ដោយ តាំង សារ៉ាដា
2016-05-17
RFA

ក្រុមសមត្ថកិច្ចឃាត់ពលរដ្ឋដែលធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” មិនអោយធ្វើដំណើរទៅពន្ធនាគារព្រៃស ដើម្បីតវ៉ាទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ដែលជាប់ឃុំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya
![]()
ពលរដ្ឋខ្មែរ-អាមេរិកាំង នៅតាមរដ្ឋមួយចំនួនបាននាំគ្នាប្រារព្ធយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំឃាំង។
លោក មាស ជា ដែលជាសកម្មជនសហគមន៍ខ្មែរម្នាក់រស់នៅទីក្រុងហ្វីឡាដែលហ្វីយ៉ា (Philadelphia) នៃរដ្ឋផែនស៊ីលវែនញ៉ា (Pennsylvania) បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ទី១៦ ខែឧសភា ថា យុទ្ធការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលក្រុមរបស់លោកកំពុងធ្វើឡើងនេះ គឺចង់បង្ហាញដល់សហគមន៍អន្តរជាតិឲ្យបានដឹងថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងដឹកនាំប្រទេសផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោក មាស ជា៖ «អ្នកការពារសិទ្ធិមនុស្សហើយត្រូវគេចាប់ទៅវិញ នេះជារឿងដ៏អស្ចារ្យដែលប្រទេសប្រជាធិបតេយ្យមួយ ហើយគេចាប់អ្នកដែលការពារសិទ្ធិមនុស្សយកទៅដាក់គុក។ ដូច្នេះយើងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលមិនបានផ្អែកទៅលើសុភវិនិច្ឆ័យ និងយុត្តិធម៌ទៅដល់អស់លោកទាំងអស់នោះ»។
រហូតមកទល់ពេលនេះគឺមានរយៈពេល ១៩ថ្ងៃហើយដែលមន្ត្រីសិទ្ធិមនុស្សចំនួន ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ម្នាក់ កំពុងស្ថិតក្នុងការឃុំឃាំងពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងករណីចោទប្រកាន់រឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ជុំវិញយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នេះដែរ អ្នកស្រី នួន មីឈែល ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) មានប្រសាសន៍ថា ការធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នេះឡើង មិនត្រឹមតែទាមទារឲ្យដោះលែងក្រុមសកម្មជនការពារសិទ្ធិមនុស្សចំនួន ៥នាក់ ដែលកំពុងជាប់ឃុំឃាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងរាល់អ្នកទោសមនសិការទាំងឡាយទៀតដែរ។
អ្នកស្រី នួន មីឈែល៖ «ប្រជាពលរដ្ឋដែលគាត់គ្មានកំហុសអ្វីដូចជាលោក មាជ សុវណ្ណារ៉ា អ៊ីចឹង។ យើងធ្វើនេះគឺកាន់ទុក្ខទាំងអស់គ្នា ហើយទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកដែលជាប់ពន្ធនាគារទាំងអស់នោះ។ ប្រជាពលរដ្ឋនៅស្រុកខ្មែរទាំងអស់គ្នាគឺយើងត្រូវតែរួបរួមដើម្បីរំដោះជាតិយើង»។
ពលរដ្ឋខ្មែរអាមេរិកាំង ចាប់ផ្តើមធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នេះ នៅតាមរដ្ឋមួយចំនួនដូចជារដ្ឋម៉ាស្សាឈូសេត (Massachusetts) រដ្ឋណ័រស៍ ឃែរ៉ូឡាយណា (North Carolina) រដ្ឋផែនស៊ីលវែនញ៉ា និងរដ្ឋកាលីហ្វ័រញ៉ា។
យ៉ាងហោចណាស់មានសកម្មជនបរិស្ថាន សកម្មជននយោបាយ និងសកម្មជនការពារសិទ្ធិមនុស្សប្រហែល ២០នាក់ហើយកំពុងស្ថិតក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។ សហគមន៍អន្តរជាតិចាត់ទុកមនុស្សទាំងនោះជាអ្នកទោសមនសិការ ដោយសារពួកគេត្រូវជាប់ទោសដោយសារការបញ្ចេញមតិ និងកិច្ចការពារសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ភាសមេធាវីទាក់ទងករណីអាជ្ញាធរបង្ក្រាបក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- បណ្ដាញសហគមន៍ដីធ្លីនៅខេត្តព្រះវិហារជួបជុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- លោក ស ខេង អះអាងថាអាជ្ញាធរគ្រាន់តែឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដើម្បីអប់រំ
- ពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.ប
- សកម្មជនដីធ្លី៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- សកម្មជនដីធ្លីអះអាងថានឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍
- អង្គការសហប្រជាជាតិជំរុញរដ្ឋាភិបាលឈប់ធ្វើបាបសង្គមស៊ីវិលនិងបក្សប្រឆាំង
- ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថាមិននៅពីក្រោយយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- អាជ្ញាធរចាប់ផ្ដើមស៊ើបអង្កេតរកប្រភពបោះពុម្ពអាវសម្រាប់យុទ្ធនាការ”ថ្ងៃច័ន្ទពណ៌ខ្មៅ”
- សហគមន៍ខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប