ដោយ រដ្ឋា វិសាល
2016-06-08
RFA
![]()
ស្នាមមេដៃរបស់ពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលគណបក្សសង្គ្រោះជាតិ ប្រមូលបាន។ រូបថតថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ RFA/Hum Chamroeun
![]()
អាជ្ញាធរប៉ូលិសខេត្តមណ្ឌលគិរី ឃាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ ម្នាក់អស់រយៈពេលពីរម៉ោង ក្នុងបទដើរប្រមូលស្នាមមេដៃពលរដ្ឋ ក៏ប៉ុន្តែបានដោះលែងវិញបន្ទាប់ពីសកម្មជននោះធ្វើលិខិតសន្យាបញ្ឈប់ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋតទៅទៀត។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តមណ្ឌលគិរី ហៅការឃាត់ខ្លួនសកម្មជនក្នុងរឿងប្រមូលស្នាមមេដៃពលរដ្ឋ ថាជាចេតនាបំភិតបំភ័យគំរាមកំហែងស្មារតីពលរដ្ឋ ទាក់ទិនបញ្ហានយោបាយ។
ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៨ ខែមិថុនា បានឃាត់ខ្លួនអនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ឃុំមេម៉ង់ គឺអ្នកស្រី ឆក លីសា ខណៈសកម្មជនរូបនេះកំពុងដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីគាំទ្រញត្តិថ្វាយជូនព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ឲ្យតុលាការដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងមន្ត្រីអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរងការចោទប្រកាន់ និងជាប់ឃុំនៅពន្ធនាគារ។
សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី១ គណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី លោក ឃុំ កាន បញ្ជាក់ថា នេះជាសិទ្ធិនយោបាយរបស់ពលរដ្ឋ ក្នុងការសម្ដែងឆន្ទៈដោយស្ម័គ្រចិត្ត។ លោកថា ការឃាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ គឺជាអំពើរំលោភច្បាប់៖ «សោកស្ដាយដែលអាជ្ញាធរធ្វើខុសនីតិវិធី។ អ៊ីចឹងបានន័យថារំលោភសិទ្ធិជនជាតិដើមភាគតិច»។
ជុំវិញការឃាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ នេះ នាយនគរបាលប៉ុស្តិ៍មេម៉ង់ លោក នឿន ខាន់ បដិសេធមិនឆ្លើយសំណួរវិទ្យុអាស៊ីសេរី ទេ។ លោកជំរុញឲ្យសួររឿងនេះទៅស្នងការប៉ូលិសខេត្ត៖ «បងឯងចង់ដឹងសួរទៅលោកស្នងការ។ ខ្ញុំរាយការណ៍ទៅស្នងការអស់ហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក តូច យន់ ដើម្បីបញ្ជាក់រឿងនេះបានទេនៅថ្ងៃទី៨ ខែមិថុនា ដោយសារទូរស័ព្ទលោកគ្មានអ្នកទទួលការហៅចូល។
