
ក្បាលទន្សោង និងខ្ទីងដែលឆែកឃើញក្នុងផ្ទះអ្នកភូមិ។ រូបៈ WWF
Fri, 10 June 2016
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
មណ្ឌលគិរីៈ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរសអ្នកភូមិវ័យ ៥០ ឆ្នាំម្នាក់កាលពីម្សិលមិញបន្ទាប់ពីរកឃើញក្បាលខ្ទីង និងទន្សោងចំនួន ៥ ក្នុងផ្ទះរបស់គេនៅភូមិរាំងសី ឃុំស្រែសង្គម ស្រុកកោះញែក។
ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីបានស្រាវជ្រាវដឹងច្បាស់ហើយរដ្ឋបាលព្រៃឈើកោះញែកក៏បានរកឃើញក្បាលសត្វខ្ទីង ២ និងក្បាលទន្សោង ៣ ក្នុងផ្ទះគាត់។ អ្នកភូមិដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ អ៊ុនសាវុធ ជាជនជាតិខ្មែរ។ នេះបើតាមអង្គការ WWF កម្ពុជាដែលកំពុងតែសហការជាមួយរដ្ឋាភិបាលកម្ពុជាផ្នែកអភិរក្សសត្វព្រៃក្នុងតំបន់នោះ។
លោក ឆេង សំបូរ មន្រ្តីផ្នែកទំនាក់ទំនងរបស់អង្គការ WWF កម្ពុជាបានបញ្ជាក់ថា៖ ១ «ក្បាលសត្វខ្ទីង និងទន្សោងហ្នឹងនៅថ្មីៗ។ ជនល្មើសត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក»។
អង្គការ WWF កម្ពុជាបានសង្កេតឃើញថាសត្វខ្ទីង និងសត្វទន្សោងដែលជាសត្វកម្រកំពុងរងគ្រោះហើយចំនួនក៏កំពុងតែធ្លាក់ចុះផងដែរ។ អង្គការនេះបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតឲ្យបានហ្មត់ចត់លើករណីនេះហើយចោទប្រកាន់ជនសង្ស័យ ឬអ្នកពាក់ព័ន្ធ និងដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃខុសច្បាប់។
លោក ព្រំ សុវណ្ណា នាយរងរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានឲ្យដឹងបន្ថែមថាមន្រ្តីផ្នែករដ្ឋបាលព្រៃឈើរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។
ការរកឃើញនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីអង្គការ WWF កម្ពុជាចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនសត្វព្រៃក្នុងខេត្តមណ្ឌលគិរីដោយសារតែការបាត់បង់ជម្រកការបរបាញ់ដោយប្រើប្រាស់កាំភ្លើងខុសច្បាប់ ការសាងសង់ផ្លូវចូលតំបន់សត្វព្រៃរស់នៅ និងដោយសារការអនុវត្តច្បាប់នៅខ្វះចន្លោះ៕