ស្វាមី​ យក់ ឋិត​រដ្ឋា ផ្ទុះ​រឿង​មាន​អ្នក​ឈ្នានីស​គ្រួសា

លោក ឃុំ ប៉ុណ្ណាដែត និង​អ្នកនាង យក់ ឋិតរដ្ឋា។ វុទ្ធី

លោក ឃុំ ប៉ុណ្ណាដែត និង​អ្នកនាង យក់ ឋិតរដ្ឋា។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ព្រមគ្នា​នឹង​ជោគ​ជ័យ​ពាក់​កណ្តាល​អ្នក​ជំនួញ​និង​ពាក់​កណ្តាល​សិល្បៈ គូ​ស្នេហ៍​ លោក ឃុំ ប៉ុណ្ណា​ដែត និង​អ្នក​នាង យក់ ឋិត​រដ្ឋា បង្កើត​ចំណង​ដៃកូន​ប្រុស​បាន​ពីរ​គ្រាប់​ ក៏ទទួល​បាន​ការ​កោត​សរសើរ​ពី​ជីវិត​ស្នេហា​នៅ​រក្សា​​ផ្អែម​ល្ហែម​នឹងគ្នា​នោះ ក៏​ធ្វើឲ្យ​មហាជន​ភ្ញាក់​ផ្អើល​នឹងសារ​លោក ឃុំ ប៉ុណ្ណា​ដែត ក្នុង​អារម្មណ៍​ក្តៅឆួល​ចុង​ច្រមុះ បង្ហាញឲ្យ​សាធារណ​ជន​ដឹង​ថា ជីវិត​គ្រួសារ​លោក ក៏ជួប​នឹង​ការរំខាន​ពីមនុស្ស​ទី ៣ ដែរ។

គួរ​រំឭក​ដែរថា គូ​ស្នេហ៍​សិល្បៈ​អ្នក​នាង យក់ ឋិតរដ្ឋា និង​ ឃុំ ប៉ុណ្ណាដែត មិនធ្លាប់​ពើប​ប្រទះ​នូវ​រឿង​អា​ស្រូវ​ដូចគ្នា​នឹង​គូស្នេហ៍​សិល្បៈ​ទាំង​ពួង​ឡើយ បើទោះ​ជា​គូស្នេហ៍​នេះបាន​ដើរផ្លូវ​ពីរផ្សេង​គ្នា​ក៏ដោយ ខណៈ​អ្នកនាង យក់ ឋិត​រដ្ឋា នៅ​បន្ត​អាជីព​ចម្រៀង ឯលោក ឃុំ ប៉ុណ្ណា​ដែត ក៏បោះ​បង់ចោល ទៅ​ប្រឡូក​ជំនួញ​សាង​សង់​ផ្ទះ​ល្វែង​នោះ។

ព្រម​នឹងភាព​ស្ងប់​សុខ លោក ឃុំ ប៉ុណ្ណា​ដែត និង​ភរិយា ដែលជា​តារា​មិនសូវ​សកម្ម​រឿង​ហ្វេសប៊ុក​ដូចគ្នា ដែលផ្ទុយ​ពីតារា​ល្បីឈ្មោះ​ភាគច្រើន​នោះ​ ម្តងម្កាល​ក្នុង​ហ្វេសប៊ុក​គូ​ស្នេហ៍​មួយគូ ដែលបាន​ផ្តល់​កំណើត​កូនប្រុស​ពីរនាក់​ មានបង្ហោះ ​តែសារ​អរគុណ​ដល់ភ្ញៀវ​គាំទ្រ​ហាង​របស់​ខ្លួន ទើបតែ​ថ្មីៗនេះ គេ​ឃើញលោក​បង្ហោះ​សារ​ដំបូង​ ដែល​បង្ហាញ​​គ្រោត​គ្រាត បែប​មិនស​ប្បាយ​ចិត្ត​​ ដែល​ត្រូវបាន​រុកកួន​ដោយ​ក្រុមអ្នក​ឈ្នានីស​នាពេល​មុន​នេះ។

ភ្ជាប់​ជាមួយ​នឹងរូប​ថត​ ថត​អង្គុយ​ម្នាក់ឯង លោក ឃុំ ប៉ុណ្ណា​ដែត បាន​បន្ថែមសារ​បរិយា​យ​ថា៖ «ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ល្មម​ឈប់​មកចង​កម្ម​ពៀរ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ទៀតទៅ សន្តាន​ពួកអ្នក​ខ្ញុំស្គាល់​អស់​ហើយ ហើយក៏​កុំ​ព្យាយាម​លាង និង​កាត់​ស្រមោល​ខ្លួនឯង​អី ការអត់​ធ្មត់​របស់ខ្ញុំ គឺមាន​កំណត់ ត្រូវ​ចាំថា ជីវិត​ខ្ញុំ និង​គ្រួសារ​ខ្ញុំ គឺខ្ញុំ​ជា​អ្នក​កំណត់ មិនមែន​ជា​អ្នក»។

នេះជា​លើក​ទី ១ ដែល​លោក​បង្ហាញ​ឲ្យ​ឃើញថា លោក​ដល់ក និង​ទ្រាំលែង​បាន បន្ទាប់​ពី​មានអ្នក​ឈ្នានីស​មកលើ​ខ្លួន និង​ភរិយា ធ្វើ​ឲ្យ​លោក​ឆេះ​ដុំ ដែលបង្ខំ​ឲ្យលោក​ចេញ​មុខ​វាយបក​សងវិញ ដើម្បី​ជាសារ​ឲ្យអ្នក​ឈ្នានីស​បាន​ដឹង។

ស្នើសុំ​ការ​ពន្យល់​ពីសារ​ទម្លាយ​ក្នុង​ហ្វេសប៊ុក​នោះ លោក ឃុំ ប៉ុណ្ណា​ដែត បាន​ប្រាប់​ ភ្នំពេញប៉ុស្តិ៍​ ថា៖ «រឿងនេះ​កើត​ឡើង​មិនឆ្ងាយ​ពីខ្លួន​ទេ ហើយ​វាកើត​ឡើង​មួយ​ឆ្នាំហើយ តែបាន​ជា​ខ្ញុំ​បង្ហោះ​សារ​ពេល​នេះ គឺចង់​ឲ្យគាត់​ដឹងថា ចិត្ត​របស់​ខ្ញុំក៏​មាន​ព្រំដែន បើអាច​ឈប់​បាន​ឈប់​ គ្មានអ្វី​ចំណេញ​ទេ​សម្រាប់​អ្នកនោះ»។

លោកមិន​បានបក​ស្រាយ​វែង​ឆ្ងាយ​ដោយ​គ្រាន់តែ​ថា​៖ «ខ្ញុំ​បង្ហោះវា​ចេញ​ក៏​ព្រោះខ្ញុំ​មិនចង់​ឲ្យរឿង​វែងឆ្ងាយ ចង់ប្រាប់​អ្នកឈ្នានីស​គ្រួសារ​ខ្ញុំនោះ ឲ្យ​ដឹងនិង​យល់ពី​ចិត្តខ្ញុំ ហើយ​ឲ្យគាត់​ឈប់​ត្រឹម​ហ្នឹង ព្រោះ​ចង់​ឲ្យល្អទាំង​អស់​គ្នា​»៕

What Next?

Recent Articles