បន្ទាប់ពីស្ងាត់មួយរយៈ តុលាការ​កោះហៅ​ស្រីមុំ​ឲ្យ​ចូលបំភ្លឺពាក់ព័ន្ធ​នឹង​សំណុំរឿងសញ្ចារកម្ម​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦​ | ម៉ោង 5:42 PM
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ


ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឲ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។

ស្រីមុំជានារីម្នាក់ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តាមរយៈខ្សែអាត់សំឡេងដែលត្រូវបានបង្ហោះលើប្រព័ន្ធសង្គមហ្វេសប៊ុក។ ក្នុងដីកាកោះហៅចុះថ្ងៃទី៨ ខែមិថុនា លោក សៀង សុខ បានហៅនាងស្រីមុំឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួររឿងពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម។ ព្រះរាជអាជ្ញាក៏បានកោះហៅមេធាវីរបស់នាង ឈ្មោះ លោក គឹម វាសនា ឲ្យចូលមកតុលាការផងដែរ។

ស្រីមុំមិនបានចេញមុខមួយរយៈ ក្រោយពីតុលាការបានចេញដីកាកោះហៅលោក កឹម សុខា ក្នុងនាមជាសាក្សី ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្មនេះ។ លោក កឹម សុខា មិនបានចូលបំភ្លឺពីរលើករួចមកហើយ រហូតដល់លោកប្រឈមមុខនឹងការចាប់ខ្លួន។ តុលាការក៏បានកោះហៅលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែមិថុនា។

កាលពីថ្ងៃទី២២ ខែមេសា ស្រីមុំបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា ទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ ដោយនាងយល់ថាលោក កឹម សុខា ធ្វើឲ្យរូបនាងខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរ។ នាងក៏បានលើកឡើងថាផងដែរថាតំណាងរាស្រ្តបក្សប្រឆាំងពីររូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា បានបោកប្រាស់នាងឲ្យ “បាត់បង់ការងារ កិត្តិយស និងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន”។ តុលាការក៏បានកោះហៅតំណាងរាស្រ្តទាំងពីររូបឲ្យចូលបំភ្លឺពីការចោទប្រកាន់ពីអំពើពេស្យាចារ តែពួកគេមិនបានចូលបំភ្លឺនោះទេ។

គួរបញ្ជាក់ថាស្រីមុំធ្លាប់បានសរសេរលិខិតចំហរមួយ ដោយបានលើកឡើងថានាងពិតជាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles