យុវជន​​នៅ​បាត់ដំបង​ប្រមាណ​៦០​នាក់​ស្វែង​យល់​អំពី​របៀប​​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី

ដោយ ហ៊ុំ ចំរើន
2016-06-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សិក្ខាសាលា បោះ​ឆ្នោត ៨៥៥ ២០១៦
វេទិកា​សាធារណៈ​ស្វែង​យល់​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បែប​ថ្មី នៅ​សាល​ប្រជុំ​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ ក្នុង​វត្ត​ដំរីស ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ព្រះសង្ឃ​ប្រមាណ ១០​អង្គ និង​យុវជន​ជាង ៥០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ចូល​រួម​វេទិកា​សាធារណៈ​​ស្វែង​យល់​អំពី​ការ​បោះឆ្នោត​តាម​របៀប​ប្រជាធិបតេយ្យ​ ដែល​​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ហៅ​កាត់​ថា ភី.ឌី.ភី (PDP) នៅ​សាល​ប្រជុំ​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ ក្នុង​វត្ត​ដំរីស ក្រុង​បាត់ដំបង។ កម្មវិធី​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​យល់​ដឹង​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បែប​ថ្មី និង​លើ​ឡើង​កង្វល់​នានា ដែល​ទាក់ទង​ការ​បោះ​ឆ្នោត​នៅ​ពេល​កន្លង​ទៅ។

​​​​​​​​តំណាង​យុវជន​ម្នាក់​មក​ពី​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ដែល​បាន​ចូល​រួម​ក្នុង​វេទិកា លោក ម៉ើល ម៉ៃ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ខាង​មុខ​សាល​ប្រជុំ​ថា វេទិកា​នេះ​មាន​សារសំខាន់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ គឺ​រូប​គេ​ជា​យុវជន​តែ​ម្ដង បាន​យល់​ដឹង​ពី​របៀប​ចុះ​ឈ្មោះ​បោះឆ្នោត​បែប​ថ្មី ដើម្បី​ងាយ​ស្រួល​ដល់​ការ​ត្រៀម​ឯកសារ​យក​ទៅ​ចុះ​ឈ្មោះ​បាន​ឆាប់រហ័ស៖ «ហើយ​ការ​បោះ​ឆ្នោត​នេះ​ដែល​វា​ជា​កាតព្វកិច្ច ព្រោះ​ថា សន្លឹក​ឆ្នោត​មួយ​សន្លឹក​ជា​អនាគត​របស់​ប្រទេស​យើង​ អ៊ីចឹង​យើង​ត្រូវ​ទៅ​ចូល​រួម​ដើម្បី​កែប្រែ​ប្រទេស​យើង​ទាំង​គ្នា»

​​​​​​​​​ស្រដៀង​គ្នា​នេះ​ដែរ​ យុវតី​មក​ពី​ក្រុង​បាត់ដំបង ម្នាក់​ទៀត​ គឺ​កញ្ញា ស៊ន សុជាផាវី ថ្លែង​ថា កញ្ញា​ទន្ទឹង​រង់ចាំ​សិក្សា​ស្វែង​យល់​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បែប​ថ្មី​នេះ​ជា​យូរ​មក​ហើយ​ ដើម្បី​យល់ដឹង​កាន់​តែ​ច្បាស់ និង​ពន្យល់​បន្ត​ទៅ​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​​របស់​កញ្ញា។

កញ្ញា​សំណូម​ពរ​​ឲ្យ​យុវជន​គ្រប់​រួប​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​ទៅ​ចូល​រួម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ របស់​ខ្លួន​ឲ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ឲ្យ​ការ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ប្រកប​ដោយ​ ភាព​សុក្រឹត​និង​យុត្តិធម៌៖ «ការ​ចុះ​ឈ្មោះ​ឆ្នោត​នេះ ទី​មួយ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ យើង​គឺ​ពេញវ័យ​ហើយ​ យើង​មាន​តួនាទី​របស់​យើង​ហើយ​ដែល​យើង​ត្រូវ​បំពេញ​ ហើយ​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន។ អ៊ីចឹង​យើង​បាន​បំពេញ​តួនាទី​ជា​យុវជន​ម្នាក់​នៅ​ក្នុង​សហគមន៍​ ហើយ​យើង​បាន​ជ្រើសរើស​មេ​ដឹក​នាំ​ដែល​យើង​ពេញ​ចិត្ត»