យ៉ាងណាក៏ដោយ មន្ត្រីគណបក្សសង្គ្រោះជាតិ ឃុំមេម៉ង់ អ្នកស្រី ឆក លីសា ត្រូវបានប៉ូលិសដោះលែងមកវិញពីរម៉ោងក្រោយការចាប់ខ្លួន បន្ទាប់ពីប៉ូលិសតម្រូវឲ្យអ្នកស្រីផ្ដិតមេដៃលើកិច្ចសន្យា ឈប់ដើរប្រមូលស្នាមមេដៃប្រជាជនតទៅទៀត។ អ្នកស្រីបញ្ជាក់ថា ការប្រមូលស្នាមមេដៃពលរដ្ឋ គឺធ្វើឡើងតាមការស្ម័គ្រចិត្តរបស់ពលរដ្ឋ ក៏ប៉ុន្តែប៉ូលិសចាត់ទុកការដើរផ្ដិតមេដៃនេះ ថាជាទង្វើខុសច្បាប់៖ «គេយកអស់ហើយ គេឆែកឯកសារក្នុងកាតាបខ្ញុំទៀត។ គេថតរូបខ្ញុំ និងអត្តសញ្ញាណប័ណ្ណ ហើយខ្ញុំធ្វើកិច្ចសន្យា ហើយគេថតទុករបស់គេទៀត»។
កាលពីពាក់កណ្ដាលខែឧសភា ប៉ូលិសឃុំប៊ូស្រា ស្រុកពេជ្រាដា ក៏បានកោះហៅតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៤នាក់ ឲ្យទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីពួកគេដឹកនាំប្រជាពលរដ្ឋប្រមាណ ១០០នាក់លើកបដាបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ការលើកបដាទាមទារ និងការដើរប្រមូលស្នាមមេដៃ គឺជាសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងសកម្មជនបក្សនយោបាយដែលមិនបានធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គលសាធារណៈ ឬដែនសមត្ថកិច្ចរបស់អាជ្ញាធរណាឡើយ។ លោកចាត់ទុកការអនុវត្តច្បាប់របស់មន្ត្រីសមត្ថកិច្ចនៃគណបក្សកាន់អំណាច ថាជាការរើសអើងនយោបាយ៖ «អាហ្នឹងហើយវាជាសញ្ញាណមួយដែលយើងអាចកត់សម្គាល់ឃើញថា ការរើសអើងនយោបាយកើនឡើងនៅខេត្តមណ្ឌលគិរី»។
កាលពីខែឧសភា មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃពលរដ្ឋគាំទ្រញត្តិដាក់ថ្វាយព្រះមហាក្សត្របាន ២៦៦ស្នាមមេដៃ។ ចាប់តាំងពីថ្ងៃទី៦ ខែមិថុនា រហូតបច្ចុប្បន្ន ការប្រមូលស្នាមមេដៃប្រជាពលរដ្ឋបាន ៨៨នាក់នៅស្រុកកោះញែក។ នេះមិនទាន់រាប់បញ្ចូលបញ្ជីឈ្មោះ និងស្នាមមេដៃអ្នកគាំទ្រញត្តិនៅបណ្ដាស្រុកផ្សេងទៀត ដែលមិនទាន់ផ្ញើមកដល់ស្នាក់ការគណបក្សនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីបក្សប្រឆាំងអះអាងថាអាជ្ញាធរខេត្តស្ទឹងត្រែងរារាំងមិនឲ្យប្រមូលស្នាមមេដៃពលរដ្ឋ
- គណៈកម្មការជំនាញចាប់ផ្ដើមពិនិត្យនិងធ្វើកោសល្យវិច័យស្នាមមេដៃលើញត្តិបក្សប្រឆាំង
- អាជ្ញាធរសង្កាត់វាលវង់ឃាត់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិមិនឲ្យប្រមូលស្នាមមេដៃ
- មន្ត្រីបក្សប្រឆាំងខេត្តកំពង់ធំបញ្ជាក់ជំហរជាថ្មីថានឹងនៅតែប្រមូលស្នាមមេដៃពលរដ្ឋ
- អាជ្ញាធរស្រុកសៀមប៉ាងរងការចោទថារារាំងពលរដ្ឋមិនឲ្យប្រមូលស្នាមមេដៃ
- រដ្ឋាភិបាលបញ្ចេញរាជសារព្រះមហាក្សត្ររឿងញត្តិរបស់គណបក្សសង្គ្រោះជាតិ
- គណៈកម្មការក្រសួងមហាផ្ទៃទទួលយកញត្តិដើម្បីពិនិត្យស្នាមមេដៃ
- ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការធ្វើកោសល្យវិច័យស្នាមមេដៃគាំទ្រញត្តិបក្សសង្គ្រោះជាតិ
- សម្ភាសព្រះអង្គម្ចាស់ ធម្មិកោ ជុំវិញបញ្ហាស្នាមមេដៃលើញត្តិដាក់ថ្វាយព្រះមហាក្សត្រ
- អ្នកវិភាគ៖ ការចេញបញ្ជាឲ្យពិនិត្យស្នាមមេដៃអ្នកគាំទ្របក្សប្រឆាំងជាការគំរាមកំហែង