ដោយ ហ៊ុំ ចំរើន
2016-06-07
RFA

ទិដ្ឋភាពពលរដ្ឋនៅភូមិដូនទាវ ផលិតសំបកណែមសម្រាប់លក់។
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់យករបរធ្វើសំបកណែមដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ដោយមិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារនៅក្រៅប្រទេសឡើយ។ របរនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនា និងទិញសំបកណែមរបស់អ្នកស្រុករៀងរាល់ថ្ងៃ ហើយធ្វើឲ្យពួកគាត់អាចរកប្រាក់ចំណូលពីភ្ញៀវបានបន្ថែមទៀត។
បើទោះជារបរធ្វើសំបកណែមជាលក្ខណៈគ្រួសាររបស់អ្នកភូមិរកប្រាក់មិនបានសម្រាប់ធ្វើអ្នកមានក៏ដោយ ក៏ប៉ុន្តែរបរនេះអាចជួយផ្ដល់ការងារដល់ពលរដ្ឋក្រីក្រដែលគ្មានដីដាំដុះនៅទីជនបទជាច្រើនគ្រួសាររស់នៅជួបគ្នាមានសេចក្ដីសុខរាល់ថ្ងៃ។
ពលរដ្ឋម្នាក់រស់នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ គឺអ្នកស្រី ស៊ុត ចេក ប្រាប់វិទ្យុអាស៊ីសេរី ខណៈកំពុងធ្វើសំបកណែមនៅក្រោមសំយាបផ្ទះថា អ្នកស្រីប្រកបរបរធ្វើសំបកណែមតាំងពីឆ្នាំ១៩៨៣ មក ដោយពុំបានធ្វើការងារអ្វីផ្សេងឡើយ។ ស្ត្រីវ័យ ៦៣ឆ្នាំរូបនេះ បន្តដោយសម្ដីមួយៗថា យ៉ាងហោចណាស់មនុស្សពី ២ ទៅ ៣នាក់ និងត្រូវចំណាយពេលវេលាប្រមាណពី ៦ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃដើម្បីធ្វើសំបកណែមលក់បាន។
អ្នកស្រីបន្ថែមថា ក្នុងមួយថ្ងៃអ្នកស្រីផលិតសំបកណែមបានប្រមាណ ២ពាន់បន្ទះ និងលក់បានប្រាក់ជាង ១០ម៉ឺនរៀល ហើយកាត់ចំណាយដើមទុនផលិតបានប្រាក់កម្រៃប្រមាណ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ៖ «ខ្ញុំអត់មានមុខរបរអីរំពឹងក្រៅពីនេះទេ បើទោះបីចំណេញបានប្រាក់តិចក៏ចេះរកទៅ ដើម្បីចិញ្ចឹមជីវភាព ព្រោះមានកូនរៀន ២នាក់ ហើយណាមួយសមាជិកគ្រួសារ ២នាក់ទៀតក៏មានជំងឺរ៉ាំរ៉ៃជាប់ខ្លួនដែរ»។
បើទោះជាប្រាក់កម្រៃតិចតួចក្ដី ក៏ប៉ុន្តែអ្នកភូមិអាចរកបានប្រាក់ចំណូលមួយផ្នែកទៀតពីភ្ញៀវទេសចរ ជាពិសេសគឺអ្នកទេសចរណ៍អន្តរជាតិតែម្ដងដែលនិយមទៅទស្សនាដល់ផ្ទះអ្នកស្រុក ហើយទិញវត្ថុអនុស្សាវរីយ៍ស្ទើររៀងរាល់ថ្ងៃ។ អ្នកស្រី ស៊ុត ចេក អះអាងថា យ៉ាងហោចណាស់ភ្ញៀវទេសចរទៅទស្សនាផ្ទះអ្នកស្រីប្រមាណពី ៥ ទៅ ៤០នាក់ ក្នុងមួយថ្ងៃក្នុងនោះភ្ញៀវខ្លះបានទិញសំបកណែម និងក្រុមខ្លះទៀតគ្រាន់តែទស្សនា ហើយជូនប្រាក់ដល់គ្រួសាររបស់អ្នកស្រី គ្រាន់បានដោះស្រាយជីវភាពគ្រួសារ៖ «ខ្លះចិត្តល្អទៅឲ្យ ២ដុល្លារ ខ្លះក៏ឲ្យ ៣ដុល្លារទៅ ហើយខ្លះក៏សុំថតធម្មតាទៅ តែភ្ញៀវម៉ូតូកង់បី ពេលមកទស្សនាភាគច្រើនគេជូនប្រាក់។ ឆ្នាំនេះពិបាករកប្រាក់ជាងឆ្នាំមុនៗ ព្រោះអ្នកទេសចរមកលេងតិចជាងឆ្នាំកន្លងទៅ»។
សំបកណែមមានរាងជាបន្ទះមូលស្ដើង ទំហំប្រមាណប៉ុនផ្ដិលទឹក ធ្វើពីម្សៅអង្ករលាយនឹងអំបិលបន្តិចបន្តួច។
ពលរដ្ឋនៅភូមិដូនទាវ ម្នាក់ទៀតអង្គុយធ្វើសំបកណែមនៅខាងមុខផ្ទះ គឺអ្នកស្រី នាល សាម៉ន ថ្លែងថា អ្នកស្រីប្រកបរបរនេះ គ្រាន់បានប្រាក់ដោះស្រាយជីវភាពជាង ១០ឆ្នាំហើយ ដោយមិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសនោះទេ។ អ្នកស្រីរៀបរាប់ពីរបៀបធ្វើសំបកណែមថា ដំបូងឡើយយកអង្គទៅត្រាំទឹកប្រមាណ ១២ម៉ោង រួចយកទៅកិននឹងម៉ូទ័រកិនម្សៅ ហើយយកទៅដាក់ចម្រោះទឹកក្នុងស្បៃប្រមាណមួយម៉ោង។ បន្ទាប់មកយកម្សៅទៅចាក់នឹងឧបករណ៍ធ្វើសំបកណែម ហើយគ្របវាទុកប្រមាណ ១៥វិនាទីក្នុងមួយបន្ទះ រួចយកទៅដាក់ហាលដោយមានឧបករណ៍ម្យ៉ាងធ្វើពីដើមឫស្សី ប្រវែងទទឹងជាងកន្លះម៉ែត្រ និងបណ្ដោយប្រមាណ ១ម៉ែត្រកន្លះ។