ឯកសារ​សំខាន់​ដែល​ប្រជាពលរដ្ឋ​អាច​យក​ទៅ​ចុះ​ឈ្មោះ​​​​​​​បោះ​ឆ្នោត​បែប​ថ្មី​នេះ​បាន គឺ​អត្តសញ្ញាណប័ណ្ណ។

ប្រធាន​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង​ ដែល​បាន​ចូល​រួម​​ធ្វើ​ជា​វាគ្មិន មាន​ប្រសាសន៍​ថា​ ករណី​​ពលរដ្ឋ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​ គឺ​ជំហាន​ដំបូង​ពួកគាត់​​​ត្រូវ​ទៅ​ជួប​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ដែល​ខ្លួន​រស់​នៅ​​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ លោក​បញ្ជាក់​ថា ពេល​នោះ​នគរបាល​​នឹង​ចេញ​លិខិត​បញ្ជាក់​មួយ​ឲ្យទៅ​​ពលរដ្ឋ ហើយ​នាំ​លិខិត​នោះ ដោយ​មាន​សាក្សី ២​នាក់​ជាប់​ទៅ​មួយ​ផង ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​សង្កាត់​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ទើប​អាច​ទៅ​​ចុះ​ឈ្មោះ​បាន៖ «រី​ឯ​កាលបរិច្ឆេទ​មិន​ទាន់​ច្បាប់​លាស់​ទេ។ យើង​ខ្ញុំ​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រោយ​នៅ​ពេល​ដែល​យើង​បាន​ទទួល​ដំណឹង។ ម្យ៉ាង​ទៀត​សូម​បងប្អូន​កុំ​បារម្ភ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ត្រូវ​មាន​ឯកសារ​អី​ច្រើន​គឺ​អត់​មាន​ទេ គឺ​មាន​ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាង​ដើម»

​​​​​​​​​​​​​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក សេង ឫទ្ធី​ មាន​ប្រសាសន៍​ថា យុវជន​ប្រមាណ ១០​ខេត្ត​ដែល​លោក​ចុះ​អប់រំ​កន្លង​មក​ ភាគ​ច្រើន​ពួកគេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បែប​ថ្មី​នេះ​ ពីព្រោះ​ជា​ការ​ចុះ​ឈ្មោះ​តាម​បែប​ទំនើប​តាម​ប្រពន្ធ​កុំព្យូទ័រ៖ «យើង​ចង់​ឲ្យ​ក្រុម​អ្នក​​ចុះ​ឈ្មោះ​បោះឆ្នោត​ធ្វើ​យ៉ាង​ណា​គោរព​ទៅ​តាម​នីតិវិធី​បញ្ជា​ ជា​ពិសេស​គឺ​តម្រូវ​ឲ្យ​យុវជន​ទៅ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់ ហើយ​ជៀសវាង​ការ​ផ្ញើ​ឯកសារ​តាម​អាជ្ញាធរ ឬ​បងប្អូន ដែល​ពី​មុន​មក​យើង​ឃើញ​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ»

ទោះ​យ៉ាង​នេះ​ក្ដី​ លោក សេង ឫទ្ធី ​ព្រួយ​បារម្ភ​ខ្លាច​​​ក្រែង​យុវជន​មួយ​ចំនួន​មិន​អាច​ទៅ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​ពេល​ខាង​មុន​ ដោយសារ​ពួកគេ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ និង​លិខិត​បញ្ជាក់​អត្តសញ្ញា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles