ដោយ ហង្ស សាវយុត
2016-05-17
RFA

មន្ត្រីចម្រុះពិនិត្យមើលការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់អភិរក្សក្នុងបឹងទន្លេសាប នាខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Hang Savyouth
![]()
មន្ត្រីសាលាខេត្តសៀមរាប ជាមួយរដ្ឋបាលជលផល មន្ត្រីមន្ទីរបរិស្ថាន រួមទាំងសហគមន៍នេសាទផង បានចុះពិនិត្យមើលតំបន់អភិរក្សត្រីពូជមួយចំនួននៅក្នុងបឹងទន្លេសាប ដើម្បីស្វែងរកមធ្យោបាយការពារពូជត្រី និងជីវចម្រុះជាច្រើនឱ្យមានប្រសិទ្ធភាព និងគង់វង្សបានយូរតទៅទៀត។
ការចុះពិនិត្យមើលនេះ ធ្វើឡើងបន្ទាប់ពីអាកាសធាតុឡើងកម្ដៅខ្លាំង ធ្វើឱ្យកន្លែងត្រីពងកូនជាច្រើនក្នុងបឹងទន្លេសាប ត្រូវគោករាក់ ហើយត្រីពូជជាច្រើនក៏បានងាប់ជាបន្តបន្ទាប់ដែរ។
អាជ្ញាធរខេត្តសៀមរាប ព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងលើក្រុមអ្នកនេសាទទាំងឡាយណាដែលហ៊ាននេសាទខុសច្បាប់ ឬក៏មន្ត្រីជំនាញណាដែលឃុបឃិតបើកឱ្យនេសាទខុសច្បាប់នៅតំបន់អភិរក្សត្រីពូជក្នុងបឹងទន្លេសាប។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីអាកាសធាតុប្រែប្រួល ឡើងកម្ដៅខ្លាំង ហើយទឹកទន្លេសាបជាច្រើនកន្លែងបានគោករាក់ ប៉ះពាល់ដល់ជីវចម្រុះជាច្រើន ធ្វើឱ្យមានក្ដីព្រួយបារម្ភថា ពូជត្រីក៏អាចវិនាសបាត់បង់ដែរនោះ។
អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកកសិកម្ម គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៦ ខែឧសភា ថា កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ លោកបានចំណាយពេលពេញ ១ថ្ងៃ ជិះទូកពិនិត្យមើលតំបន់អភិរក្សត្រីពូជក្នុងបឹងទន្លេសាប ថែមទាំងជួបប្រជុំជាមួយមន្ត្រីជលផល មន្ត្រីមន្ទីរបរិស្ថាន និងសហគមន៍នេសាទផង។ ការពិនិត្យមើលពេញ ១ថ្ងៃនោះ បានឃើញថា តំបន់អភិរក្សត្រីពូជនៅខេត្តសៀមរាប មានសំណាងជាងខេត្តកំពង់ធំ និងខេត្តខ្លះទៀត ដែលរីងទឹក ហើយងាប់ត្រីអស់។
លោក គឹម ឆៃហៀង បញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តសៀមរាប គឺមានតំបន់អភិរក្សត្រីពូជនៅស្ទឹងជ្រៅ ក្នុងស្រុកជីក្រែង នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ទំហំជាង ២គីឡូម៉ែត្រការ៉េកន្លះ និងនៅឡូត៍ អភិរក្សដាច់ខាត ១ទៀតទំហំជាង ៦៤គីឡូម៉ែត្រការ៉េ ដែលមិនគោករាក់។ ឡូត៍អភិរក្សទាំងនោះនៅមានត្រីពូជជាច្រើនប្រភេទ ក៏ប៉ុន្តែនៅក្នុងបឹងទន្លេសាប ដែលបើកឱ្យមានការនេសាទធម្មតាគឺស្ទើរតែអស់ត្រីទៅហើយ។
អភិបាលរងខេត្តសៀមរាប ដដែល ជំរុញឱ្យមន្ត្រីជំនាញ និងសហគមន៍នេសាទត្រូវតែការពារត្រីពូជទាំងនោះឱ្យបានគង់វង្ស៖ «អប់រំគាត់ផង ហើយយើងព្រមានចាត់វិធានការរដ្ឋបាល និងចាត់វិធានការតាមច្បាប់ពាក់ព័ន្ធផង»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីមន្ទីរបរិស្ថាន និងរដ្ឋបាលជលផលខេត្តសៀមរាប ដើម្បីសុំយោបល់ជុំវិញការជំរុញឱ្យពង្រឹងកិច្ចការពារឡូត៍អភិរក្សទាំងនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៦ ខែឧសភា។
មន្ត្រីកម្មវិធីបឹងទន្លេសាប នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក មិញ ប៊ុនលី ធ្លាប់បង្ហាញក្ដីកង្វល់កាលពីសប្ដាហ៍មុនថា រូបលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែឃើញតំបន់អភិរក្សជាច្រើនកន្លែងក្នុងបឹងទន្លេសាប បានរីងស្ងួតអស់ ហើយកំពុងគំរាមកំហែងដល់ជីវភាពប្រជាពលរដ្ឋពាក់ព័ន្ធនឹងរបរនេសាទត្រី៖ «ត្រីក៏ងាប់អស់ច្រើនហើយជីវចម្រុះមួយចំនួន ក៏ប៉ះពាល់ខ្លាំង។ ដែលខ្ញុំសង្កេតមើលឃើញគោលដៅដែលខ្ញុំធ្វើការគឺខេត្តណាក៏ប៉ះពាល់ដូចគ្នា»។
អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលយល់ថា ផលនេសាទត្រីនៅក្នុងឆ្នាំនេះ គឺថយចុះយ៉ាងខ្លាំងដោយសារតែការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ហើយគេយល់ថា ប្រសិនបើឆ្នាំក្រោយនៅតែមានការគំរាមកំហែងពីអាកាសធាតុទៀតនោះ គឺផលនេសាទកាន់តែថយចុះថែមទៀត ដែលតម្រូវឱ្យអ្នកនេសាទគ្រប់រូប ត្រូវចាប់ផ្ដើមគិតទៅដល់ការចិញ្ចឹមត្រីបែបលក្ខណគ្រួសារ និងការបង្កើតរបរអ្វីផ្សេងទៀតជៀសវាងពឹងផ្អែកតែលើការនេសាទតែ ១មុខនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីជំនាញបរិស្ថានបារម្ភពីការកើនឡើងអ្នកនេសាទធ្វើឲ្យប៉ះពាល់ដល់ត្រីកម្របន្តពូជ
- អាជ្ញាធរខេត្តកំពង់ធំចាត់វិធានការទប់ស្កាត់ត្រីងាប់នៅបឹងទន្លេឆ្មា
- សហគមន៍នេសាទនៅស្រុកឯកភ្នំបារម្ភពីការជីកអណ្ដូងទឹកយកត្រីក្បែរតំបន់អភិរក្ស
- សហគមន៍នេសាទខេត្តកំពង់ចាមថាបទល្មើសនេសាទកើនឡើងមុនពេលចូលឆ្នាំ
- ពលរដ្ឋរិះគន់អាជ្ញាធរថាមិនទប់ស្កាត់បទល្មើសដាក់សម្រាស់ក្នុងបឹងទន្លេសាបខេត្តកំពង់ឆ្នាំង
- អ្នកជំនាញបរិស្ថានបារម្ភពីការផុតពូជត្រីកម្រនៅខែត្រភាគឦសាន
- អ្នកនេសាទនៅខេត្តកំពង់ឆ្នាំងថាបទល្មើសនេសាទកើតមានច្រើននៅស្រុកកំពង់ត្រឡាច
- ប្រជាពលរដ្ឋខេត្តសៀមរាបមួយចំនួនបោះបង់មុខរបរនេសាទដោយសារបទល្មើសកើនឡើង
- បញ្ហាតែងប៉ះទង្គិចគ្នារវាងប្រជានេសាទខ្មែរនិងវៀតណាមនៅដែនសមុទ្រខេត្តកំពត
- ពលរដ្ឋត្អូញត្អែររឿងត្រីប្រហុកមិនសូវសម្បូរនិងមានតម្លៃថ្លៃនៅឆ្នាំនេះ