សព​ពលករ​ខ្មែរ​៦​នាក់​និង​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា

ដោយ ហ៊ុំ ចំរើន
2016-06-09
RFA

សាកសព​ពលករ​ខ្មែរ​ចំនួន ​៦​នាក់ ​និង​អ្នក​របួស​​ស្រាល​ចំនួន ១៦​នាក់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​មក​ដល់​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​មិថុនា។

ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មិថុនា ថា ពលករ​ដែល​​ស្លាប់​នោះ​មាន​ស្រី ៣​នាក់ និង​ប្រុស ៣​នាក់។ ក្នុង​នោះ​​​​មាន ៣​នាក់​មក​ពី​ខេត្ត​សៀមរាប ម្នាក់​មក​ពី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ពី​ខេត្ត​កំពង់ឆ្នាំង ម្នាក់​ និង​ខេត្ត​កោះកុង​ម្នាក់។

លោក​បន្ថែម​ថា ​អ្នក​រង​របួស​ធ្ងន់​ចំនួន ៦​​នាក់​ទៀត​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះកែវ នៅ​ឡើយ៖ «ពលករ​ទាំង​អស់​គ្នា​នោះ​បាន​ជិះ​រថយន្ត​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។ នៅ​ពេល​​ធ្វើ​ដំណើរ​នោះ រថយន្ត​បាន​បើក​បុក​សសរ​បង្គោល​ភ្លើង​អគ្គិសនី​ ហើយ​បាន​ក្រឡាប់​ធ្លាក់​ទឹក​តែ​ម្ដង»

​លោក​អះអាង​ថា​​ សមត្ថកិច្ច​ថៃ កំពុង​ស៊ើប​អង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដើម្បី​ឲ្យ​អ្នក​ប្រព្រឹត្ត​ទទួល​ខុសត្រូវ​ និង​ផ្ដល់​សំណង​ដល់​​ជនរងគ្រោះ។ ចំណែក​ឯ​​​សាកសព​ពលករ​ត្រូវ​បាន​សាច់​ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត នៅ​យប់​ថ្ងៃ​ទី​៨ ខែ​មិថុនា រី​ឯ​អ្នក​រង​របួស​ស្រាល​​​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​​រៀងៗ​ខ្លួន​នៅ​យប់​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles