WWF៖ ប្រភេទ​សត្វ​ព្រៃ​កម្ពុជា «មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»

ទន្សោង ត្រូវបានថត​បាន​ដោយ​កាមេរ៉ា​បង្កប់​ក្នុង​ព្រៃ​របស់​អង្គការ WWF កាល​ពី​ឆ្នាំ ២០១០។

ទន្សោង ត្រូវបានថត​បាន​ដោយ​កាមេរ៉ា​បង្កប់​ក្នុង​ព្រៃ​របស់​អង្គការ WWF កាល​ពី​ឆ្នាំ ២០១០។




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រភេទ​សត្វព្រៃ​ជា​ច្រើន​កំពុង​ «មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង» នៅ​ក្នុង​តំបន់​វាល​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​ការ​បាត់​បង់​ជម្រក ការ​ចូល​ធ្វើ​ផ្លូវ​ ​ការ​ខ្វះ​ការ​អនុវត្ត​ច្បាប់​ ​និង​ការ​បរបាញ់​ខុស​ច្បាប់។ នេះ​បើ​តាម​អង្គការ​​មូល​និធិ​សត្វ​ព្រៃ​ពិភព​លោក (WWF) ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​សរសេរ​ថា៖ «ការ​ដាក់​កាមេរ៉ា​និង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ដទៃ​ៗ​ទៀត​បង្ហាញ​ថា មាន​ការ​បាត់​បង់​សត្វ​ព្រៃ​ជា​ច្រើន​ក្នុង​រយៈកាល​ប៉ុន្មាន​ចុង​ក្រោយ​នេះ»។

នៅ​សិក្ខា​សាលា​មួយ​​ដែល​ប្រារព្ធ​ធ្វើ​កាល​ពី​ម្សិល​មិញ​នៅ​ខេត្ត​មណ្ឌល​គិរី​ អង្គការ WWF បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ ខេត្ត ស្រុក ​និង​​អាជ្ញាធរ​មូលដ្ឋាន​ថា ​ការ​អនុវត្ត​ច្បាប់​ខ្លាំង​ក្លា​ជាង​មុន​គឺ​ជា​ភាព​ចាំ​បាច់។

លោក មល ផាត ​អ្នក​គ្រប់​គ្រង​​នៅ​តំបន់​វាល​ទំនាប​​ភាគ​ខាង​កើត​របស់​អង្គការ WWF បាន​ថ្លែង​ថា៖ «យើង​​នៅ​​កំពុង​ប្រឈម​នឹង​បញ្ហា​​ដ៏​ធំ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​បាត់​បង់​ជីវៈចម្រុះ»។

តំបន់​វាល​ទំនាប​​ភាគ​ខាង​កើត​​គ្រប់​ដណ្តប់​​មួយ​ភាគ​ធំ​ទៅ​លើ​ខេត្ត​មណ្ឌល​គិរី​​និង​ផ្នែក​នៃ​ខេត្ត​ជាប់​ៗ​នោះ​។ ​

អង្គការ​ WWF មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ​កាល​​ពី​ម្សិល​មិញ ​​ដើម្បី​ស្វែង​រក​តួលេខ​ពិត​ប្រាកដ​អំពី​ការ​បាត់​បង់​សត្វព្រៃ​ឬ​ប្រភេទ​សត្វ​ព្រៃ​អ្វី​ខ្លះ​ដែល​ទទួល​រង​ការ​គំរាម​កំហែង​បំផុត។

លោក Ross Sinclair ​នាយក​ប្រចាំ​ប្រទេស​​របស់​អង្គការ​​សង្គម​អភិរក្ស​សត្វ​ព្រៃ​(WCS) កាល​ពី​ម្សិល​មិញ​​បាន​ថ្លែង​ថា ​ប្រភេទ​សត្វ​ដែល​កំពុង​បាត់​បង់​រួម​មាន​ជ្រូក​ព្រៃ​និង​គោ​ព្រៃ​។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​ចាប់​តាំង​ពី​​អង្គប់​ត្រូវ​បាន​ប្រើ​ជា​វិធី​សាស្រ្ត​ចាប់​សត្វ​ទូទាំង​ប្រទេស​ ​​សត្វព្រៃ​និង​បក្សី​ជា​ច្រើន​​កំពុង​រង​គ្រោះ។​

