ដោយ ខែ សុណង
2016-08-04
RFA

ពលរដ្ឋមកពីខេត្តកោះកុង តវ៉ាដាក់ញត្តិរកដំណោះស្រាយបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០១៦។ RFA/Sorn Chanratha
![]()
ប្រជាពលរដ្ឋជាង ៧០នាក់ តំណាងឲ្យពលរដ្ឋ ១៤៧គ្រួសារ មកពីស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង បាននាំគ្នាមកតវ៉ាដាក់ញត្តិនៅតាមស្ថាប័នមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដីធ្លីនៅថ្ងៃទី៤ សីហា។ ពួកគាត់អះអាងថា វិវាទដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គើរ (Koh Kong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Koh Kong Plantation) បានអូសបន្លាយរយៈពេលជិត ១០ឆ្នាំ។
ពលរដ្ឋមកពីស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដាក់ញត្តិនៅរដ្ឋសភា ការិយាល័យសហភាពអឺរ៉ុប ក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ទាមទារឲ្យដោះស្រាយបញ្ហាដីធ្លីពួកគាត់ ដោយកាត់ឆ្វៀលដីឲ្យពួកគាត់ជិត ៨០០ហិកតារវិញ និងផ្ដល់សំណងខូចខាតដែលក្រុមហ៊ុនបានឈូសឆាយដំណាំកន្លងមក។
នៅពេលព្រឹក តំណាងពលរដ្ឋបានចូលដាក់ញត្តិជូនគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនៃរដ្ឋសភា ហើយមន្ត្រីរដ្ឋបាលបានទទួលយកញត្តិពួកគាត់។ អ្នកភូមិបាននាំគ្នាបន្តដំណើរទៅសហភាពអឺរ៉ុបទៀតដើម្បីស្វែងរកកិច្ចអន្តរាគមន៍។
ពលរដ្ឋមកពីភូមិជីខលើ ស្រុកស្រែអំបិល លោកស្រី ផាវ ញ៉ើង ដែលបានយកញត្តិដាក់ជូនសហភាពអឺរ៉ុប ថ្លែងថា តំណាងពលរដ្ឋបានជួបជាមួយឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គឺលោក ច្សច អេដហ្គា (George Edgar) ដោយផ្ទាល់ប្រាប់ពីស្ថានភាពវិវាទដីធ្លី និងគោលបំណងរបស់ពលរដ្ឋ។ លោកស្រីបន្តថា ជំនួបនេះលោកស្រីសំណូមពរឲ្យសហភាពអឺរ៉ុបជំរុញទៅរដ្ឋាភិបាលដោះស្រាយជូនពលរដ្ឋនៅមុនការបោះឆ្នោតមកដល់៖ «ពួកយើងស្នើសុំគាត់ថា សុំពេលដែលគាត់ទទួលបានជំនួយពីក្រៅទៅសងពួកយើងសុំឲ្យសហភាពអឺរ៉ុបចុះទៅខ្លួនឯងផង កុំឲ្យជឿរដ្ឋាភិបាល ឬក្រុមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ព្រោះគាត់កុហកគាត់ថាធ្វើរបាយការណ៍សងពួកខ្ញុំអ៊ីចឹង តែការពិតពួកយើងអត់បានទទួលសំណងសូម្បីតែមួយសេន កាច់ជាបួនទេ។ គាត់ឆ្លើយថា នឹងព្យាយាមចុះទៅស៊ើបអង្កេត និងពិនិត្យផ្ទាល់»។
ពលរដ្ឋមួយរូបទៀតមកពីភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល លោក យ៉ង់ ជាវ មានប្រសាសន៍ថា ក្រុមហ៊ុនបានឈូសឆាយដីដំណាំពលរដ្ឋតាំងពីឆ្នាំ២០០៦ មក។ ពួកគាត់បានដាក់ពាក្យប្ដឹង និងដាក់ញត្តិនៅស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តរួចហើយក្ដី តែគ្មានដំណោះស្រាយ ទើបពួកគាត់បន្តសុំអន្តរាគមន៍មកភ្នំពេញទៀត៖ «គេឈូសអស់ហើយយើងទៅឃាត់គេប្រើសុទ្ធតែអាវុធ ប្រើកាំភ្លើងគំរាមកំហែងយើង ព្រោះគេមានអំណាចគេមិនឲ្យយើងចូលជិតទៀត។ គេឈូសគេបំពានគេថា ដោះស្រាយឲ្យដោះស្រាយឲ្យតែអត់ឃើញប្រជាពលរដ្ឋដេករង់ចាំ។ ពីមុនមកសង្ឃឹមថា បានចំការបានអីដំណាំអីយកមកហូបចុក ឥឡូវរលីងប្រជាពលរដ្ឋក្រមែនទែនហ្មង»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលបានឃ្លាំមើលការតវ៉ាអ្នកភូមិមានទស្សនៈថា វាពិបាកណាស់នៅពេលដែលពលរដ្ឋប៉ះទង្គិចខាងផ្លូវច្បាប់ជាមួយអ្នកមានឥទ្ធិពល និងអ្នកមានអំណាច ហើយខ្វះការសម្របសម្រួលពីអាជ្ញាធររដ្ឋាភិបាលដែលនាំឲ្យមានការអូសបន្លាយពេលវេលាក្នុងការដោះស្រាយដ៏យូរ៖ «ជាធម្មតាការទាមទារ តវ៉ាគាត់តែងចង់បាននូវអ្វីដែលគាត់ទាមទារអាជ្ញាធរ ឬក៏ក្រុមហ៊ុនដែលគាត់បានដីគាត់តែងតែការពារនូវផលប្រយោជន៍របស់ គាត់ ដើម្បីជៀសវាងនូវការប្រទាញប្រទង់គ្នាគួរតែអាជ្ញាធរថ្នាក់ជាតិមាន គណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទៅ លើបញ្ហាការកាន់កាប់កម្មសិទ្ធិពួកគាត់ដើម្បីរកដំណោះស្រាយមួយទទួល យកទាំងអស់គ្នាបាន»។
នៅពេលរសៀលអ្នកភូមិបាននាំគ្នាបន្តដាក់ញត្តិនៅក្រសួងដែនដី និងក្រសួងកសិកម្មទៀត ដើម្បីស្វែងរកអន្តរាគមន៍។ តែទោះជាយ៉ាងណាបើសិនជាគ្មានដំណោះស្រាយទេនោះពួកគាត់អះអាងថា នៅតែបន្តការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពលរដ្ឋខេត្តកោះកុងដាក់ញត្តិសុំអន្តរាគមន៍បញ្ហាដីធ្លីពីស្ថាប័ននានាក្នុងរាជធានីភ្នំពេញ
2016-08-04
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- សហគមន៍ដីធ្លីស្នើរដ្ឋាភិបាលឲ្យដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ
- ពលរដ្ឋនៅស្រុកបាធាយស្នើអាជ្ញាធរដោះស្រាយបញ្ហាក្រុមហ៊ុនឧកញ៉ារំលោភយកដីបឹង
- សហគមន៍ជនជាតិដើមភាគតិចរិះគន់អំពីភាពយឺតយ៉ាវក្នុងការចុះបញ្ជីដីជាសមូហភាព
- ពលរដ្ឋមានទំនាស់ដីនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យប្រតិកម្មនឹងដីកាតុលាការ
- សហគមន៍ SOS ដាក់ញត្តិទៅ ACU ឲ្យស៊ើបអង្កេតភាពមិនប្រក្រតីរឿងធ្វើប្លង់កម្មសិទ្ធិដីធ្លី
- ពលរដ្ឋនៅត្បូងឃ្មុំចោទអាជ្ញាធរថាមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាដី
- ពលរដ្ឋខេត្តកណ្ដាលចោទអាជ្ញាធរថាឃុបឃិតគ្នាលក់ដីអូរជិត២០ហិកតារ
- តំណាងសហគមន៍មានទំនាស់ដីជាមួយក្រុមហ៊ុនចិននៅត្បូងឃ្មុំបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
- “ពលរដ្ឋជាង៣ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋកិច្ច”
- ពលរដ្ឋដែលប៉ះពាល់ដោយសារការបោះបង្គោលភ្លើងនៅកំពង់ចាមទាមទារសំណង

សូមជួយពិចារណាមើលថា : ហេតុអីបានជាប្រជាពលរដ្ឋស៊ូលះបង់ពេលវេលានិងថវិការគ្រប់បែបយ៉ាងក្នុងការធ្វើដំណើរ
ពីលំនៅដ្ឋានរបស់ពួកគាត់មកសុំអន្តរាគមន៍ដល់រាជធានី? ហេតុអីថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេតុ ដោះស្រាយមិន
បានជូនប្រជាពលរដ្ឋ? ហេតុអីបានជាបញ្ហាជម្លោះដីធ្លីកើតមានស្ទើតែគ្រប់ទិសទីដោយពុំមានដំណោះស្រាយសមស្រប?