អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ

ដោយ រដ្ឋា វិសាល
2016-08-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឈូស​ឆាយ​ដី​ភ្នំ​ដោះ​ក្រមុំ មណ្ឌលគិរី ២០១៦ ៨៥៥
ទីតាំង​ដី​សម្រាប់​គម្រោង​សាងសង់​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេងកាត ឋិត​នៅ​ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​រក្សា​ទីនោះ​ទុក​ជា​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស។ សហគមន៍​អ្នក​អភិរក្ស​ភ្នំ​ដោះ​ក្រមុំ អបអរ​សាទរ​ចំពោះ​ការ​សម្រេច​នេះ។

ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី សម្ដែង​ក្តី​រីករាយ​បន្ទាប់​ពី​អាជ្ញាធរ​យល់ព្រម​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ។

តំណាង​សហគមន៍​ឃុំ​ដាក់ដាំ លោក ពើល ធិ ថ្លែង​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ថា ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​គ្រប់​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​មណ្ឌលគិរី អស់​កង្វល់ ពីព្រោះ​តំបន់​សក្ការៈ​របស់​អ្នក​ភូមិ​ត្រូវ​បាន​គោរព និង​រក្សា​ទុក​សម្រាប់​កំណត់​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច និង​មិន​មាន​ការ​រំលោភ​បំពាន​ត​ទៅ​ទៀត។

លោក​កត់​សម្គាល់​ថា ភ្នំ​ដោះ​ក្រមុំ នេះ​ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​ទូទៅ​ក្នុង​ខេត្ត ចាត់​ទុក​ថា​ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​អារក្ស​អ្នកតា​មាន​បារមី​ស័ក្ដិសិទ្ធិ​ជួយ​ថែរក្សា ផ្តល់​សេចក្តី​សុខ​ក្សេមក្សាន្ត ជួយ​បញ្ចៀស​ទុក្ខ​ភ័យ កាលណា​អ្នក​ភូមិ​មាន​គ្រោះ​អាសន្ន ឬ​ជំងឺ​ផ្សេងៗ​យាយី​ច្រើន​ជំនាន់​មក​ហើយ៖ «មិន​ថា​ខ្ញុំ​ផ្ទាល់ មិន​ថា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ខេត្ត​មណ្ឌលគិរី គេ​សប្បាយ​ចិត្ត ព្រោះ​ថា​ការ​ចុះ​ទប់ស្កាត់​ថ្ងៃ​នោះ ខ្ញុំ​ក៏​ទៅ​ដែរ កន្លែង​គេ​ឈូស​ឆាយ​ហ្នឹង។ សក្ការបូជា​របស់​ជនជាតិ​ដើម​ភាគតិច​តាំង​ពី​ដូនតា​មក»

មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​មួយ​ផ្នែក​នៅ​លើ​កំពូល​ភ្នំ​ដោះ​ក្រមុំ ក្នុង​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេងកាត លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ដាច់ស្រយាល​មួយ​នេះ។ ភ្លាមៗ​នោះ​ដែរ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ស្រុក​ចំនួន​៤ និង​ក្រុង​សែនមនោរម្យ បាន​អះអាង​ថា នឹង​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ ប្រសិន​អាជ្ញាធរ​មិន​បញ្ឈប់​គម្រោង​នេះ។

ឈូស​ឆាយ​ដី​ភ្នំ​ដោះ​ក្រមុំ មណ្ឌលគិរី ២០១៦ ៨៥៥
គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​អាជ្ញាធរ​កាត់​ទុក​សម្រាប់​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal


នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក ហៀក សុផាន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ភ្នំ​ដោះ​ក្រមុំ បន្ទាប់​ពី​បើក​កិច្ច​ប្រជុំ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​ថា តំបន់​ភ្នំ​ដោះ​ក្រមុំ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌ ដែល​អភិរក្ស​តំបន់​នេះ​សម្រាប់​ជា​តំបន់​បូជនីយកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច៖ «គាត់​ហៅ​មន្ត្រី​ជំនាញ​មក​ប្រជុំ​ពិគ្រោះ​យោបល់។ ខាង​រដ្ឋាករ​ទឹក​គេ​ទៅ​ដំណើរ​ការ​កន្លែង​ផ្សេង​ហើយ»

តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍​បច្ចុប្បន្ន ផ្ទៃដី​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​ជាង ៧០​ហិកតារ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ រួម​ទាំង​អង្គភាព​ទឹក​ស្អាត មន្ទីរ​មុខងារ​សាធារណៈ មន្ទីរ​រ៉ែ និង​ថាមពល រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​ឯកជន​បាយ័ន ចូល​ទៅ​តាំង​លំនៅ និង​បោះ​ទីតាំង​នៅ​ទីនោះ​ជា​បន្តបន្ទាប់។

ប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​មណ្ឌលគិរី លោក សី ទូច បញ្ជាក់​ដែរ​ថា ភ្នំ​ដោះ​ក្រមុំ នឹង​ត្រូវ​រក្សា​ទុក​សម្រាប់​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច តាម​សេចក្តី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​២០០៤។ លោក​បន្ត​ថា មន្ត្រី​ក្រសួង​វប្បធម៌ និង​មន្ត្រី​ជំនាញ នឹង​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ចុះ​វាស់វែង​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ចុះ​បញ្ជី​ជាក់លាក់ រួម​ទាំង​ការ​សាងសង់​របង​ការពារ​តំបន់​នេះ​ឲ្យ​បាន​គង់វង្ស៖ «ចុង​ខែ​៨ ថ្នាក់​ក្រសួង​នឹង​ចុះ​ទៅ​ជាមួយ​គណៈកម្មការ​ដីធ្លី​ខេត្ត ដើម្បី​វាស់វែង​ឡើង​វិញ។ សម្រេច​ហើយ យើង​ត្រូវ​រៀបចំ​កម្មវិធី​ធ្វើ​របង ប៉ុន្តែ​មិន​ដឹង​សាងសង់​អ្វី យើង​ត្រូវ​ពិភាក្សា​ជាមួយ​គណៈកម្មការ​សហគមន៍​ជនជាតិ​ដើម​ភាគតិច»

ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី។ ភ្នំ​នេះ​មាន​រោង​អ្នកតា​ដ៏​ធំ​តំណាង​បារមី​ស័ក្ដិសិទ្ធិ ដែល​ជនជាតិ​ដើម​ភាគតិច​នាំ​គ្នា​គោរព​បូជា​សែនព្រេន​រៀង​រាល់​ឆ្នាំ និង​ជា​កន្លែង​ទេសចរ​និយម​ឡើង​ទៅ​កម្សាន្ត និង​មើល​ទេសភាព​ក្រុង​សែនមនោរម្យ ពី​លើ​កំពូល​ភ្នំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles