
យុទ្ធនាការដើរចម្ងាយ ៣០ គីឡូម៉ែត្រដើម្បីរៃអង្គាសថវិកាសប្បុរសធម៌នឹងធ្វើនៅភ្នំបូកគោ។ ឈឹម ស្រីនាង
Fri, 10 June 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ យុទ្ធនាការដើរចម្ងាយ ៣០ គីឡូម៉ែត្រ ចេញជើងភ្នំបូកគោទៅដល់កំពូលភ្នំបូកគោ នៅឯតំបន់ទេសចរណ៍ឧទ្យានជាតិបូកគោក្នុងទឹកដីខេត្តកំពត នឹងប្រព្រឹត្តធ្វើនៅថ្ងៃទី ១៨ ខែមិថុនា ដែលធ្វើឡើងដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌យកទៅជួយដល់កុមារឆែបបបូរមាត់ ឆែបក្រអូមមាត់ និងមាត់វៀច នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ១៩-២៣ ខែមិថុនាឆ្នាំ ២០១៦ ខាងមុខ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សម្រាប់យុទ្ធនាការដើរចម្ងាយ ៣០ គីឡូម៉ែត្រនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនោះ មិនមែនគ្រាន់តែមានគោលបំណងត្រឹមតែជាការរៃអង្គាសប្រាក់សប្បុរសធម៌ប៉ុណ្ណោះទេ ថែមទាំងចង់ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងសារៈសំខាន់នៃការធ្វើលំហាត់ប្រាណដល់សាធារណជនទូទៅទៀតផងដែរ។
លោក រ៉ូប៊ីន តាយ ប្រធានក្រុមការងារនៃការរៀបចំយុទ្ធនាការដើរចម្ងាយខាងលើនេះ បង្ហើបថា៖ «យើងទាំងអស់គ្នាត្រូវការចាំបាច់ដើម្បីរក្សាសុខភាពខ្លួនឯង ឲ្យបានគ្រប់ពេលវេលា ប្រសិនបើយើងស្រឡាញ់ជីវិតខ្លួនឯង និងការខំប្រឹងធ្វើលំហាត់ប្រាណឲ្យបានល្អប្រសើរ ហើយមួយថ្ងៃដើរចំនួន ១ ម៉ឺន ជំហាន បានគឺស្ថានភាពនៃសុខភាពរបស់លោកអ្នក នឹងអាចគេចផុតពីជំងឺរោគានានាជា មិនខាន»។
ដោយឡែករយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃទី ១៩ ដល់ទី ២៣ ខែមិថុនាឆ្នាំ ២០១៦ ខាងមុខនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) នឹងមានការទទួលជួយវះកាត់ដល់កុមារឆែបបបូរមាត់ ឆែបក្រអូមមាត់ និងមាត់វៀច នៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ ដែលសហការគ្នាដោយ អង្គការស្មាយកម្ពុជាបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក អង្គការ Face to Face អាមេរិក និងសមាគម TYDA។

កុមារឆែបមាត់ត្រូវការវះកាត់។ ហេង ជីវ័ន
លោក ចាន់ កុកឆយ នាយកប្រតិបត្តិអង្គការស្មាយកម្ពុជា បានឲ្យដឹងថា៖ «នេះជាឱកាសមួយល្អណាស់សម្រាប់កុមារកម្ពុជាមានបញ្ហាមាត់ឆែប ក្រអូមមាត់ឆែប និងមាត់វៀច ទាំងឡាយព្រោះមានសុទ្ធតែក្រុមវេជ្ជបណ្ឌិតមានជំនាញខាងវះកាត់មកពីសហរដ្ឋអាមរិក ខណៈក្នុងនោះក៏មានប្រធានផ្នែកវះកាត់មកពីសាកលវិទ្យាល័យ Surgery of Stanford University និងក្រុមវេជ្ជបណ្ឌិតខ្មែរ។ សូមបងប្អូនខ្មែរដែលមានកូនចៅជួបបញ្ហាដូចខាងលើមកទទួលការវះកាត់ឲ្យទាន់កាលបរិច្ឆេទខាងលើ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ឲ្យបានទាន់ពេលវេលា»។
យុទ្ធនាការដើរចម្ងាយ ៣០ គីឡូម៉ែត្រនៅឯភ្នំ បូកគោ តម្រូវឲ្យអ្នកចូលរួមទាំងឡាយជាវសំបុត្រឲ្យបានមុនថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ ដោយសំបុត្រមួយតម្លៃ ២០ ដុល្លារ៕