រថយន្ត​ស្មៅ​ឆ្លង​ទ្វីប​របស់​គ្រួសារ​ អាល្លឺ​ម៉ង់ ​មក​ដល់​កម្ពុជា

ក្រុម​គ្រួសារ​ជនជាតិ​អាល្លឺ​ម៉ង់​លោក Lehmann Tobias និងភរិយា Carolin ព្រម​ទាំង​កូន​ប្រុស Max។ ហុង មិនា

ក្រុម​គ្រួសារ​ជនជាតិ​អាល្លឺ​ម៉ង់​លោក Lehmann Tobias និងភរិយា Carolin ព្រម​ទាំង​កូន​ប្រុស Max។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

កំពត: សែន​ចម្លែក​ភ្នែក​ជាមួយ​នឹងការ​តុបតែង​បិទ​ស្មៅ​ជុំវិញ ​ប្រជាជន និង​អាជ្ញាធរ​ក្នុង​តំបន់​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​វត្តមាន​រថ​យន្ត​មួយ​គ្រឿង​ដែល​បានចត​នៅ​ហាងកាហ្វេ​ទឹកដី​ខេត្ត​កំពត​នា​សប្តាហ៍​មុន។

រថយន្ត​ដែលមាន​លក្ខណៈ​មិន​ច្រឡំ​ជាមួយ​រថយន្ត​ក្នុង​ប្រទេស​នេះ​ គឺជា​យាន​ជំនិះ​ក្នុង​ដំណើរ​ផ្សង​ព្រេងកាត់​ប្រទេស​ឆ្លងទ្វីប របស់​ក្រុមគ្រួសារ​មួយ​មាន​សមាជិក​បីនាក់គឺ​ឪពុក ម្តាយ និង​កូនប្រុស​អាយុ​ពីរ​ខួប។

លោក Lehmann Tobias និង​ភរិយា ​Carolin ព្រមទាំង​កូនប្រុស​សំណព្វ​ Max បាន​រៀបរាប់​ពី​និយម​ន័យ នៃការ​ផ្សងព្រេង​របស់​ពួកគេថា​៖ «ដំណើរ​ផ្សងព្រេង​គឺមាន​អត្ថន័យ​ផ្សេងៗ​ទៅតាម​បទពិសោធ សម្រាប់​ពួកយើង អ្វីដែល ពួកយើង​មិន​ធ្លាប់​ឃើញ មិនដែល​បាន​ទៅ​ដល់ មិនដែល​គិត​នឹងមាន​អ្វី​កើតឡើង​នៅ​ថ្ងៃស្អែក​ និង​អនាគត និង​ការបើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​អ្វីដែល​ថ្មីៗ សុទ្ធ​សឹង​តែជា​ការ​ផ្សង​ព្រេង»។

គ្រួសារ​អាល្លឺម៉ង់​ទាំងបី​នាក់​នេះ បានធ្វើ​ដំណើរ​រួមគ្នា​មកដល់​ប្រទេស​កម្ពុជា បន្ទាប់ពី​ដំណើរ​ផ្សង​ព្រេងនៅ​ប្រទេស​ម៉ាឡេស៊ី និង​អូស្ត្រាលី​តាម​យន្តហោះ កប៉ាល់ និង​ឡាន​របស់​ពួកគាត់។ អ្នក​ទាំងពីរ​បានធ្វើ​ដំណើ​រ​ឆ្លងកាត់​ប្រទេស​អីរ៉ុប និង​ប្រទេស​នៅអាស៊ី​ ដូចជា​ រុស្ស៊ី​ អូស្ត្រាលី នេប៉ាល់ ឥណ្ឌា ម៉ុងហ្គោលី ចិន និង​ប្រទេស​ជាច្រើន​ទៀត។


PPP-TheGrassVan-grass-car


ពួកគេ​បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​ដំណើរ​កម្សាន្ត​ផ្សងព្រេង​ជាមួយគ្នា​អស់​រយៈពេល ៥ ឆ្នាំ​មកហើយ ដោយ​បោះ​បង់​ចោល​នូវ​ការងារ​ក្នង​ការិយាល័យ​ជា​ស្ថាបត្យករ និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ស្រង់​នូវអ្វី​ដែលជា​ទិដ្ឋភាព​ជាក់ស្តែង​ដែល​មាន​នៅក្នុង​ពិភព​លោក។

