំនួន ៣កន្លែងនៅជាប់ៗគ្នា ព្រមទាំងខូចខាតសម្ភារៈប្រើប្រាស់ជាច្រើនទៀតដោយសារផ្ទះរលំសង្កត់។ នេះ គឺជាហេតុការណ៍លើកដំបូងដែលនាងបានជួបប្រទះក្នុងជីវិត និងធ្វើឲ្យរូបនាងភ័យរន្ធត់៖ «ប្រហែលជា ១០នាទីខ្យល់ហ្នឹងបក់លឿន។ មួយវឹបមកដូចកួចតែម្ដង ហើយនាំមកនូវដុំពពកខ្មៅ»។
ស្ត្រីអ្នកភូមិគំរូ ម្នាក់ទៀតឈ្មោះ ឆាយ សារ៉ន មានប្រសាសន៍ថា ខ្យល់កន្ត្រាក់ក្រៅពីបំផ្លាញផ្ទះធ្វើពីឈើរបស់គាត់មួយខ្នង ក៏ធ្វើឲ្យសម្ភារៈប្រើប្រាស់កសិកម្មជាច្រើនទៀតដែលនៅក្រោមផ្ទះ បាក់បែកខូចខាត ហើយបើសរុបជាទឹកប្រាក់ប្រហែលជាង ១ម៉ឺនដុល្លារអាមេរិក៖ «ច្រើនដែរមានគោយន្ត ២គ្រឿង ម៉ាស៊ីនបោកស្រូវ ត្រូវផ្ទះរលំសង្កត់ ព្រមទាំងសម្ភារៈលើផ្ទះដូចជាទូជាដើម»។
ទោះបីជាយ៉ាងណា អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ លោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា រហូតមកដល់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា រូបលោកនៅមិនទាន់ទទួលបានតួលេខច្បាស់លាស់ ជុំវិញការខូចខាតដោយសារតែខ្យល់កន្ត្រាក់នៅឡើយទេ៖ «ខ្ញុំក្ដាប់អត់បាននៅឡើយ រវល់តែនៅលានជល់ដំរី រឿងរៀបចំធ្វើកន្លែងប្រារព្ធពិធីច្រត់ព្រះនង្គ័ល»។
តួលេខបឋមរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផង ឲ្យដឹងថា ខ្យល់កន្ត្រាក់ដែលបោកបក់ខ្លាំងកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា កន្លងទៅ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ អគាររបស់រដ្ឋ ព្រមទាំងសាលារៀនអស់ចំនួនជាង ៦៥០ខ្នង។ តាមតួលេខដែលផ្ដល់ឲ្យដោយមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មួយរូបបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងទៅលើស្រុកចំនួន៥ និងក្រុងមួយរបស់ខេត្តសៀមរាប ដូចជាស្រុកជីក្រែង បានខូចខាតផ្ទះអស់ចំនួន ២៣ខ្នង សាលារៀនអស់ ២ខ្នង ព្រមទាំងរន្ទះបាញ់ងាប់គោ ១ក្បាល។ នៅស្រុកសូទ្រនិគម មានប៉ះពាល់តិចតួច នៅស្រុកប្រាសាទបាគង ខ្យល់បំផ្លាញដំបូលសាលារៀនអស់ ៣ខ្នង នៅក្រុងសៀមរាប ខ្យល់បក់រលំដើមឈើនៅក្នុងតំបន់ឧទ្យានអង្គរ នៅស្រុកអង្គរជុំ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥៦ខ្នង និងនៅស្រុកពួក តួលេខប៉ះពាល់មានច្រើនជាងគេ គឺផ្ទះពលរដ្ឋ និងអគាររបស់រដ្ឋជាង ៣៨០ខ្នងបានខូចខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខ្យល់កន្ត្រាក់បោកបក់ផ្ទះអ្នកភូមិនិងអគាររដ្ឋនៅស្រុកពួកអស់ជិត៤០០ខ្នង
- ពលរដ្ឋនៅស្ទឹងត្រែងបារម្ភពីគ្រោះធម្មជាតិក្រោយមនុស្សស្លាប់និងរបួសដោយសាររន្ទះបាញ់
- អ្នកជំនាញណែនាំពីវិធីការពារខ្លួនដើម្បីឲ្យជៀសផុតពីរន្ទះ
- ពលរដ្ឋជាង៦០០គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅខេត្តកំពង់ចាម
- មនុស្សពីរស្លាប់ដោយខ្យល់កន្ត្រាក់នៅខេត្តក្រចេះនិងបំផ្លាញផ្ទះជាង៦០ខ្នងនៅខេត្តស្ទឹងត្រែង
- ការត្រៀមលក្ខណៈរបស់សមត្ថកិច្ចក្នុងការជួយពន្លត់អគ្គិភ័យ
- អគ្គិភ័យនិងគ្រោះថ្នាក់ចរាចរណ៍នៅបន្តកើតឡើងច្រើនក្នុងពិធីចូលឆ្នាំរយៈពេល៣ថ្ងៃ
- ខ្យល់កន្ត្រាក់និងភ្លៀងកក់ខែមួយមេធំប៉ះចំកណ្ដាលក្រុងប៉ៃលិន
- ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅពេលមានភ្លៀងកក់ខែ
- ពលរដ្ឋពីរនាក់នៅខេត្តកំពង់ធំស្លាប់ក្រោយពេលចុះស្ដារអណ្ដូងទឹក
