កាត់​ដី​សង​បំណុល​ពេទ្យ ស្ដ្រី​រួបរឹត​ដោយ​ជំងឺ​សុំ​ត្រឹមដី​បញ្ចុះ​សព​ប្ដី​វិញ

ស្ថានភាព​ជំងឺ​រួប​រឹត​កាយ​លើ​លោក​យាយ កិះ សាអែម ក្នុង​ខ្ទម​សប្បុរស​ធម៌ និង​ផ្នូរសពប្ដី​។ ហ្វេសប៊ុក

ស្ថានភាព​ជំងឺ​រួប​រឹត​កាយ​លើ​លោក​យាយ កិះ សាអែម ក្នុង​ខ្ទម​សប្បុរស​ធម៌ និង​ផ្នូរសពប្ដី​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ក្រចេះ: បន្ថែមពី​លើ​ខ្សែ​ជីវិត​ក៏​មហា​សែន​អភ័ព្វ ប្តី​ និងកូន​ស្លាប់​គ្មានសល់​រកអ្នក​ទីពឹង​ម្នាក់​មិនមាន​ សល់​តែ​រូបកាយ​ដង្ហើម​ពីជំងឺ​ទាច​ទឹក ទន្រ្ទាន​ក៏ស្គម​កំព្រឹង​ៗ ធំ​តែពោះ​ស្បែក​ដណ្តប់​ឆ្អឹងនោះ ស្រ្តី​ឈ្មោះ កិះ សា​អែម ពោល​ទាំងក្ដី​អស់​សង្ឃឹម​ក្នុង​ឆាក​ជីវិតថា៖​ «ការ​តស៊ូ​នឹង​ដង្ហើម​កំដរជីវិត​គ្មានអ្វី​ជាការ​បារម្ភទេ។ ប៉ុន្តែ​ការបារម្ភ​នោះ ពេលនេះ​សពប្តី​ដែល​កប់​ក្នុងដី​ភូមិ​ កាត់បំណុល​គេ គេឲ្យ​គាស់​ចេញ ហើយ​មិនមាន​លុយ​គាស់​ និងមិន​ដឹង​យក​ទៅកប់​ណា​ទៀត»។​

ដោយ​ចង់​បង្ហាញ​ឲ្យ​មហាជន​មើល​ឃើញពី​ស្ថាន​ភាព​ជំងឺ​ដែល​កំពុង​តែរុករាន​រាងកាយ​ពោះ​រីកធំ​ស្ពឹងៗ​នោះទាំង​វ័យ​ក៏ចំណាស់​ និង​បាត់​បង់​នូវការ​អៀន​ខ្មាស​ក្នុង​ជាស្រ្តី​ ក៏ឲ្យ​មាន​ការថត​រូបប​ង្ហាញ​នោះ​ លោក យាយ កិះ សាអែម ដែល​ជាជន​ជាតិ​ភាគ​តិច​ បាន​រៀបរាប់​ទាំងអណ្តឺត​អណ្តកថា៖ «ជាតិនេះ​ ជីវិតនេះ​ពិតជា​អភ័ព្វ​ខ្លាំង​ណាស់​។ មុននេះ​ជីវភាព​មិនដល់​ថ្នាក់​ហ្នឹង​ទេ។ ខ្ញុំមាន​ផ្ទះ​សំបែង​ មាន​ហូប​ចុក​ដូចគេ​ដូចឯងដែរ។ តែជីវិត​គ្រួសារ​មិនដឹង​ជាកម្ម​ពៀរ​អីទេ ប្តីក៏​ឈឺស្លាប់​មិនប៉ុន្មាន​ កូនក៏​ឈឺស្លាប់​ម្នាក់​ទៀត ហើយ​នៅតែ​ម្នាក់​ឯង​ពេលនេះ​ក៏ឈឺ ដែលមិន​មាន​សង្ឃឹម​ទៀត»។ ​

