ដោយ រដ្ឋា វិសាល
2016-06-09
RFA

ក្រុមសហគមន៍ភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ជួបប្រជុំគ្នានៅសាលាប្រជុំភូមិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដើម្បីរៀបចំពាក្យប្ដឹងក្រុមហ៊ុន រត្ន សាខន រឿងឈូសឆាយដីសហគមន៍។ Photo provided
![]()
ប្រជាពលរដ្ឋជនជាតិដើមភាគតិចភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ រត្ន សាខន បានលួចឈូសឆាយដីព្រៃត្រៀមបម្រុងសហគមន៍នៅវេលាយប់ ដើម្បីពង្រីកដីសម្បទាន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកបញ្ហានេះថាជាការរំលោភបំពានសិទ្ធិដីធ្លីជនជាតិដើមភាគតិច។
ដីព្រៃជាង ៣០ហិកតារបន្ថែមទៀត ត្រូវបានក្រុមហ៊ុន រត្ន សាខន ឈូសឆាយ បន្ទាប់ពីអ្នកភូមិបានតវ៉ាជាច្រើនលើក មិនឲ្យក្រុមហ៊ុនឈូសឆាយទៅលើដីព្រៃត្រៀមបម្រុងរបស់សហគមន៍។
ការឈូសឆាយនេះ ធ្វើឡើងគ្រាដែលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានជួបចរចាជាមួយតំណាងក្រុមហ៊ុនកាលពីខែឧសភា ថានឹងរៀបចំវេទិកាតុសន្តិភាពដោះស្រាយជម្លោះដីធ្លីរវាងសហគមន៍ភូមិសាមុត្រលើ ជាមួយក្រុមហ៊ុននៅខែមិថុនា នេះ។
ប្រធានសហគមន៍ភូមិសាមុត្រលើ លោក ទុយ ញេប បញ្ជាក់ថា នេះជាការរំលោភកិច្ចពិភាក្សារវាងតំណាងក្រុមហ៊ុន និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលព្យាយាមដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ លោកថា សហគមន៍បានព្យាយាមតវ៉ាដោយសន្តិវិធីជាច្រើនលើក សុំឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបន្តឈូសឆាយ បើទោះបីអាជ្ញាធរមូលដ្ឋានបានសម្របសម្រួលឲ្យក្រុមហ៊ុន រក្សាដី ១ពាន់ហិកតារសម្រាប់សហគមន៍ប្រើប្រាស់ក្តី៖ «ឥឡូវគេចាប់ឈូសឆាយពីអូរណងម៉ាល់ ទៅអូរណងតែបែក។ សហគមន៍គាត់បានរាយការណ៍ទៅមេភូមិ មេភូមិថាចាំមេឃុំ មេឃុំថារង់ចាំអភិបាលស្រុកទៀត។ ខ្ញុំថារង់ចាំទាល់តែអស់ដី»។
តំណាងសហគមន៍ភូមិសាមុត្រលើ ឲ្យដឹងថា ចាប់ពីដើមខែឧសភា រហូតបច្ចុប្បន្នក្រុមហ៊ុន រត្ន សាខន ដែលគ្រប់គ្រងធ្វើអាជីវកម្មដីសម្បទានដោយជនជាតិចិន បានលួចឈូសឆាយដីនៅវេលាយប់ចាប់ពីម៉ោង ៧ រហូតម៉ោង ១២យប់រៀងរាល់ថ្ងៃ ដើម្បីពង្រីកទំហំដីសម្បទានរបស់ខ្លួន។ លើសពីនេះទៀត ក្រុមហ៊ុនបានប្រើប្រាស់កងសន្តិសុខភូមិ និងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃដើម្បីយាមការពារគ្រឿងចក្រដែលឈូសឆាយដីនោះទៀតផង។
តំណាងក្រុមហ៊ុន រត្ន សាខន លោក អ៊ឹងធា សុវណ្ណារ៉ា បដិសេធមិនអធិប្បាយពាក់ព័ន្ធការចោទប្រកាន់នេះទេ នៅថ្ងៃទី៧ ខែមិថុនា៖ «ដោយសារខ្ញុំអត់បាននៅកន្លែង ខ្ញុំនៅមានការនៅកំពង់សោម ខ្ញុំអត់ដឹង»។
ចំណែកជំទប់ទី២ ឃុំសេដា លោក ភូន សុវណ្ណ ទទួលស្គាល់ថា អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានឃើញថា ក្រុមហ៊ុនពិតជាបានឈូសឆាយដីបន្ថែម ខណៈដែលអាជ្ញាធរស្រុកធ្លាប់បានសម្របសម្រួលឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ដើម្បីរង់ចាំការដោះស្រាយ។ លោកថា បានរាយការណ៍ជូនអាជ្ញាធរស្រុកករណីនេះហើយ៖ «រាយការណ៍ទៅស្រុកហើយតើ! ទៅមើលហើយ ហើយកន្លែងប្រជាពលរដ្ឋរាយការណ៍ឈូសកន្លែងហ្នឹងទៀតហើយ»។
កាលពីដើមឆ្នាំ២០១៥ បេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច បានសម្របសម្រួលឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយទៅលើដី ១ពាន់ហិកតារ ដែលសហគមន៍ស្នើសុំទុកជាដីត្រៀមបម្រុង។ រីឯមន្ត្រីមន្ទីរបរិស្ថាន បានអះអាងថា នឹងផ្តល់ដី ១ពាន់ហិកតារនៅចំណុចផ្សេងឆ្ងាយពីភូមិ ទៅឲ្យក្រុមហ៊ុនវិញ ដើម្បីបញ្ចប់ការតវ៉ារបស់ពលរដ្ឋ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា រហូតពេលនេះ ក្រុមហ៊ុនបានរំលោភកិច្ចសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចជាបន្តបន្ទាប់ ដោយសារតែក្រុមហ៊ុននៅតែបន្តឈូសឆាយដីដែលសហគមន៍ស្នើសុំរក្សាទុក សម្រាប់ចុះបញ្ជីជាដីត្រៀមបម្រុងសហគមន៍។ លោកចាត់ទុកទង្វើរបស់ក្រុមហ៊ុន ថាជាសកម្មភាពបង្កឲ្យមានភាពស្មុគស្មាញកាន់តែធ្ងន់ធ្ងរឡើងទៅលើគោលនយោបាយដោះស្រាយវិវាទដីធ្លីរបស់រាជរដ្ឋាភិបាល និងបង្កផលប៉ះពាល់បន្ថែមទៀតលើសិទ្ធិដីធ្លីជនជាតិដើមភាគតិច៖ «ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ បានចុះពិភាក្សាគ្នាហើយ ក្រុមហ៊ុននៅតែឈូស។ អ៊ីចឹងយើងគិតថា គួរតែថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ មានចំណាត់ការទៅលើក្រុមហ៊ុនឲ្យបានម៉ឺងម៉ាត់ កុំឲ្យទំនាស់ហ្នឹងកើតឡើងវែងឆ្ងាយបន្ថែមទៀត»។
កាលពីខែឧសភា មន្ត្រីអង្គការសង្គមស៊ីវិល រួមមានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) បានជួបពិភាក្សាជាមួយប្រធានផ្នែកដាំដុះក្រុមហ៊ុន រត្ន សាខន ជាជនជាតិចិន ដោយបានឯកភាពគ្នាស្វែងរកដំណោះស្រាយសន្តិវិធីតាមរយៈវេទិកាតុសន្តិភាពដោះស្រាយជម្លោះនេះ។
មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រចាំខេត្តរតនគិរី លោក មាស សុភា កត់សម្គាល់ដែរថា ការលួចឈូសឆាយដីនៅពេលយប់ សបញ្ជាក់ថា ក្រុមហ៊ុនមានចេតនាមិនល្អក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី។ ករណីនេះ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អំពាវនាវសុំឲ្យក្រុមហ៊ុន បញ្ឈប់ការរំលោភនេះ ហើយងាកមករកតុពិភាក្សាជាមួយសហគមន៍ឡើងវិញ៖ «ករណីមួយដែលមិនសមស្របរួចទៅហើយ ក្រុមហ៊ុនណាឈូសនៅពេលយប់? កន្លងមកតំបន់ហ្នឹងជាតំបន់ដែលសហគមន៍បានជូនដំណឹងទៅក្រុមហ៊ុន ថាជាតំបន់គាត់សុំប្ដូរដីទីតាំងហ្នឹង។ អ្វីដែលក្រុមហ៊ុនគួរតែធ្វើ គឺត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយងាកមកដោះស្រាយរឿងហ្នឹងឲ្យចប់សព្វគ្រប់សិន ចាំបន្តទៀត»។
ក្រុមហ៊ុន រត្ន សាខន ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៨ពាន់ហិកតារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក៏ប៉ុន្តែដីមួយផ្នែកដែលរដ្ឋបានផ្តល់ទៅឲ្យក្រុមហ៊ុន គឺជាដីសហគមន៍ភូមិសាមុត្រលើ បានគ្រប់គ្រង និងអាស្រ័យផលជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិច។
យ៉ាងណាក៏ដោយ អភិបាលស្រុកលំផាត់ លោក នូ ថេរ ថ្លែងទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានឈូសឆាយដីដែលអាជ្ញាធរបានណែនាំឲ្យក្រុមហ៊ុនផ្អាកកន្លងទៅ។ លោកថា អាជ្ញាធរបានណែនាំឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពនេះវិញហើយ៖ «គេធ្វើតាំងពីម្សិលមិញ ប៉ុន្តែខ្ញុំបានបញ្ឈប់ក្រុមហ៊ុនហើយ។ ស្អែកខ្ញុំចុះទៅសាមុត្រលើ ហ្នឹងហើយ»។
តាមការគ្រោងទុក មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នឹងរៀបចំវេទិកាតុសន្តិភាពដោះស្រាយវិវាទដីធ្លីសហគមន៍ភូមិសាមុត្រលើ ជាមួយក្រុមហ៊ុន រត្ន សាខន នៅថ្ងៃទី២៦ ខែមិថុនា នៅសាកលវិទ្យាល័យ បៀលប្រាយ ខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាតិដើមភាគតិចនៅខេត្តរតនគិរីប្រមូលផ្តុំគ្នាប្រឆាំងដីការក្សាការពាររបស់តុលាការ
- អាជ្ញាធរខេត្តរតនគិរីដោះស្រាយយកដីតំបន់កប់សពប្រគល់ឲ្យសហគមន៍គ្រប់គ្រងវិញ
- ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅរតនគិរីរងការទន្ទ្រានកាន់កាប់ខុសច្បាប់
- ពលរដ្ឋខេត្តរតនគិរីចោទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចថាបន្តឈូសឆាយយកដីសហគមន៍
- ជម្លោះតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀងនៅខេត្តរតនគិរីត្រូវបានដោះស្រាយ
- សហគមន៍ជនជាតិដើមភាគតិចទំពួនខេត្តរតនគិរីទទួលយកដំណោះស្រាយដីធ្លីក្រៅប្រព័ន្ធតុលាការ