ដោយ លោក អុឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦
http://vodhotnews.com

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ថ្ងៃចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថានឹងធ្វើឡើងក្នុងរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦។
នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចេញផ្សាយកាលពីថ្ងៃទី៣១ខែឧសភា។
បើតាម គ.ជ.ប អ្នកមានសិទ្ធិឈ្មោះបោះឆ្នោតអាចឡើងដល់ជាង១០លាននាក់។ បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់ គ.ជ.ប ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។
គណៈប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះដោយថាដើម្បីសិក្សាពីការបោះឆ្នោតនេះដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៥ខែឧសភាបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាពដោយលោកបានរិះគន់ការលើកឡើងកន្លងមកថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។
ការថ្លែងរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