ស្រ្តី​អភ័ព្វ​វ័យ​ចំណាស់​ដែល​ប្រើ​ពាក្យ​លែង​ស្ដាយ​ស្រណោះ​ចំពោះ​ជីវិតមួយ​នេះ​ហើយ​នោះ​បាន​បន្តថា៖ «​ដោយ​សារតែ​គ្រួសារ​ខ្ញុំមាន​អ្នកឈឺ​បន្ត​កន្ទុយ​គ្នា ហើយ​ក៏ស្រ​វេស្រវា​ព្យាបាល ទោះ​មានលុយ​មិនមាន​លុយ ក៏​ស្រវាលក់​បី ខ្ចីបុល​ ធ្វើ​យ៉ាង​ណា​ រកវិធី​ព្យាបាល​ជំងឺ លុះ​ចុងក្រោយ​ក៏ជំពាក់​បំណុល​ពេទ្យ ហើយកាត់​ដីភូមិ និង​ផ្ទះសង​បំណុល​ពេទ្យ។ រហូត​អស់​លែង​មាន​ដំបូលជ្រក ក៏គេ​អាណិត​ឲ្យទៅ​ជ្រក​សម្រាប់​ដង្ហើម​ចុងក្រោយ​នៅឯ​ក្នុង​ខ្ទមនៅ​ក្រោយ​ភូមិ»។

អាស្រ័យ​នឹងខ្ទម​តូច​ម៉ង់ៗ​នៅ​ក្រោយ​ដីភូមិ និង​រូបកាយ​ស្គម​ស្គាំង​អាស្រ័យ​បាយ​ទឹកម្ហូប​ចំណី​បន្តិចបន្តួច​ពី​ញាតិក្នុង​ភូមិ​ជើងឃ្លេរ ឃុំពី​រធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​ស្រុក​កំណើត​នោះ លោក​យាយ កិះ សាអែម ក៏​ពោល​ឡើង​ថា៖​ «ខ្ញុំ​អស់នឹង​ស្តាយ​ជីវិត​នេះ​ហើយ ព្រោះ​ថាពេល​នេះ​វាគ្មាន​លទ្ធភាព​ណានឹង​រកលុយ​មក​ព្យាបាល​ជំងឺ​ទៀតទេ។ តែអ្វី​ដែល​គិត​នោះពេលនេះ​ សព​ប្តីកប់​នៅ​លើដី​ដែល​កាត់​បំណុល​គេនោះ គេទាម​ទារ​ឲ្យ​គាស់​ចេញ​។ តែ​ខ្ញុំមិន​ដឹង​ថា ​ទៅគាស់​ម៉េចទេ ណាមួយ​ខ្ញុំឈឺ​អ៊ីចឹង​ទៀត ហើយ​លុយ​ក៏​គ្មាន»។

ស្ដ្រីចំណាស់​ដេក​គិត​តែ​ពី​សុវត្ថិភាព​សព​ប្ដីរូបនេះ បាន​បន្ថែម​ថា៖ «គាស់​ផ្នូរហើយ​ក៏មិន​ដឹងថា ត្រូវ​យក​ទៅ​ទុកនៅ​ណា​ទៀត»។ចូល​រួមពី​ការ​រំលែក​ទុក្ខនោះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M លោក សន វិជ្ជបុត្រ ក៏បង្ហាញ​ជំហរ​ជួយ​សម្រាល​ដល់​ស្រ្តីជនជាតិ​ភាគ​តិច ដែល​ញាំញី​ដោយ​ជំងឺ​ទាចទឹក​នោះ។

បន្ថែម​ពីការ​ផ្សព្វផ្សាយ​ក្នុង​គណនី​ហ្វេស​ប៊ុកកៀរ​គរ​រក​ជំនួយ​ទៅ​ជួយ​ស្រ្តីពោះ​ធំនោះ លោក​បានប្រាប់​ឲ្យដឹង​ថា៖ «ខ្ញុំ​មិនដឹង​ថា ជួយបាន​កម្រិត​ណា​ទេ តែខ្ញុំនឹ​ងជួយ​ ព្រោះ​ពិតជា​សង្វេគ​ខ្លាំង​ណាស់។ ឮ​សម្ដីគាត់​និយាយ​ថា គាត់​​គ្មាន​លុយ​គាស់ផ្នូរ​ប្តី​ចេញពី​ដីកាត់​បំណុល​ឲ្យគេ​នោះ»៕

What Next?

Recent Articles