អ្នកស្រីបន្ថែមថា នៅពេលដាក់ហាលថ្ងៃស្ងួតហើយ ត្រូវប្រមូលសំបកណែមយកទៅទុកក្នុងជាល ហើយយកទៅហាលទឹកសន្សើមប្រមាណមួយម៉ោងដើម្បីឲ្យសំបកណែមទន់ល្អជាការស្រេច៖ «ពេលអស់ម្សៅបាន ខ្ញុំត្រាំអង្ករទៀត ហើយពេលនេះខ្ញុំដាក់ត្រាំអង្ករដើម្បីទុកធ្វើថ្ងៃស្អែក។ រាល់ថ្ងៃខ្ញុំធ្វើសំបកណែមតែ ២នាក់ទេ»។
តម្លៃសំបកណែម ១០០បន្ទះ ចំនួន ៥ពាន់រៀល។ ម្យ៉ាងទៀតគេអាចយកសំបកណែមមូរធ្វើគ្រឿងក្លែមនៅក្នុងពិធីមង្គលការ និងនៅតាមភោជនីយដ្ឋានផ្សេងៗជាដើម។ ក្រៅពីនេះ គេនិយមយកសំបកណែមមូរដាក់សាច់ជ្រូកលាយជាមួយបន្លែ និងស្លឹកជីរមួយចំនួនទៀត សម្រាប់មនុស្សគ្រប់វ័យហូបយ៉ាងឆ្ងាញ់ពិសា។
មេឃុំពាមឯក លោក សាំង រើន មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រកបរបរផលិតសំបកណែមនៅក្នុងឃុំនេះ មានជាង ៦០គ្រួសារ នៅក្នុងភូមិចំនួន៣ គឺភូមិសួអី ពាមឯក និងភូមិដូនទាវ។ ក្នុងចំណោមនោះភូមិដូនទាវ ធ្វើច្រើនជាងគេ គឺប្រមាណ ៣០គ្រួសារ។ លោកបញ្ជាក់ថា របរនេះប្រជាពលរដ្ឋធ្វើជាលក្ខណៈគ្រួសារទំហំប្រហាក់ប្រហែលគ្នា គឺមានមនុស្សធ្វើប្រមាណ ២ ទៅ ៤នាក់ក្នុងមួយគ្រួសារ៖ «កាលពីមុនអាជ្ញាធរពាក់ព័ន្ធបានត្រៀមបង្រៀនបច្ចេកទេសដល់ពួកគាត់ ឲ្យធ្វើទ្រង់ទ្រាយធំម្ដងហើយ។ ប៉ុន្តែក្រោយមក គេបានប្ដូរទៅបង្រៀនពលរដ្ឋផ្នែកខាងធ្វើក្រឡាននៅឃុំសំរោង ក្នុងវិញ»។
រដូវដែលអ្នកភូមិលក់សំបកណែមបានច្រើន ចាប់ពីខែធ្នូ ដល់ខែមេសា រៀងរាល់ឆ្នាំ។ អ្នកភូមិឲ្យដឹងថា សំបកណែមអាចរក្សាទុកបានយ៉ាងយូរ ២ខែ ទើបខូចគុណភាព។
ទោះបីយ៉ាងនេះក្ដី ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ប្រចាំខេត្តបាត់ដំបង លោក ប៉ុក សុជាតិ មានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវប្រមូលផ្ដុំគ្នាចងក្រងបង្កើតជាសហគមន៍ផលិតសំបកណែមឲ្យបានល្អ ដើម្បីពង្រឹងការផលិតឲ្យបានច្រើនទាន់តម្រូវការ និងងាយស្រួលរកទីផ្សារសម្រាប់លក់ផលិតផលរបស់ពួកគាត់នៅថ្ងៃខាងមុខ៖ «ឧទាហរណ៍ថា អ្នកណាផលិតបានមកអ៊ីចឹងឲ្យគាត់ជួយរកទីផ្សារទៅ ដើម្បីពួកគាត់សំបកណែមទៅដាក់លក់ ជាការងាយស្រួលជួយគ្នាទៅវិញទៅមកកុំឲ្យដាច់ទុន។ ប្រសិនបើពួកគាត់នៅដាច់គ្នាអ៊ីចឹងមិនរឹងមាំទេ ហើយប្រឈមមុខនឹងបរាជ័យ»។
នៅឃុំពាមឯក មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិប្រាសាទឯកភ្នំមួយកន្លែង។ ក្រៅអំពីនេះរបរធ្វើសំបកណែមក៏ជាទីកន្លែងមួយទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់ចូលទៅទស្សនាជីវិតការរស់នៅរបស់អ្នកស្រុកជាបន្តបន្ទាប់ដែរ។ បញ្ហានេះ ធ្វើឲ្យពលរដ្ឋមួយចំនួនអាចរកប្រាក់ចំណូលបានដោយមិនបាច់ធ្វើចំណាកស្រុកឡើយ។ របាយការណ៍របស់អាជ្ញាធរឃុំពាមឯក បង្ហាញថា ប្រជាពលរដ្ឋក្នុងឃុំនេះ ធ្វើចំណាកស្រុកប្រមាណ ៧០០នាក់ ហើយភាគច្រើនទៅធ្វើការនៅតាមព្រំដែនកម្ពុជា-ថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ទិដ្ឋភាពពលរដ្ឋនៅភូមិដូនទាវ ផលិតសំបកណែមសម្រាប់លក់។

