
បូរ៉ា តួប្រុសក្នុងរឿង «កោះពេជ្រ» ពេលអង្គុយសាសងជាមួយនឹងមិត្ដស្រីនាពេលរាត្រី។ រូប សហការី
Mon, 16 May 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រឿង «កោះពេជ្រ ឬ Diamond Island» គឺជាខ្សែភាពយន្តបែបមនោសញ្ចេតនា និងជាវណ្ណកម្មរួមគ្នារវាងផលិតករកូនកាត់ខ្មែរ-បារាំងលោក ជូ ដាវី និងអ្នកស្រី ក្លែរម៉ូជិនត្រ៍ រយៈពេល ១០១ នាទី ដែលទើបនឹងថតចប់នៅដើមឆ្នាំនេះ ត្រូវបានគេជ្រើសយកទៅចាក់បញ្ចាំងនៅក្នុងកម្មវិធីបុណ្យភាពយន្តនៃទីក្រុងកង់ស៍ឆ្នាំ ២០១៦ ឯប្រទេសបារាំង។
កម្មវិធីបុណ្យភាពយន្តទីក្រុងកង់ស៍ឆ្នាំ ២០១៦ ឬ 2016 Cannes Film Festival នេះបានចាប់ផ្តើមតាំងពីថ្ងៃទី ១១ និងបន្តដល់ទី ២២ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខ។ ភាពយន្តរឿង «កោះពេជ្រ» សាច់រឿងស្តីពីបែបបទនៃឆាកជីវិតរបស់ក្រុមអ្នកមានជីវភាពធូរធារ ស៊ីវិល័យ សប្បាយដូចជាពិភពនៃឋានសួគ៌អ៊ីចឹង រស់នៅលើដែនដីកោះពេជ្រ ដែលស្ថិតនៅតាមដងទន្លេ នៅទីក្រុងភ្នំពេញ នាពេលអនាគត។
ដំណើររឿងនិយាយអំពីក្មេងប្រុសម្នាក់គឺឈ្មោះ បូរ៉ា មានវ័យ ១៨ ឆ្នាំ មកពីខេត្ត ដែលលង់លើយតាម មេខ្យល់មកធ្វើការងារជាកម្មករសំណង់នៅឯតំបន់កោះពេជ្រ និងបានជួបនឹងបងប្រុសដែលបែកគ្នារយៈពេល ៥ ឆ្នាំនៅទីនោះដែរឈ្មោះ សូឡី។ មិនយូរប៉ុន្មាន បូរ៉ា ក៏ត្រូវបានបងប្រុស សូឡី នោះដឹកនាំឲ្យស្គាល់ពិភពដ៏អស្ចារ្យសម្រាប់ឆាកជីវិតយុវវ័យនៅទីក្រុងរួមមានឲ្យគេចេះមានមិត្តស្រី ចេះចូលក្លិបកម្សាន្តរាត្រី និងចេះនូវកិច្ចការផ្សេងៗទៀតផង។

បូរ៉ា និងមិត្ដរួមការងារពេលមកធ្វើជាកម្មករសំណង់។ រូប សហការី
លោក ជូ ដាវី ផលិតករកូនកាត់ខ្មែរ-បារាំងវ័យ ៣២ ឆ្នាំនេះ ប្រាប់ឲ្យដឹងថា៖ «អ្វីដែលខ្ញុំចង់បាននាពេលកំពុងថតរឿងនេះ គឺចង់ប្រាប់គេឲ្យដឹងពីកម្ពុជាពេលបច្ចុប្បន្ន។ កត្តាសំខាន់នោះគឺចង់បង្ហាញពីឋានៈក្នុងសង្គមមានផ្សេងៗគ្នារបស់យុវជនខ្មែរ។ វាពិសេសណាស់សម្រាប់ខ្ញុំ ដែលបានមើលឃើញនូវការរីកចម្រើននៃទំនើបកម្មរបស់កម្ពុជា»។
វណ្ណកម្មរឿង «កោះពេជ្រ» របស់ផលិតករ ជូ ដាវី និងអ្នកស្រី ក្លែរ ម៉ូជិនត្រ៍ នេះត្រូវបានគេជ្រើសរើសសម្រាប់បញ្ចាំងក្នុងប្រភេទកម្មវិធីឈ្មោះថា International Critics’ Week នៃកម្មវិធីបុណ្យ 2016 Cannes Film Festival។ ហើយខ្សែភាពយន្តនេះគឺបានចំណាយពេលថតតាមដងវិថីនានានៅរាជធានីភ្នំពេញដែលប្រើពេល ៤ ខែ ដោយជាវណ្ណកម្មសហការគ្នាច្រើនប្រទេសមាន កម្ពុជា បារាំង អាល្លឺម៉ង់ ថៃ និងកាតា។
ចំណែកឯតួអង្គសំខាន់ៗនៅក្នុងរឿងកោះពេជ្ររួមមាន បូរ៉ា សម្តែងដោយលោក នួន សុបុន សូឡី ដោយលោក នូវ ជានិច្ច អហ្ស៊ា ដោយកញ្ញា ឈឹម ម៉ាដេហ្ស៊ា ឌី ដោយលោក កន មាន វីរៈ ដោយលោក នុត សំណាង លក្ខិណា ដោយកញ្ញា ឃឹម សំណាង មេសា ដោយលោក ម៉េង សុភីណា លីដា ដោយកញ្ញា ម៉ិន ចានី ចេមស៍ ដោយលោក ឌំ សេរីរ័ត្ន ប្លូ ដោយលោក អូន បទុម ភីកគី ដោយកញ្ញា ហង់ ស្រីលាភ និងអាណា សម្តែងដោយកញ្ញា ផុន ផារ៉ា។
ដោយឡែក លោក ជូ ដាវី គឺជាចៅប្រុសរបស់អតីតផលិតករខ្មែរដ៏ល្បីមួយរូប នាទសវត្សរ៍ទី ៦០-៧០ ឈ្មោះលោក វ៉ាន់ ចាន់ ខណៈរូបលោកបានបាត់ដំណឹងពីវិស័យភាពយន្តនៅឆ្នាំ ១៩៦៩។
ខណៈផលិតករវ័យ ៣២ ឆ្នាំ លោក ជូ ដាវី ត្រូវបានគេដឹងថា គឺជាសហស្ថាបនិកនៃផលិតកម្ម Vycky Films ជាមួយផលិតករដ៏ល្បីចំនួនពីររូបរបស់បារាំងគឺលោក Jean-Jacky Goldberg និង Sylvain Decouvelaere ចាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ៕