ដោយ លោក ណាត សុភាព | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦
http://vodhotnews.com

លោក ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)
រដ្ឋាភិបាលប្រកាសថានឹងបង្កើនថវិកាពី៤ទៅ៥ពាន់លានរៀលក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ជនពិការដែលពលីកម្មជួយប្រទេសជាតិកន្លងទៅ។
ក្នុងពិធីរំលឹកខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបានបង្កើនថវិកាបំរុងពី៤ទៅ៥ពាន់លានរៀលក្នុងមួយឆ្នាំ ដើម្បីយកទៅជួយទ្រទ្រង់ដល់អតីតយុទ្ធជននិងយុទ្ធជនពិការដែលពលីជីវិតជួយប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ “វាជាភព្វសំណាងមួយសម្រាប់យើង ដោយមានសប្បុរសជន ហើយដែលបានទទួលផលប្រយោជន៍ពីសុខសន្តិភាពនៃអតីតយុទ្ធជនរបស់យើង ហើយពួកគាត់ក៏បានរកស៊ីមានបាននៅក្នុងប្រទេសដែលមានសន្តិភាពបន្ទាប់ពីសង្គ្រាមដោយការលះបង់របស់បងប្អូនយុទ្ធជនពិការ”។
លោក ហ៊ុន សែន ថ្លែងទៀតថាក្រសួងសង្គមកិច្ចត្រូវស្រាវជ្រាវអតីតយុទ្ធជនជនពិការនិងគ្រួសារដែលទទួលបានផ្ទះនិងដីសម្បទានរួចហើយកន្លងទៅ ប៉ុន្តែពួកគេមិនបានរស់នៅថែទំាដែលអាចចាត់ទុកថាជាចេតនាបោះបង់ចោល។ លោកថារដ្ឋាភិបាលបន្តផ្តល់ដីសម្បទានសង្គមកិច្ចដល់អ្នកដែលបានដាក់ពាក្យស្នើសុំទៅតាមបណ្តាខេត្តចំនួន៨រួមមាន ខេត្តក្រចេះ កំពត កំពង់ស្ពឺ ពោធិ៍សាត់ ព្រះសីហនុ កំពង់ឆ្នាំ បាត់ដំបង និងខេត្តសៀមរាប ដើម្បីឲ្យពួកគេបានយកទៅប្រកបមុខរបរកសិកម្មទ្រទ្រង់ជីវភាពគ្រួសារ។
ក្នុងពីធីនោះប្រធានកាកបាតក្រហមកម្ពុជាលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រាប់ទៅលោក ហ៊ុន សែន ថាកាកបាតក្រហមនឹងផ្តល់ថវិកាជួយជនពិការ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ធ្វើបុណ្យសពឲ្យជនពិការ។ ក្រៅពីនេះក៏មានសប្បុរសជនដែលមានងារជាឯកឧត្តមនិងឧកញ៉ាមួយចំនួនអះអាងថាបានបរិច្ចាកថវិកាជូនទៅសមាគមអតីតយុទ្ធជនពិការជាងមួយលានដុល្លារអាមេរិកសម្រាប់សាងសង់ផ្ទះជូនជនពិការ៣៤៥ខ្នងក្នុងនោះត្រូវផ្តល់ទៅភ្នំឆ័ត្រ១៥០ខ្នង ផ្ទះនិងអគារសិក្សា។ ចំណែកថវិកាដែលសេសសល់ត្រូវធ្វើផ្ទះឲ្យយុទ្ធជនពិការដែលមានដី តែខ្វះផ្ទះ៕