អាជ្ញាធរ​ដោះលែង​សកម្មជន​ដីធ្លី​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដោយ​ដាក់​លក្ខខណ្ឌ

ដោយ សាន សែល
2016-06-21
RFA

ឃាត់​ខ្លួន ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ៨៥៥
សកម្មភាព​របស់​សមត្ថកិច្ច​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​នៃ​សហគមន៍​ថ្មគោល ក្នុង​ខណ្ឌ​ពោធិសែនជ័យ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Phann Yasy


អាជ្ញាធរ​បាន​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន ៤​នាក់​វិញ​ហើយ កាល​ពី​រាត្រី​ថ្ងៃ​ទី​២០ ខែ​មិថុនា។

លោកស្រី​ ច្រាយ នីម សកម្មជន​ដែល​ត្រូវ​បាន​គេ​ដោះលែង​ម្នាក់ ​ប្រាប់​ថា មុន​នឹង​ដោះលែង អាជ្ញាធរ​បាន​ឲ្យ​សកម្មជន​ទាំង ៤​រូប ផ្ដិត​មេដៃ​សន្យា​ជា​​ថ្នូរ​នឹង​ការ​ដោះលែង។ លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន មុន​ពេល​ធ្វើ​ការ​ប្រមូល​តវ៉ា ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន មិន​ត្រូវ​ស្រែក​ជេរ​អាជ្ញាធរ​ពេល​តវ៉ា និង​មិន​ត្រូវ​ចេញ​តវ៉ា​ជំនួស​អ្នក​ដទៃ។

អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទាំង​៤ យល់​ព្រម​ផ្ដិត​មេដៃ​ទទួល​យក​ខ​សន្យា​ទាំង​បង្ខំ។ អាជ្ញាធរ​គំរាម​ថា ប្រសិនបើ​សកម្មជន​ដីធ្លី​ នៅ​តែ​បន្ត​ចូលរួម​យុទ្ធការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទៀត អាជ្ញាធរ​នឹង​មិន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​នោះ​ទេ។

លោកស្រី ច្រាយ នីម ហៅ​ទង្វើ​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ ការ​ធ្វើ​បាតុកម្ម​ ដោយ​សន្ដិវិធី៖ «គេ​យក​ច្បាប់​ព្រហ្មទណ្ឌ​ មាត្រា​៥២១ យក​មក​គំរាម​យើង ដែល​ចេញ​តវ៉ា​លើ​ការងារ​របស់​តុលការ»

ទោះបីជាយ៉ាង​ណា លោកស្រី ច្រាយ នីម រក្សា​ជំហរ​នឹង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដដែល​នៅ​សប្តាហ៍​ក្រោយ​ទៀត។

សកម្មជន​ដីធ្លី​ ៤​នាក់​ មក​ពី​សហគមន៍​ថ្មគោល ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​លើក​ដាក់​រថយន្ត​បញ្ជូន​ទៅ​សង្កាត់​កាកាប កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា។ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles