តុលាការ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​ក្រុមហ៊ុន​ប៊ុណា្ណ រៀលធី ករណី​ចេញ​សែក​ស្អុយ

ដោយ អ៊ុង សេរីវុទ្ធ
2016-06-10
RFA

តុលាការ ភ្នំពេញ ៨៥៥ ២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ (RFA/Brach Chev)


ចៅក្រម​សើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​​ប្រធាន​ក្រុមហ៊ុន ប៊ុណា្ណ រៀលធី លោក ស៊ឹង ប៊ុណ្ណា ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា លោក ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​លោក សេង ហៀង ចេញ​ដីកា​​បង្គាប់ឱ្យ​ចូល​ខ្លួន ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ឬ​សែក​ស្អុយ។

យ៉ាងណាក៏ដោយ​លោក លី សុផាណា មិន​ទាន់​បញ្ជាក់​ថា ចំនួន​ទឹកប្រាក់​នៃ​សែក​ស្អុយ​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​សារពត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា សែក​នោះ​មាន​ទឹកប្រាក់​ជាង​៤០ម៉ឺន​ដុល្លារ តាម​បណ្តឹង​របស់​ឧកញ៉ា កែវ ហ៊ុន។

មាត្រា២៣១ នៃ​ច្បាប់​ស្ដីពី ឧបករណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ចែង​ថា បុគ្គល​ណា មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន នៅ​ពេល​ឥណប្រតិទាន ដោយ​មាន​បំណង និង​ដោយ​មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ពី ២​លាន ដល់​៦​លាន​រៀល និង​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់​៣​ឆ្នាំ ដោយ​មិន​ទាន់​គិត​ដល់​កាតព្វកិច្ច​ទូទាត់​សំណង​ចំនួន​ប្រាក់ នៃ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​នោះ​ទៅ​អ្នក​កាន់។

ក្រុមហ៊ុន ប៊ុណា្ណ រៀលធី ជា​ក្រុមហ៊ុន​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​១៩៩៩​មក ដោយ​ចាប់​ផ្ដើម​ពី​ការិយាល័យ​ដ៏​តូច​ជាមួយ​តុ និង​ម៉ូតូ​ចាស់​មួយ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles