ដោយ លោក វង្ស សុម៉ាលីន | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦ | ម៉ោង 5:16 PM
http://vodhotnews.com

ចន ច័ន្ទលក្ខិណា និង ពៅ បញ្ញាពេជ្រ (រូបថតពីហ្វេសប៊ុក)
នៅលើគណនេយ្យផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាងបានសរសេរគាំទ្រយ៉ាងពេញទំហឹងដើម្បីអោយ ពៅ បញ្ញាពេជ្រ ទទួលបាននូវយុត្តិធម៌ដូចគ្នានឹងករណីរបស់ ខុម ច័ន្ទតារ៉ាទី ហៅស្រីមុំ។ បន្ថែមពីលើនោះ អ្នកនាងក៏ហាក់មានជំនឿចិត្តខ្ពស់ផងដែរថាករណីរបស់ ពៅ បញ្ញាពេជ្រ គឺពិតជាមានការយកចិត្តទុកដាក់ឡើងវិញ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់VOD ថាដោយសារតែ ខុម ចាន់តារ៉ាទី និង ពៅ បញ្ញពេជ្រ សុទ្ធតែជានារីជនរងគ្រោះដូចគ្នា ដូច្នេះអ្នកនាងក្នុងនាមសិល្បការិនីម្នាក់និងជានារីម្នាក់ អ្នកនាងសូមប្រកាសអំពាវនាវអោយរដ្ឋាភិបាលជួយស្វែងរកចាប់ឃាតកនិងផ្ដល់ភាពយុត្តិធម៌លើករណីរបស់ ពៅ បញ្ញាពេជ្រ អោយបានដូចគ្នានឹងការជ្រោមជ្រែងដែលបានធ្វើឡើងដើម្បីជួយដល់កញ្ញា ខុម ចាន់តារ៉ាទី។ អ្នកនាងបញ្ជាក់ថាប្រទេសកម្ពុជានៅក្នុងកាលៈទេសៈនេះ ក៏ត្រូវការភាពស្អាតស្អំដូចគ្នានឹងប្រទេសជឿនលឿនទូទៅផងដែរ ទើបនាងរំពឹងថាមន្ត្រីធំឬអ្នកមានអំណាចមិនអាចបន្តបិទបាំងនូវទង្វើបំពានរបស់ខ្លួនដូចក្នុងករណីបាញ់ប្រហារលើ ពៅ បញ្ញាពេជ្រ និងការរំលោភបំពានលើនារីរងគ្រោះផ្សេងទៀតនោះទេ។ អ្នកនាងនិយាយថា៖ “ខ្ញុំសុំអោយជួយរកយុត្តិធម៌ដល់គាត់ផង(ពៅ បញ្ញាពេជ្រ) ព្រោះខ្ញុំទៅធ្វើអីកើតក្រៅពីការស្នើសុំ! ដូចជាកាលស្រីមុំ(ខុម ចាន់តារ៉ាទី)ចឹង ខ្ញុំក៏ស្នើសុំចឹងដែរ!”។
បើទោះករណីរបស់ ពៅ បញ្ញាពេជ្រ ត្រូវគេដឹងថាបានពាក់ព័ន្ធនឹងមន្ត្រីបុណ្យធំ ក៏អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែរំពឹងច្រើនថាការអំពាវនាវរបស់ខ្លួននឹងក្លាយជាការពញាក់អារម្មណ៍ ដើម្បីអោយមានយុត្តិធម៌ចំពោះ ពៅ បញ្ញាពេជ្រ និងឈានទៅរកឃាតកដែលបានបាញ់ប្រហារចំពោះនាង។ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា៖ “ខ្ញុំគិតថាឥឡូវនេះប្រទេសយើងសុទ្ធតែមានច្បាប់ទាំងអស់ ចឹងខ្ញុំគិតថាពិតជាមានចំណាត់ការណាមួយ ព្រោះបើយើងគិតថាមន្ត្រីធំចង់ធ្វើអីក៏បាន ចឹងមិនងាប់ប្រជារាស្រ្តទាំងអស់ហើយ”។ អ្នកនាងនឹងបន្តអំពាវនាវលើករណីនេះ ដោយអ្នកនាងអះអាងថាអ្វីដែលខ្លួនចង់បានគឺសុំអោយនារីដែលបានរងគ្រោះមិនថា ខុម ចាន់តារ៉ាទី ឬ ពៅ បញ្ញាពេជ្រ ឬនារីណាម្នាក់ដែលមិនទាន់បានយុត្តិធម៌ឲ្យទទួលបាននូវយុត្តិធម៌។ អ្នកនាងបញ្ជាក់ថាអ្នកនាងមិនខ្លាចចំពោះការអំពាវនាវនេះនោះទេ។ អ្នកនាងនិយាយថា៖ “ខ្ញុំអត់ខ្លាចទេ ព្រោះថាខ្ញុំនៅកណ្ដាល ក្នុងនាមជាអ្នកសិល្បៈខ្ញុំត្រូវតវ៉ាអោយអ្នកសិល្បៈដូចគ្នា ហើយក្នុងនាមយើងជាស្ត្រី យើងក៏ត្រូវតែតវ៉ាអោយស្រ្តីដូចគ្នា!”។ អ្នកនាងបន្ថែមថា៖ “យើងនៅកណ្ដាលប្រសិនបើយើងអត់ឆ្កឹះ ដូចយើងបណ្ដោយអោយឧក្រិដ្ឋជនចេះតែបានចិត្ត! ចឹងខ្ញុំត្រូវធ្វើអីមួយឈរនៅលើទីតាំងកណ្ដាល កាលណាខ្ញុំអត់ឈរនៅលើទីតាំងកណ្ដាល គឺវាផ្ដល់ភាពអយុត្តិធម៌ដល់អ្នករងគ្រោះ!”។
នេះជាលើកទី១ ដែលអ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានចេញមុខអំពាវនាវអោយមានយុត្តិធម៌លើសិល្បការិនីរងគ្រោះ គឺកញ្ញា ពៅ បញ្ញាពេជ្រ ក្នុងពេលដែលសំណុំរឿងបាញ់ប្រហារមកលើរូបនាងមិនត្រូវបានដោះស្រាយអស់ជិត១០ឆ្នាំ។ អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថាជនដៃដល់និងក្រុមអ្នកពាក់ព័ន្ធគួរតែធ្វើដំណោះស្រាយណាមួយអោយសមនឹងអ្វីដែល ពៅ បញ្ញាពេជ្រ ចង់បានដូចជាផ្ដល់សំណងឬផ្ដល់លទ្ធភាពអោយនាងបានរស់ដោយស្រួលបន្ទាប់ពីធ្លាក់ខ្លួនជាជនពិការ។ អ្នកនាងនៅតែរំពឹងថាក្រោយការលើកទឹកចិត្តដល់ ខុម ចាន់តារ៉ាទី អោយមានយុត្តិធម៌ គឺនារីរងគ្រោះផ្សេងទៀតដូចជា ពៅ បញ្ញាពេជ្រ ពិតជាមានការលើកទឹកចិត្តបែបនេះដូចគ្នា៕