ដោយ ឡេង ម៉ាលី
2016-06-09
RFA

ព្រះសង្ឃគង់មើលរូបភាពនៃការធ្វើទារុណកម្មអ្នកទោសនៅមន្ទីរស-២១ ឬគុកទួលស្លែង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥។ RFA/Rann Samnang
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តធ្វើសវនាការស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ចូលដល់ថ្ងៃទី៣ ហើយ នៅថ្ងៃទី៩ ខែមិថុនា។ សាក្សីដែលជាអតីតប្រធានគុកទួលស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច មិនទទួលស្គាល់ឧបករណ៍ធ្វើទារុណកម្មខ្លះដែលមានតាំងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង សព្វថ្ងៃនេះទេ។
សាក្សី ឌុច ប្រាប់អង្គជំនុំជម្រះនៃសាលាដំបូងនៅថ្ងៃទី៩ ខែមិថុនា ថា ឧបករណ៍ធ្វើទារុណកម្មអ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែងខ្លះ លោកមិនធ្លាប់ឃើញមានទេ ពេលដែលលោកធ្វើជាប្រធានគុកនោះ។
ការថ្លែងរបស់សាក្សី ឌុច បែបនេះ គឺនៅពេលលោករៀបរាប់ពីវិធីធ្វើទារុណកម្ម និងទទួលស្គាល់ឧបករណ៍ខ្លះ ដែលលោកនៅចាំ។ លោកចាត់ទុកឧបករណ៍ធ្វើទារុណកម្មនៅគុកទួលស្លែងខ្លះថា ជាការបង្កើតឡើងឡើងក្រោយរបបខ្មែរក្រហមដួលរលំ៖ «អាពូថៅមុខពីរហ្នឹង ខ្ញុំបានអាហ្នឹងជាងគេ ដូចគេដាក់តាំងបង្ហាញអាហ្នឹង។ ឯចំណែកឧបករណ៍ប្រឌិតក្រោយទៀត មានដូចជា ធុងជ្រលក់ទឹកក្បាលទៅក្នុងអាងទឹកហ្នឹង ជាឧបករណ៍ប្រឌិតក្រោយថ្ងៃ៧ មករា (ឆ្នាំ១៩៧៩) ហើយអាព្យួរជើងឡើងលើហ្នឹង អាប៉ូតូសម្រាប់ឡើងគួកអីនោះ ក៏ជាឧបករណ៍ប្រឌិត ជាសេចក្ដីរាយការណ៍ប្រឌិតរបស់ វ៉ាន់ ណាត»។
លោកថា ឧបករណ៍ធ្វើទារុណកម្មទាំងនោះ គឺអ្នកសួរចម្លើយរកដោយខ្លួនឯង ហើយឧបករណ៍ខ្លះត្រូវបានប្រើប្រាស់ឯឧបករណ៍ខ្លះទៀតគ្រាន់តែយកមកសម្លុតអ្នកទោសប៉ុណ្ណោះ។
លោកថ្លែងបញ្ជាក់ថា អ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលឆ្លងកាត់ការសួរចម្លើយ ច្រើនតែចៀសមិនរួចនឹងការរងទារុណកម្មទេ។ ការធ្វើទារុណកម្មអ្នកទោសនៅគុកទួលស្លែងនោះ សុទ្ធតែមានការអនុញ្ញាតពីមេដឹកនាំថ្នាក់លើ ដូចជាពីថ្នាក់អគ្គសេនាធិការកងទ័ព លោក សុន សេន និងថ្នាក់គណៈមជ្ឈិម គឺជនជាប់ចោទ នួន ជា។
លោក ឌុច ប្រាប់អង្គជំនុំជម្រះថា លោកជាអ្នកបង្រៀនពីវិធីសួរចម្លើយដល់កម្មាភិបាលសួរចម្លើយនៅគុកទួលស្លែង។ វិធីធ្វើទារុណកម្មនោះ គឺប្រើតាំងពីពេលលោកនៅគុក ម-១៣ អមលាំង ខេត្តកំពង់ស្ពឺ តាមការណែនាំរបស់មេលោកឈ្មោះ វន វ៉េត៖ «វិធីសួរចម្លើយ ស្លូត កាច អង្កៀម។ ទីមួយខ្ញុំធ្លាប់តែវាយទេ។ ដល់ក្រោយមកជួបបង វនៗ គាត់ប្រាប់ថា មិត្ត ឌុច ខ្ញុំគ្មានពេលជួយមិត្តទេ។ ប៉ុន្តែយួន វាវិទ្យាសាស្ត្របន្តិចដែរ។ អ្នកទោសវាស្ទាបជីពចរត្រង់នេះ (ក) អ្នកភ័យ អ្នកណាមិនភ័យ ហើយទីបី ទារុណកម្មវាមិនធ្វើទេ វាគ្របស្បោងប្លាស្ទិក។ ឯវិធីឆក់ខ្សែភ្លើងនេះ ណាត ចូលចិត្តណាស់។ គាត់យកទូរស័ព្ទជ្រុងៗរបស់អាមេរិក រវៃដៃហ្នឹង។ ឯវិធីសាស្ត្រគ្របក្រមាជ្រមុជទឹក នេះជាវិធីប៉ូលិសរបស់ លន់ នល់ ធ្វើទារុណកម្មខ្មែរក្រហម ប៉ុន្តែគោលការណ៍មួយ អ្នកសួរចម្លើយរូបណាដែលហ៊ានតែធ្វើទារុណកម្មអ្នកទោសសំខាន់ឲ្យស្លាប់ដាច់ចម្លើយ អ្នកឯងទទួលខុសត្រូវខ្លួនឯង គឺសុំច្បាប់ចាប់ភ្លាមឥឡូវហ្នឹង»។
កម្មាភិបាលឈ្មោះ វន វ៉េត ទីបំផុត ក៏ត្រូវស្លាប់ដោយប្រព័ន្ធសន្តិសុខ ឬហៅថា សន្តិបាលដែលលោកណែនាំឱ្យធ្វើទារុណអ្នកទោសនោះដែរ។
អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យដឹងថា អ្នកទោសដែលគេចាប់ចូលទៅគុកទួលស្លែងច្រើន គឺនៅពេលចាប់ផ្ដើមការបោសសម្អាតផ្ទៃក្នុង បន្ទាប់ពីមានចម្លើយសារភាពរបស់ប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន។ លោកថា អ្នកទោសក្នុងបញ្ជីប្រតិបត្តិការនៅ ស-២១ មានចំនួន ១២.៧០០នាក់។ លោកថា មានអ្នកទោសខ្លះត្រូវបានឃុំធ្វើទារុណកម្មសួរចម្លើយយូរ អ្នកខ្លះសួរតិចមុនយកទៅសម្លាប់។ ប៉ុន្តែមានអ្នកទោសជាច្រើននាក់ទៀត ដែលគេមិនបានសួរចម្លើយច្រើន ហើយយកទៅសម្លាប់តែម្ដង។
លោក ឌុច អះអាងជាថ្មីថា ជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាឱ្យសម្លាប់ជនបរទេស ៤នាក់ ដោយដុតនឹងកៅស៊ូកង់ឡានឱ្យសុស ដើម្បីកុំឱ្យសល់ភស្តុតាង។ សាក្សី ឌុច នឹងបន្តសក្ខីកម្មទៀត នៅថ្ងៃចន្ទ ទី១៣ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាក្សី ឌុច អះអាងថា នួន ជា បញ្ជាឱ្យសម្លាប់មនុស្សទាំងអស់នៅមន្ទីរ ស-២១
- សាក្សី ឌុច ថាមានឯកសារដែលនិយាយពី នួន ជា ពាក់ព័ន្ធនឹងការងារមន្ទីរស-២១
- សាលាក្ដីខ្មែរក្រហមបន្តស្ដាប់សាក្សីជាអតីតអ្នកធ្វើបញ្ជីនៅគុកទួលស្លែង
- អតីតអ្នកកាន់បញ្ជីថាអ្នកទោសត្រូវតែស្លាប់ពេលចូលដល់គុកទួលស្លែង
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការ១០ថ្ងៃទុកពេលត្រៀមសួរសាក្សីសំខាន់ក្នុងរឿងមន្ទីរស-២១
- ឌុច នឹងផ្ដល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង០០២វគ្គ២
- អតីតឆ្មាំគុកទួលស្លែងរៀបរាប់អំពីរបៀបចាប់ខ្លួនគ្រប់គ្រងនិងសម្លាប់អ្នកទោសសំខាន់ៗ
- អតីតឆ្មាំគុកទួលស្លែងប្រាប់តុលាការថា ឌុច បញ្ជាឲ្យវះពោះសពអ្នកទោសពេលសម្លាប់ហើយ
- សាក្សីអតីតកុមារពេទ្យនៅមន្ទីរសន្តិសុខស-២១ផ្ដល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមស្ដាប់សក្ខីកម្មអ្នកសួរចម្លើយអ្នកទោសនៅគុកទួលស្លែង