បើ​តាម​បទ​សម្ភាស៍​មួយ​កាល​ពី​ពេល​មុន​ជា​មួយ​អ្នក​ភូមិ​នៅ​ក្នុង​​ខេត្ត​​ផ្សេង​ៗ​​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ​ប្រជា​ជន​កម្ពុជា​ ​បាន​បរ​បាញ់​​សត្វ​ព្រៃ​ជា​ច្រើន​ដូច​ជា សត្វ​ស្វា ប្រើស ក្តាន់ ជ្រូក​ព្រៃ​ ​និង​ប្រភេទ​សត្វ​ល្មូន​និង​សត្វ​បក្សី​ផ្សេង​ទៀត។​

ទាំង​អង្គការ WWF និង​អង្គការ​ WCS ​បាន​ថ្លែង​ថា ​មិន​មាន​ល្បាត​គ្រប់​គ្រាន់​ដើម្បី​ការ​ពារ​តំបន់​អភិរក្ស។

លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ កាល​ពី​​ម្សិល​មិញ​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ដោយ​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​​ខិត​ខំ​ធ្វើ​ការងារ​នេះ​ បើ​ទោះ​បី​ជា​ថវិកា​មាន​កំណត់​ក៏​ដោយ។

លោក សុភាព ថ្លែង​ថា ​ដោយ​សារ​ក្រសួង​មាន​តួនាទី​ធំជាង​ក្នុង​ការ​ការ​ពារ​ព្រៃ​ ក្រសួង​នឹង​បង្កើត​ច្បាប់​ផ្លូវ​ការ​ថ្មី​ដែល​គូស​គ្រោង​ឲ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​ខ្លាំង​ជាង​មុន​ជាមួយ​ក្រុម​សហគមន៍។ មន្រ្តី​បរិស្ថាន​នឹង​ផ្តល់​តួនាទី​ល្បាត​មួយ​ចំនួន​ទៅ​សមាជិក​សហគមន៍។

លោក សុភាព មិនអាច​បញ្ជាក់​ថា​តើ​​មាន​ការ​កើន​ឡើង​ឬ​ថយ​ចុះ​ចំពោះ​អត្រា​សត្វ​​ដែល​ត្រូវ​បាន​បរ​បាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​ WWF ក៏​បញ្ជាក់​ទៀត​ថា ការ​បាត់​បង់​ជំរក​គឺ​ជា​បញ្ហា​សំខាន់ ​ដែល​​បណ្តាល​មក​ពី​​ការ​យក​ដី​ធ្វើ​​ចម្ការ​ធំ​។ ក្រុម​ហ៊ុន​បាន​ទិញ​ដី​ពី​ប្រជាជន​​ដើម្បី​ធ្វើ​ចម្ការ​ធំ​ៗ​​ ហើយ​ប្រជា​ជន​រំលោភ​ចូល​ទៅ​តំបន់​អភិរក្ស​ដើម្បី​ស្វែង​រក​ដី​ថ្មី​ ​និង​កាប់​ឈើ។

បើ​តាម​អង្គការ WWF ​ដើម្បី​​កម្ចាត់​បញ្ហា​នេះ​ ​​ការ​ធ្វើ​ចម្ការ​ៗ​គឺ ត្រូវ​ធ្វើ​ទៅ​តាម​ផែន​ការ​មេ​ដែល​ត្រូវ​អភិរក្ស​​តំបន់​ព្រៃ​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក ផាត បាន​ថ្លែង​ថា​៖ «​​ការ​ធ្វើ​ផែន​ការ​គឺ ជា​គន្លឹះ​​សំខាន់​ដើម្បី​ឲ្យ​មាន​សុខុមរម្យ​ចំពោះ​ការ​អភិវឌ្ឍ​​និង​ការ​អភិរក្ស​»៕PS


Contact author: Igor Kossov

What Next?

Recent Articles