ម្សៅសម្រាប់ផលិតសំបកណែមរបស់អ្នកភូមិដូនទាវ។

ម្សៅសម្រាប់ផលិតសំបកណែមរបស់អ្នកភូមិដូនទាវ។

ទិដ្ឋភាពពលរដ្ឋនៅភូមិដូនទាវ ផលិតសំបកណែមសម្រាប់លក់។

ទិដ្ឋភាពពលរដ្ឋនៅភូមិដូនទាវ ផលិតសំបកណែមសម្រាប់លក់។

ទិដ្ឋភាពពលរដ្ឋនៅភូមិដូនទាវ ផលិតសំបកណែមសម្រាប់លក់។

សំបកណែមដែលពលរដ្ឋនៅភូមិដូនទាវ ផលិតរួច។

សំបកណែមដែលពលរដ្ឋនៅភូមិដូនទាវ ផលិតរួចដាក់ក្នុងជាលដើម្បីត្រៀបយកទៅហាលទឹកសន្សើមនៅពេលយប់។
អត្ថបទដែលទាក់ទង
- ក្រុមហ៊ុនបោះទុន៣លានដុល្លារដើម្បីវិនិយោគផ្សារកំពង់ឆ្នាំងថ្មី
- អ្នកប្រកបរបរផលិតឥដ្ឋនៅសៀមរាបប្រមាណ៤០គ្រួសារកំពុងវ័ណ្ឌកនឹងបំណុល
- អ្នកស្រុកនៅពោធិ៍សាត់ផ្អើលនាំគ្នាឡើងភ្នំដកផ្សិតលក់
- វិនិយោគិន៖ លម៉ើកម្ពុជាកាន់តែមានសក្ដានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ាន
- វិនិយោគិន៖ លម៉ើកម្ពុជាកាន់តែមានសក្ដានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ាន
- សហភាពអឺរ៉ុប៖ ការនាំចេញអង្ករមិនសុទ្ធរបស់កម្ពុជានឹងធ្វើឲ្យអឺរ៉ុបពិចារណាឈប់ទិញ
- សហភាពអឺរ៉ុប៖ ការនាំចេញអង្ករមិនសុទ្ធរបស់កម្ពុជានឹងធ្វើឲ្យអឺរ៉ុបពិចារណាឈប់ទិញ
- នាយករដ្ឋមន្ត្រីប្រកាសបញ្ចុះតម្លៃដឹកជញ្ជូនទំនិញតាមកំពង់ផែចាប់ពីថ្ងៃទី១ឧសភា
- កម្ពុជាប្ដេជ្ញាជំរុញវិស័យឧស្សាហកម្មសិល្បៈច្នៃប្រឌិត
- ទស្សនៈអ្នកដំណើរលើប្រតិបត្តិការរថភ្លើងសាកល្បង