ប្ដីប្រពន្ធ​អាល្លឺម៉ង់​ដែល​ផ្ដល់​កំណើត​កូនប្រុស​នៅ​ទឹកដី​អូស្ត្រាលី​កាលពី​ឆ្នាំ ២០១៤ នោះ បាន​រៀបរាប់​ទៀត​ថា៖ «ថ្មីៗនេះ​ពួកយើង​បានធ្វើ​ដំណើរ​ពី​ប្រទេស​អូស្ត្រាលី​មកម៉ាឡេស៊ី ហើយ​យើង​បាន​បន្តមក​ប្រទេស​កម្ពុជា​បន្ទាប់ពី​បានប​ងើ្កត​នូវប្រេង​ធម្មជាតិ​មួយ​ចំនួន​ដូចជា ប្រេង​លាប​ខ្លួន សាប៊ូ​ដុសខ្លួន ដែល​ផ្សំ​ឡើង​ពីផ្តា​ក្រូចឆ្មារ​ សឹ្លកគ្រៃ និង​អាវយឺត​ពួកយើង​ធ្វើការ​ច្នៃប្រឌិត​ហើយ​នឹង​បន្តទៅ​ប្រទេស​ឡាវ​បន្ទាប់ពី​ដំណើរ​ផ្សង​ព្រេង​ក្នុង​ប្រទេស​កម្ពុជា»។

ពួកគាត់​បាន​បង្កើត​ឈ្មោះ​ និង​ស្លាកសញ្ញា​ដោយ​ខ្លួនឯង​ផ្ទាល់​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ ដោយ​នៅ​ប្រទេស​កម្ពុជា ពួកគាត់​បាន​ផលិតជា​ខោចែវ​ដែលជា​របស់​ធ្វើ​ដោយដៃ។ការច្នៃ​ប្រឌិត​បង្កើត​ផលិផល​ទាំងនោះ​គឺ​ដើម្បី​ផ្គត់ផ្គង់​ដំណើរ​ផ្សងព្រេង​របស់​ពួកគាត់​មួយចំនួន និង​មួយ​ចំនួន​ទៀត (៥០ភាគរយ) គឺ​ធ្វើការ​បរិច្ចាគ​ជួយ​ទៅ​ប្រទេស​នេប៉ាល់។

លោក​លោក Lehmann Tobias និង​ភរិយា​ Carolin បាន​រំឭក​ថា៖ «មុនពេល​ដែល​ពូក​យើង​មកដល់​កម្ពុជា មិត្តភក្តិ​មួយចំនួន​បាន​ប្រាប់​ពូក​យើង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​គ្មាន​សុវត្ថិភាព តែ​នៅពេល​ដែល​ពួកយើង​បាន​បន្ត​រថយន្ត​តាម​កប៉ាល់ពី​ប្រទេស​ម៉ាឡេស៊ី​មក​ក្រុងកែប​ប្រទេស​កម្ពុជា ពួកយើង​សង្កេត​ឃើញថា​វាពិតជា​ខុស​ទៅនឹង​អ្វីដែល​ពួកគេ​បានប្រាប់​ពួកយើង»។

ជាក់​ស្តែង ពួកគាត់​បាន​ភ្ញាក់ផ្អើល​ទៅវិញ ដោយ​ឃើញ​ពីការ​រាក់ទាក់ ការរស់នៅ ធម្មជាតិ ប្រពៃណី និង​វប្បធម៌​ខ្មែរ។អំឡុងពេល​ស្នាក់នៅ​កំពត​រយៈពេល ២ ខែកន្លះ ​កូនប្រុស​ពួកគាត់​បាន​ស្គាល់នូវ​ការរស់នៅ​ជាមួយ​ក្មេងនៅ​សាលា​មត្តេយ្យ និង​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ខ្មែរ។

អ្នក​ទាំងពីរ​បន្ថែមថា៖ «ពួកយើង​នឹងបន្ត​ដំណើរ​ផ្សងព្រេង​នេះ​ទៅកាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ដូចជា​សៀមរាប និង​បាត់ដំបង​ដោយ​មិនមាន​ពេល​កំណត់​ជាក់លាក់​មួយ​សម្រាប់​ការ​ស្នាក់នៅ»។

ផលិត​ផលពួក​គេ​មាន​ដាក់លក់​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈ​វេបសាយ (thegrassvan.com)៕

What Next?

Recent Articles