អតីត​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក

ដោយ ហ៊ុំ ចំរើន
2016-05-16
RFA

តូ ធានទឺ ៨៥៥ ២០១៦
អតីត​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក តូ ធានទឺ (កណ្ដាល) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided


អតីត​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ និង​ជា​មេ​ឈ្មួញ​រក​ស៊ី​កាយ​អាចម៍​ដី​ភ្នំ​លក់​នៅ​ក្នុង​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ចាប់​ខ្លួន​ពី​បទ​ឆបោក។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​គំរូ​ល្អ​មួយ​សម្រាប់​សង្គម​ជាតិ ដើម្បី​ធ្វើ​ឲ្យ​អ្នក​មាន​ទ្រព្យ​ធន និង​មាន​អំណាច​ផ្សេង​ទៀត មាន​ការ​ភ័យ​ខ្លាច ដែល​មិន​គោរព​ច្បាប់។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ម៉ាន់ សឹង មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ថា លោក​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួន​របស់​ចៅក្រម​អម​សាលា​ដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​កាល​ឆ្នាំ​២០០៤ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា ការ​ឆបោក​នោះ​ជា​ករណី​អ្វី​នោះ​ទេ។

លោក​អះអាង​ថា អតីត​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ គឺ​លោក តូ ធានទឺ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា នៅ​ភូមិ​សូភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ៖ «បាទ! យើង​អនុវត្ត​ទៅ​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ។ ហើយ​នៅ​ពេលចាប់​ខ្លួន​នោះ គាត់​យល់ព្រម​ឡើង​ឡាន​តាម​សម្រួល ដោយ​ពុំ​មានការ​ដាក់ខ្នោះ​ដៃនោះ​ទេ»

លោក តូ ធានទឺ កាល​ពី​ឆ្នាំ​២០០៣ ជា​អតីត​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ប្ដូរ​មក​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​សាច់ញាតិ​លោក តូ ធានទឺ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ពី​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ឧសភា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា តុលាការ​ចាប់​ខ្លួន​លោក តូ ធានទឺ អ្នក​មាន​ទ្រព្យ​ធន និង​មាន​អំណាច ដែល​កន្លង​មក​តែង​អះអាង​ថា ខ្លួន​ជា​ទីប្រឹក្សា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផង​នោះ គឺ​ជា​រឿង​ល្អ​មួយ​របស់​ស្ថាប័ន​តុលាការ ដើម្បី​ផ្ញើ​សារ​ទៅ​ដល់​ជន​ដទៃ​ទៀត​ឲ្យ​មាន​ការ​ក្រែង​រអា​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់។

លោក​អះអាង​ថា លោក​ជា​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ កន្លង​មក​តែង​តែ​យក​អំណាច​របស់​ខ្លួន​អុកឡុក​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ជាច្រើន​ករណី មាន​ជាអាទិ៍ រឿង​ទំនាស់​ដី​ជាង ៣​ពាន់​ហិកតារ​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក និង​រឿង​ការ​ជីក​ដី​ភ្នំ​រំលោភ​លើ​ដី​ពលរដ្ឋ ភូមិ​ពង្រកងវ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជាដើម៖ «កន្លង​មក​យើង​ឃើញ​ថា លោក តូ ធានទឺ ដូច​អត់​មាន​ការ​អភិវឌ្ឍ​ឲ្យ​មាន​រីក​ចម្រើន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ទេផ្ទុយ​ទៅ​វិញ គឺ​គាត់​ធ្វើ​ដើម្បី​ផល​ប្រយោជន៍របស់​ខ្លួន បង្ក​ការ​ក្ដក្រហាយ​របស់​ប្រជាពលរដ្ឋ ដូចជា​ការ​ដឹកអាចម៍​ដី​ធ្លាក់​តាម​ដង​ផ្លូវ ជាដើម»

នៅ​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ដដែល សមត្ថកិច្ច​បាន​បញ្ជូន​លោក តូ ធានទឺ ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​តុលាការ​ស៊ើប​អង្កេត​បន្ត​តាម​នីតិវិធី។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ ពុំ​ដឹង​ថា តុលាការ​នឹង​បញ្ជូន​លោក តូ ធានទឺ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ពេល​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles