មន្រ្តីបក្សប្រឆាំងពីរនាក់ទៀតត្រូវបានឃាត់ខ្លួន ខណៈប្រមូលស្នាមមេដៃសុំដោះលែងអ្នកជាប់ឃុំ

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ

តំណាងរាស្ត្របក្សប្រឆាំង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)


មន្រ្តីគណបក្សប្រឆាំងពីរនាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងផ្សេងគ្នា ខណៈពួកគេដើរប្រមូលស្នាមមេដៃសុំដោះលែងមន្រ្តីសិទ្ធិមនុស្សនិងអ្នកនយោបាយដែលត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន។

ព័ត៌មានបឋមបានឲ្យដឹងថាសមាជិកក្រុមប្រឹក្សាម្នាក់មកពីគណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួននៅព្រឹកនេះ ខណៈមន្រ្តីបក្សប្រឆាំងរូបនោះដើរប្រមូលស្នាមមេដៃ។

ដោយឡែកកាលពីល្ងាចម្សិលមិញក៏មានការឃាត់ខ្លួនរយៈខ្លីទៅលើសកម្មជនគណបក្សប្រឆាំងដែលដើរប្រមូលស្នាមក្នុងខេត្តសៀមរាប ក្នុងគោលបំណងដូចគ្នាគឺស្នើសុំព្រះមហាក្សត្រអន្តរាគមន៍បញ្ហានយោបាយបច្ចុប្បន្ន។

គណបក្សសង្រ្គោះជាតិបានឲ្យសមាជិករបស់ខ្លួននៅតាមខេត្តនិងរាជធានីប្រមូលស្នាមមេដៃឲ្យបានជាង២០ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្រសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា តំណាងរាស្ត្រ២រូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហូ ព្រមទាំងដោះលែង លោក មាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០រូបទៀត។

ប៉ុន្តែសមត្ថកិច្ចតែងតែឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃទាំងនោះជាបន្តបន្ទាប់រួមមាននៅខេត្តកំពតពីរករណី នៅខេត្តតាកែវមួយករណី នៅខេត្តកំពង់ធំមួយករណី នៅខេត្តសៀមរាបមួយករណី និងនៅភ្នំពេញជាករណីថ្មីចុងក្រោយនៅថ្ងៃនេះ៕

 

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles