ដោយ ម៉ែន សុធីរ
2016-07-18
RFA

បុរសឈ្មោះ អ៊ុំ ស៊ីណា (ក្នុងអង្រឹង) ដែលត្រូវសមត្ថកិច្ចស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាញ់កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ Photo Provided
![]()
ពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រតិកម្មនឹងសមត្ថកិច្ចដែលបានបាញ់បុរសម្នាក់ស្លាប់។ ក្រុមគ្រួសារបុរសនោះ គ្រោងដាក់ពាក្យប្ដឹងករណីនេះទៅសាលាដំបូងខេត្តក្រចេះ និងអង្គការសង្គមស៊ីវិល។ ចំណែកនគរបាលអះអាងថា ការផ្ទុះអាវុធនេះដោយសារបុរសនោះមានដំបងតដៃសមត្ថកិច្ច។
ក្រុមគ្រួសារយុវជនដែលត្រូវនគរបាលស្រុកព្រែកប្រសព្វ បាញ់ស្លាប់ អំពាវនាវឲ្យតំណាងអយ្យការខេត្តក្រចេះ និងអង្គការសង្គមស៊ីវិល អន្តរាគមន៍ករណីនគរបាលស្រុកព្រែកប្រសព្វ យកអាវុធបាញ់បុរសម្នាក់ឈ្មោះ អ៊ុំ ស៊ីណា អាយុ ៣២ឆ្នាំ បណ្ដាលឲ្យស្លាប់។ ពួកគេទាមទារឲ្យនគរបាលទាំងនោះទទួលខុសត្រូវក្នុងរឿងនេះ។
ពលរដ្ឋរស់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ត្រូវជាម្តាយជនរងគ្រោះ គឺលោកស្រី ចាប ស៊ុន រៀបរាប់ថា លោកស្រីក៏មិនដឹងថា កូនប្រុសលោកស្រីមានកំហុសអ្វីដែរ បានជានគរបាល ៤នាក់ជិះរថយន្តមួយគ្រឿង យកអាវុធបាញ់កូនលោកស្រីពីរគ្រាប់ ដោយគ្រាប់ទី១ បាញ់ត្រូវជើង និងគ្រាប់ទី២ បាញ់ត្រូវទ្រូង កាលពីល្ងាចថ្ងៃទី១៦ កក្កដា។ លោកស្រីបញ្ជាក់ថា សមត្ថកិច្ចគួររកមធ្យោបាយអនុវត្តច្បាប់ដោយសន្តិវិធី ប្រសិនបើគេប្រព្រឹត្តខុស មិនគួរប្រើកាំភ្លើងបាញ់សម្លាប់មនុស្សដើម្បីយកលេសថាជាការអនុវត្តច្បាប់បែបនេះទេ៖ «ទោះបីមានការខុសឆ្គង ក៏ត្រូវចាប់ដាក់គុកតាមច្បាប់ត្រឹមត្រូវ។ ហេតុអីបានជាប៉ូលិសបាញ់កូនខ្ញុំស្លាប់ដូចឆ្កែដូចឆ្មា»។
ឆ្លើយតបការចោទប្រកាន់នេះ អធិការនគរបាលស្រុកព្រែកប្រសព្វ លោក ច័ន្ទ សុផល្លី បញ្ជាក់ថា បន្ទាប់ពីនគរបាលទទួលព័ត៌មានថា បុរសឈ្មោះ អ៊ុំ ស៊ីណា ញៀនថ្នាំដើរវាយគេឯងក្នុងភូមិ ហើយបានវាយបុរសឈ្មោះ ពន ហ៊ី របួសយ៉ាងដំណំ នគរបាលបានចុះប្រតិបត្តិការបង្ក្រាប ហើយបុរសនោះបានកាន់ដំបងតដៃសមត្ថកិច្ច។ ចំណែកសមត្ថកិច្ចបានបាញ់ឡើងលើមួយគ្រាប់ និងចុះក្រោមមួយគ្រាប់ តែបុរសនោះនៅតែមានះរកវាយ សមត្ថកិច្ចបានជាផ្ទុះអាវុធ៖ «វាញៀនថ្នាំដល់កម្រិតកំពូល គេហៅថាបែកថ្នាំ។ ដល់ចឹងវាគិតតែចូលមក វាចូលមកចឹងយើងបាញ់ឡើងលើមួយគ្រាប់វាចូលមកទៀត។ វាចូលមកទៀតយើងបាញ់ចុះក្រោមមួយគ្រាប់ទៀត ប៉ូលិសយើងថយ បាញ់ហើយថតបណ្ដើរៗ។ ដល់វានៅតែចូលមកទៀត វ៉ៃប៉ះនឹងកាំភ្លើងគ្រាប់ទី៣ ត្រូវតែម្តង»។
យ៉ាងណា សាក្សីដែលឃើញហេតុការណ៍នេះរស់នៅឃុំជ្រោយបន្ទាយ គឺលោក ហេង ចន្ថា ឲ្យដឹងថា បន្ទាប់ពីបុរសឈ្មោះ អ៊ុំ ស៊ីណា បានវាយអ្នកភូមិម្នាក់រងរបួស ក៏រត់គេចខ្លួន ដៃមានដំបង ហើយសមត្ថកិច្ចបានមកដល់ បុរសឈ្មោះ អ៊ុំ ស៊ីណា បានស្ទុះរកវាយសមត្ថកិច្ច ហើយសមត្ថកិច្ចបាញ់តែម្តង។ លោកយល់ថា សមត្ថកិច្ចហាក់ខ្វះសមត្ថភាពក្នុងការរកមធ្យោបាយផ្សេងបង្ក្រាបអ្នកញៀនថ្នាំដៃកាន់ដំបង ខណៈមានគ្នាប្រដាប់អាវុធដល់ទៅ ៤នាក់ បង្ក្រាបអ្នកញៀនថ្នាំតែម្នាក់នោះ សមត្ថកិច្ចត្រូវរកមធ្យោបាយផ្សេង មិនត្រូវបាញ់ប្រហារ និងប្រមាថជីវិតមនុស្សដូច្នេះទេ៖ «ដល់បាញ់សម្លុតដូចអត់ស្លុត ដូចអត់ខ្លាច នៅតែរកវ៉ៃគេទៀត ដល់ចឹងគាត់ក៏បាញ់ចុះក្រោមមួយគ្រាប់ទៀត។ ដល់បាញ់ចុះក្រោមមួយគ្រាប់ទៀតដាក់បណ្តោយ។ ដើរខ្ទប់មុខរបួសដល់មុខផ្ទះចែ អុយ បានដួលផ្កាប់មុខ»។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការបាញ់សម្លាប់នេះ គឺជាបទល្មើសផ្សេងមួយទៀត ដែលទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា សមត្ថកិច្ចត្រូវប្រើឲ្យអស់សមត្ថភាពក្នុងការទប់ស្កាត់រឿងនេះ មុននឹងឈានដល់ប្រើប្រាស់អាវុធ ហើយការប្រើប្រាស់អាវុធទៀតសោត ក៏ត្រូវតែសមាមាត្រគ្នាជាមួយជនល្មើសដែរ។ លោកកត់សម្គាល់ថា ការបាញ់សម្លាប់វាជាបទល្មើសមួយផ្សេងទៀត ដែលមិនសមាមាត្រនៃការការពារខ្លួនទេ៖ «ការបាញ់ ឬក៏ទប់ស្កាត់ទៀតសោត វាត្រូវឲ្យសមាមាត្រ ដូចដំបង និងអាវុធសួរនរណាដែលអាចថាមួយគ្រាប់ទៅអាចបណ្ដាលឲ្យស្លាប់ គឺអាវុធ។ ចំណែកឯដំបងគេអាចទប់ស្កាត់បានដូចជា បើថាទប់មិនបាន មិនព្រមទម្លាក់ ហើយដេញវ៉ៃ អាហ្នឹងគេមើលទៅលើដៃដែលកាន់អាវុធហ្នឹង មិនមែនសំដៅលើខ្លួនអ្នកកាន់ដំបងនោះទេ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់មានប្រសាសន៍ថា មានបទល្មើសខ្លះ នគរបាលបានយកកាំភ្លើងបាញ់ ហើយសរសេរក្នុងរបាយការណ៍ថា ផ្ទុះអាវុធដោយអចេតនា។ លោកណែនាំឲ្យនគរបាលទាំងអស់ អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសការប្រើប្រាស់អាវុធជាដើម ហើយលោកក៏ជំរុញឲ្យនគរបាលអនុវត្តច្បាប់ដោយយុត្តិធម៌ ស្មោះត្រង់ និងមានវិជ្ជាជីវៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារជនរងគ្រោះដោយការបាញ់ប្រហារនៅខេត្តត្បូងឃ្មុំទន្ទឹងរង់ចាំយុត្តិធម៌
- គ្រួសារសកម្មជនបក្សប្រឆាំងចោទមេប៉ុស្តិ៍ចំណារក្រោមថាប្រើហិង្សានិងគំរាមកំហែង
- សង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តព្រៃវែងដែលអសកម្មលើបទល្មើសព្រហ្មទណ្ឌ
- អ្នករត់រ៉ឺម៉កកង់បីម្នាក់ចោទប៉ូលិសប៉ុស្តិ៍គោកចកខេត្តសៀមរាបថាព្រួតគ្នាវាយដំ
- គ្រួសារកុមារីរងគ្រោះដោយអភិបាលរងក្រុងបាត់ដំបងគប់កំណាត់ឈើចំផ្ទៃមុខរង់ចាំយុត្តិធម៌
- សង្គមស៊ីវិលព្រួយបារម្ភជាថ្មីអំពីករណីហិង្សានិងឃាតកម្មលើស្ត្រី
- គ្រួសារជនរងគ្រោះដោយការបាញ់បង្ក្រាបកន្លែងជល់មាន់នៅខេត្តត្បូងឃ្មុំទន្ទឹងរង់ចាំយុត្តិធម៌
- ក្រុមសភានិយាយភាសាបារាំងអំពាវនាវឲ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម
- មន្ត្រីរដ្ឋាភិបាលបញ្ជាក់ជាថ្មីថាមិនលើកលែងឲ្យអ្នកប្រើហិង្សាកាលពីបោះឆ្នោតឆ្នាំ២០១៣
- អាជីវករលក់សាច់ជ្រូកប្តឹងជំនួយការសត្តឃាតស្រុកមេមត់និងអាជ្ញាធរថាប្រើអំពើហិង្សា