
ពិធីខួបកំណើត ចន ច័ន្ទលក្ខិណា ធ្វើតាមចិញ្ចើមថ្នល់។ ហ្វេសប៊ុក
Tue, 21 June 2016
ភ្នំំពេញ ប៉ុស្តិ៍
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ផ្ទុយពីបំណងប្រាថ្នារបស់តារាសម្ដែងស្រីមេម៉ាយកូនមួយអ្នកនាង ចន ច័ន្ទលក្ខិណា ដែលមុននេះនាងបានប្រកាសក្ដែងៗថា ខួបកំណើតគម្រប់ ៣៦ ឆ្នាំ នាងចង់នៅឯកា ដោយមិនចង់មានពិធីអ្វីទាំងអស់ ដោយលើកហេតុផលថាខួបកំណើតឆ្នាំមុនគឺជាបណ្ដាសានាំឲ្យជីវិតអាប់អួពេញមួយឆ្នាំ ប៉ុន្តែជាក់ស្ដែងរូបថតផ្លុំទាន មានទាំងវីដេអូផងនោះបានលាតត្រដាងនូវស្នាមញញឹមអ្នកនាង ចន ច័ន្ទលក្ខិណា កាន់នំខួបកំណើតហ៊ុមព័ទ្ធដោយមនុស្សយ៉ាងអ៊ូអរនៅលើដងផ្លូវសាធារណៈនាវេលារាត្រីស្ងាត់។
គួររំឭកថា ឆ្នាំមុនចំថ្ងៃសិរីនៃកំណើតកើតជារបស់ខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា រងការញាំញីដោយស្រមោលពាក្យរិះគន់វាយប្រហារធ្ងន់ៗថានាងសុខចិត្តជ្រើសផ្លូវលែងលះអតីតស្វាមី លោក យុត្ថារ៉ា ឆានី ដោយសារតែថាមពលប្រាក់ដុល្លារជាធ្នាក់ ខណៈពិធីឆ្នាំមុនមានបុរសអ្នកជំនួញទ្រព្យស្ដុកជាគូស្នេហ៍ហ៊ានជូនអំណោយគ្រឿងពេជ្រតម្លៃខ្ទង់ម៉ឺនដុល្លារ។

តារាសម្ដែង និងម៉ូដែល អ្នកនាង ចន ច័ន្ទលក្ខិណា។ ហេង ជីវ័ន
ដូច្នេះហើយមុនវេលាផ្លុំទានសិរីបង្គ្រប់វ័យ ៣៦ ឆ្នាំចូលមកដល់ ឆ្នាំនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលហាក់ខ្លាចរអានឹងសម្ដីវាយប្រហារនានានោះ នាងធ្លាប់បានប្រកាសថា នាងសុខចិត្តនៅឯកា ដោយមិនចង់ឲ្យអ្នកណាចេញមុខធ្វើពិធីបុណ្យខួបកំណើតបែបអ៊ឹកធឹក នាំឲ្យមានការចំណាយពាក្យពេបជ្រាយដូចលើកមុនឡើយ។
ទោះជាយ៉ាងណាក្ដី រូបថតពីពិធីខួបកំណើតកាលពីរាត្រីថ្ងៃអាទិត្យជាច្រើនសន្លឹក បានបង្ហាញនូវសកម្មភាពអ្នកនាង ចន ច័ន្ទលក្ខិណា ចូលរួមកម្មវិធីមនុស្សធម៌ចែកទានដល់ជនក្រីក្រតាមចិញ្ចើមផ្លូវ។ បន្ទាប់ពីធ្វើការចែកទាន តារាសម្ដែង និងម៉ូដែលវ័យជ្រេរូបនេះក៏ត្រូវបានក្រុមការងារមនុស្សធម៌ក្នុងឯកសណ្ឋានពណ៌ខៀវចោមរោមហុចនំខួបកំណើតនៅកណ្ដាលថ្នល់ ដើម្បីឲ្យនាងផ្លុំទានខួបកំណើតគម្រប់វ័យ ៣៦ ឆ្នាំផងដែរ។
ភ្ជាប់នូវវីដេអូ និងរូបថតជាច្រើនសន្លឹក ដែលអ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមចលនាជួយ បានរៀបចំបុណ្យកំណើតផ្លុំទៀនតាមចិញ្ចើមថ្នល់ បន្ទាប់ពីបញ្ចប់ការងារជួបសួរសុខទុក្ខជាមួយបងប្អូន អ៊ុំ ពូ មីង ប្រជាជនរស់នៅតាមចិញ្ចើមថ្នល់ អ្នកនាងបានសរសេរទៀតថា៖ «វ័យ ៣៦ ឆ្នាំរបស់ខ្ញុំគឺជាវ័យដែលខ្ញុំទទួលបានគ្រប់រសជាតិ សង្ឃឹមថាឆ្នាំនេះជាឆ្នាំដែលខ្ញុំជាន់ឆ្នាំ អាចនឹងមិនធ្វើឲ្យខ្ញុំជួបរឿងអាក្រក់ទៀតទេថ្វីដ្បិតជាឆ្នាំជាន់ដែលមិនល្អសម្រាប់អ្នកកើតឆ្នាំវកដូចខ្ញុំក៏ដោយ ហើយខ្ញុំក៏ប្រុងប្រយ័ត្នគ្រប់រឿងដែលចាំតែបាញ់មកលើខ្ញុំ ហើយទោះអ្នកណាគិតអ្វីមកលើខ្ញុំក៏ខ្ញុំមិនតប ខ្ញុំទុកឲ្យពេលវេលាជាអ្នកតបជំនួសគ្រប់រឿង»៕