អ្នក​ជាប់​ឃុំ​ក្នុង​រឿង​នយោបាយ​ត្រូវ​បាន​គេ​រឹត​បន្តឹង

រថយន្ត​ដឹង​លោក អ៊ី សុខសាន្ត ទៅពន្ធនាគារព្រៃស ចេញពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីខែមុន។ ផា លីណា

រថយន្ត​ដឹង​លោក អ៊ី សុខសាន្ត ទៅពន្ធនាគារព្រៃស ចេញពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីខែមុន។ ផា លីណា



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ភ្នំពេញ​ប៉ុស្តិ៍​បាន​ដឹង​ព័ត៌មាន​ថា​វិធានការ​សន្ដិសុខ​ថ្មី​នៅក្នុង​ពន្ធនាគារ​ព្រៃស​ដែល​​​​​រៀបចំ​ឡើង​ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​គុក​នោះ​កំពុង​ត្រូវ​បាន​​យក​មក​ប្រើ​​​​​​​​​លើ​អ្នក​​ជាប់​ឃុំ​ក្នុង​រឿង​នយោបាយ​ជំនួស​វិញ។

ក្រុម​គ្រួសារ​របស់​​​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ពន្ធនាគារ​បាន​ប្រើ​រនាំង​កញ្ចក់​នៅ​កន្លែង​សួរ​សុខទុក្ខ​ ដើម្បី​​បង្ការ​កុំ​ឲ្យ​សមាជិក​​សមាគម​អាដហុក​ដែល​កំពុង​ជាប់ឃុំ​ប៉ះពាល់​​រូប​កាយ​ជាមួយ​​នឹង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ។

លោក នុត សាវនា អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​វិធានការ​​នេះ​គឺជា​គោលនយោបាយ​ដែល​​បាន​អនុវត្ត​នា​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដើម្បី​ទប់ស្កាត់​ការ​​ចែកចាយ​ថ្នាំ​ញៀន​រវាង​អ្នក​ទោស​ និង​​អ្នក​សួរ​សុខទុក្ខ​បន្ទាប់ពី​ការ​ស៊ើប​អង្កេត​ផ្ទាល់​​របស់​រដ្ឋាភិបាល​បាន​រកឃើញ​ថា​សម្បូរ​ទៅ​ដោយ​​ករណី​​សេព​សារធាតុញៀន​នៅក្នុង​ពន្ធនាគារ​កម្ពុជា។

លោក​​បញ្ជាក់​ថា​រនាំង​ខណ្ឌ​ចែក​គឺជា​នីតិវិធី​ធម្មតា​សម្រាប់​អ្នក​ជាប់​ឃុំ​ទាំងអស់។ ប៉ុន្តែ​នៅ​ពន្ធនាគារ​ព្រៃស​ ​កាលពី​ម្សិលមិញ​ មនុស្ស​ជាច្រើន​ដែល​ទើប​បាន​​សួរ​សុខទុក្ខ​​សាច់ញាតិ​នៅ​ពន្ធនាគារ​បាន​លើក​ឡើង​ថា ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ចូល​​ជួប​គ្នា​ដោយ​សេរី។​

ស្ត្រី​ម្នាក់​បាន​និយាយ​ថា​៖ «យើង​អង្គុយ​ទល់​មុខ​គ្នា​នៅ​តុ​ជាមួយ​គ្នា​ហើយ​អាច​កាន់​ និង​ប៉ះ​ដៃ​​គ្នា​ទៅវិញ​ទៅមក​បាន​​»។

នៅ​ពេល​សួរ​អំពី​ភាព​ខុស​គ្នា​នេះ​ក្រោយ​មក​អ្នក​នាំ​ពាក្យ​​រូប​នោះ​បាន​​លើក​ឡើង​ថា​លោក​នឹង​ស្នើ​​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ធ្វើការ​ស៊ើបអង្កេត​ថា​តើ​មាន​ការ​រើសអើង​​ឬ​យ៉ាង​ណា​? លោក​​​ថា​លោក​ស្វាគមន៍​ពាក្យ​បណ្តឹង​អំពី​ការ​​ប្រព្រឹត្ត​មិន​ស្មើភាព​។​

លោក​ សាវនា ​​ថា​៖ «ក្រុម​អ្នក​ជំនាញ​នឹង​ទៅ​ធ្វើការ​ស៊ើបអង្កេត​អំពី​បញ្ហា​នេះ​»​។

យោង​តាម​ប្រភព​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ​បាន​ឲ្យ​ដឹង​ថា​រនាំង​ខណ្ឌ​ចែក​ត្រូវ​បាន​ប្រើ​​​​​ក្នុង​អំឡុង​ពេល​សួរ​សុខទុក្ខ​រវាង​សាច់ញាតិ និង​លោក នី សុខា លោក អ៊ី សុខសាន្ត ​និង​លោក ណៃ វង់ដា ដែល​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ម ១ ផ្នែក​បុរស​នៅ​ព្រៃស​។ រនាំង​នេះ​មិន​​បាន​ប្រើ​សម្រាប់​អ្នកស្រី លែន មុន្នី ​ដែល​ជាប់​ឃុំ​នៅ ម ២ ឬ លោក​ នី ចរិយា អតីត​បុគ្គលិក​អាដហុក​ដែល​បាន​ក្លាយ​ជា​​មន្រ្តី​រង គ.ជ.ប ដែល​ជាប់​នៅ​ពន្ធនាគារ PJ ឡើយ​។

ភរិយា​របស់​​លោក វង់ដា លោកស្រី ភាវ ម៉ីអាយុ ៤១ ឆ្នាំបាន​និយាយ​ថា​លោកស្រី​​មិន​បាន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ក្រុម​គ្រួសារ​របស់​លោកស្រី​ខុស​ពី​អ្នក​ផ្សេង​ឡើយ​?​

លោកស្រី​​បញ្ជាក់​ថា៖ «​យើង​​តូច​ចិត្ត​ដែល​​គេ​មិន​អនុញ្ញាត​ឱ្យ​យើង​ជួប​គ្នា​ដូច​​អ្នក​ដទៃ​ទៀត។ កូនស្រី​យើង​យំ​ដោយសារ​នាង​ចង់​ឱប​ឪពុក​របស់​គាត់​ប៉ុន្តែ​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​»។

នាង សាន វណ្ណតនៈវត្តី កូនស្រី​របស់​លោក សុខសាន្ត ​​ថ្លែង​ថា​នាង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ជួប​ឪពុក​របស់​​ខ្លួន​តាម​កញ្ចក់​។ នាង​ថ្លែង​ថា​៖ «ពួកគេ​បាន​ប្រាប់​យើង​ថា​គាត់​មិន​ទាន់​បាន​​ផ្តន្ទាទោស​ទេ​ហេតុ​នេះ​យើង​មិន​អាច​ជួប​តទល់​មុខ​គ្នា​ទេ​ប៉ុន្តែ​យើង​ដឹង​ថា​អ្នក​​ជាប់​ឃុំ​ផ្សេង​ទៀត​ដែល​ទើប​មក​ទី​នោះ​កាលពី​សប្តាហ៍​មុន​អាច​ជួប​ក្រុម​គ្រួសារ​របស់​​ខ្លួន​​​ទល់​មុខ​បាន​»។

លោក Billy Tai មេធាវី​​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ការ​​​បំបែក​អ្នក​ជាប់​ឃុំ​មិន​ឲ្យ​ជួប​​​​​​​​​​តទល់​ជាមួយ​នឹង​ក្រុម​គ្រួសារ​គឺជា​ទម្រង់​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​​។ ​អ្នក​ទាំង​ប្រាំ​​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​កាលពី​​ខែ​មេសា​ឆ្នាំ​មុន​ហើយ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​សូកប៉ាន់​​នាង​ ខុម ចាន់តារាទី ​​ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា មេដឹកនាំ​​គណបក្ស​ប្រឆាំង​ឲ្យ​​បដិសេធ​ថា​មិន​​មាន​​រឿង​អាស្រូវ​ស្នេហា​ជាមួយ​នឹង​​លោក កឹម សុខា​។ ករណី​នេះ​ត្រូវ​បាន​គេ​រិះគន់​ជាទូទៅ​ថា​ជា​​រឿង​​នយោបាយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​អង្គការ Human Rights Now ​ដែល​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​​​បាន​សម្តែង​នូវ​​ក្តីកង្វល់​​យ៉ាង​ខ្លាំង​អំពី​ការ​ឃុំ​ខ្លួន​​ និង​ចំណាត់ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី គជប ​។ ​

អង្គការ​​នេះ​បាន​ឱ្យ​ដឹង​ថា​៖ «​ការ​យាយី​ និង​​​ការ​ឃុំខ្លួន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺជា​បញ្ហា​​ធ្ងន់ធ្ងរ​ណាស់​ហើយ​អាច​នឹង​ត្រូវ​បាន​បកស្រាយ​​ថា​ជា​បញ្ហា​ប្រឈម​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ព្រោះ​វា​​រំលោភ​​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​ក្រោម​ច្បាប់​អន្តរជាតិ» ហើយ​អង្គការ​នេះ​អំពាវនាវ​ឲ្យ​ដោះ​លែង​ក្រុម​នេះ​​ភ្លាមៗ​។

លោក គា សុផល មេធាវី​​របស់​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​ថា​ក្រុម​នេះ​នឹង​ត្រូវ​​បើក​សវនាការ​ស្តីពី​ការ​សុំ​ធានា​នៅ​​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា។

អង្គការ​លីកាដូ​បាន​កំណត់​មនុស្ស​ ២៩ នាក់​នៅ​កម្ពុជា​ថា​ជា​ប្រភេទ «អ្នក​ទោស​នយោបាយ​» បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​បដិសេធ​​ការ​កំណត់​ប្រភេទ​​នេះ​ក៏​ដោយ៕


Contact authors: ម៉ិច ដារ៉ា and Shaun Turton

What Next?

Recent Articles