ដោយ រដ្ឋា វិសាល
2016-06-10
RFA

ផែនទីខេត្តស្ទឹងត្រែង (Photo: RFA)
សាក្សីបញ្ជាក់ប្រាប់ប៉ូលិសថា សំឡេងផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់បានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី៩ ខែមិថុនា នៅក្បែរផ្ទះប្រធានភូមិស្រែគរមួយ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ខណៈប្រធានភូមិ និងក្រុមគ្រួសារកំពុងចូលរួមពិធីបុណ្យនៅក្នុងវត្ត។
មិនមានហេតុអាក្រក់ណាមួយកើតមានចំពោះនរណាម្នាក់ទេ ក៏ប៉ុន្តែប្រធានភូមិដែលជាមន្ត្រីគណបក្ស សម រង្ស៊ី លោក លាង លាភ បារម្ភពីសុវត្ថិភាពរបស់ខ្លួន និងចាត់ទុកស្នូរគ្រាប់កាំភ្លើងគឺជាការបាញ់គំរាមក្នុងរឿងនយោបាយ។
លោកថា ការបាញ់គំរាមនេះ ទំនងសម្ពាធនយោបាយដែលមន្ត្រីបក្សកាន់អំណាចនៅមូលដ្ឋានកំពុងរារាំងសកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ៖ «ខ្ញុំប្ដឹងទៅសមត្ថកិច្ចដែរ គាត់ទៅមើលដែរ។ ខ្ញុំគិតថា ប្រហែលគេគំរាមកំហែងខ្ញុំតាមខ្ញុំគិតមើលអត់ ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋណាផង ហេតុម៉េចបានជាគេមកបាញ់កាំភ្លើងនៅផ្ទះខ្ញុំ?»។
ផ្ទុយពីការបារម្ភនេះ នាយនគរបាលប៉ុស្តិ៍ឃុំស្រែគរ លោក ហត ស៊ត អះអាងថា បានចុះទៅពិនិត្យកន្លែងឮសូរសំឡេងផ្ទុះភ្លាមៗ ក៏ប៉ុន្តែមិនមានឃើញសំបកគ្រាប់ ឬវត្ថុតាងបញ្ជាក់ថា ជាការផ្ទុះអាវុធនោះឡើយ។ លោកទទួលស្គាល់ថា អ្នកភូមិរស់នៅក្បែរផ្ទះប្រធានភូមិពិតជាឮសំឡេងផ្ទុះ ក៏ប៉ុន្តែគ្មានអ្នកណាប្រាកដថា ជាសំឡេងអ្វីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងអាចនឹងជួបចរចាក្នុងពេលខាងមុខ
- បក្សកាន់អំណាចពិចារណាសំណើសុំជួបចរចារបស់បក្សប្រឆាំង
- រដ្ឋសភាបញ្ជាក់ថាមិនអាចការពារអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង៣រូប
- គណបក្សសង្គ្រោះជាតិគ្រោងជួបជុំមហាជននៅទីស្នាក់ការកណ្ដាលនៅថ្ងៃទី១៤ មិថុនា
- បក្សប្រឆាំងនឹងធ្វើពិធីព្រះពុទ្ធសាសនាបួងសួងឲ្យមានការគោរពអភ័យឯកសិទ្ធិតំណាងរាស្ត្រ
- គណបក្សប្រឆាំងរៀបចំពាក្យប្ដឹងអ្នកដកស្លាកសញ្ញាគណបក្សនៅឧត្តរមានជ័យ
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលផ្ដុំគ្នានៅទីស្នាក់ការបក្ស
- លោក ហ៊ុន សែន បញ្ជាឲ្យស៊ើបអង្កេតស្នាមមេដៃដែលបក្សប្រឆាំងថ្វាយព្រះមហាក្សត្រ
- គណបក្សសង្គ្រោះជាតិដាក់ញត្តិទៅប្រធានរដ្ឋសភាប្រាប់ពីការអាក់ខានចូលប្រជុំសភា
- “លោក បាន គីមូន ទទួលបានសំបុត្រសុំអន្តរាគមន៍ពីបក្សសង្គ្រោះជាតិរួចហើយ”