ដោយ យាង សុជាមេត្តា
2016-08-05
RFA

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ កំពុងចាក់ដាក់សេរ៉ូម ដល់កម្មការិនីរោងចក្រកាត់ដេរស្មាតភី (Smart Pea) ដែលដួលសន្លប់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ RFA/Yeang Socheametta
![]()
កម្មការិនីរោងចក្រ ស្មាត ភី ហ្គាមេន (Smart Pea Garment LTD) នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិត ៤០នាក់ បានដួលសន្លប់តៗគ្នានៅព្រឹកថ្ងៃទី៥ ខែសីហា។ ពួកគាត់ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ឬហៅថា ពេទ្យលោកសង្ឃនៅថ្ងៃដដែល។ វេជ្ជបណ្ឌិតសន្និដ្ឋានថា មូលហេតុនៃការដួលសន្លប់ដោយសារកម្មការិនីទាំងនោះខ្សោយកម្លាំង។
កម្មការិនីរោងចក្រ ស្មាត ភី ហ្គាមេន ត្រូវបានគេដឹកមកកាន់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈ ជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានដួលសន្លប់តៗគ្នានៅពេលបំពេញការងារនៅក្នុងរោងចក្រ។
ប្រធានគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈ វេជ្ជបណ្ឌិត ជួប សម្បត្តិ ឲ្យដឹងថា មូលហេតុនៃការដួលសន្លប់របស់កម្មការិនីទាំងនេះ គឺអាចផ្ដើមចេញពីមានកម្មការិនីខ្លះក្នុងចំណោមពួកគេដួលសន្លប់ ហើយនៅពេលកម្មការិនីផ្សេងទៀតឃើញដួលសន្លប់ ដូចនេះពួកគេតក់ស្លុត ហើយក៏ដួលសន្លប់តៗគ្នាតែម្ដង។
ទោះជាយ៉ាងណា លោកអះអាងថា ក្នុងចំណោមកម្មការិនីដែលដួលសន្លប់ទាំងនេះ ក្រោយការពិនិត្យឃើញថា មានកម្មករខ្លះខ្វះជាតិស្ករ ខ្លះទៀតលើដងខ្លួនមានស្នាមកោសខ្យល់នៅឡើយ ដែលអាចឲ្យលោកសន្និដ្ឋានបានថា ដោយសារពួកគេមានកម្លាំងខ្សោយ ហើយអ្នកខ្លះទៀតឈឺមិនទាន់ជាស្រួលបួល នៅតែខិតខំទៅធ្វើការទើបធ្វើឲ្យដួលសន្លប់ដូចនេះ៖ «ភាគច្រើនពួកគាត់ចូលមកមានវិបត្តិផ្លូវដង្ហើម ណែនទ្រូង និងថប់ដង្ហើម ដោយសារកត្តានេះហើយទើបពួកគាត់ដួលបន្តបន្ទាប់គ្នា។ តាមការសាកសួររបស់គ្រូពេទ្យយើង ឃើញមានអ្នកជំងឺ ២នាក់ មានបញ្ហាឈឺ ឈឺកោសខ្យល់ តែព្យាយាមលេបថ្នាំដែរ តែមិនធូរស្រាល ហើយគាត់នៅតែបន្តទៅធ្វើការ គាត់អត់ហ៊ានសុំច្បាប់ទេ នៅពេលគាត់ទៅធ្វើការ ធ្វើឲ្យជំងឺរបស់គាត់មានការធ្ងន់ធ្ងរ ចាប់ផ្តើមណែនទ្រូង សន្លប់នៅក្នុងរោងចក្រ»។
ក្រោយទទួលការពិនិត្យ និងព្យាបាលពីវេជ្ជបណ្ឌិត កម្មការិនីទាំងអស់នោះបានដឹងខ្លួនវិញជាបន្តបន្ទាប់។ ពួកគេបញ្ជាក់ថា ពួកគេហាក់ថប់ដង្ហើមនៅពេលឃើញកម្មការិនីនៅក្នុងកន្លែងធ្វើការជាមួយគ្នាដួលសន្លប់ ហើយពួកគេក៏ដួលសន្លប់តៗគ្នាទៅ៖ «ពេលខ្ញុំចូលធ្វើការ ចូលទៅដល់រាងសឺៗ ហើយងងឹតមុខឈឹងតែម្ដង ដូចរាងស្លន់ៗ ពេលឃើញគេសន្លប់ផុយៗ ហើយភ័យខ្លួន ងងឹតមុខសន្លប់តាមហ្នឹងដែរទៅ អត់ដែលសន្លប់អ៊ីចឹងផង»។
ការដួលសន្លប់ គឺជាបញ្ហាប្រឈមគ្រោះថ្នាក់មួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀតរបស់កម្មករក្នុងពេលបំពេញការងារ។ របាយការណ៍ក្រសួងការងារ ឲ្យដឹងថា នៅឆ្នាំ២០១៥ មានកម្មការិនីជិត ២ពាន់ (១.៨០៦) នាក់ នៅក្នុងរោងចក្រចំនួន ៣២ បានដួលសន្លប់។ មូលហេតុសំខាន់ដែលនាំឱ្យកម្មករសន្លប់ គឺមកពីការប៉ះពាល់សារធាតុគីមី និងការភាយក្លិនថ្នាំសម្លាប់សត្វល្អិត ដែលកសិករបាញ់ស្រូវនៅជិតរោងចក្រ និងការបាញ់ថ្នាំសម្លាប់សត្វល្អិតការពារក្រណាត់ខាងក្នុងរោងចក្រ គួបផ្សំនឹងសុខភាពកម្មករខ្សោយជាដើម។
ជំនួយការរដ្ឋបាលរោងចក្រស្មាត ភី លោក ម៉ោង សម្បត្តិ អះអាងថា កន្លងមករោងចក្រក៏ធ្លាប់មានករណីកម្មករដួលសន្លប់អ៊ីចឹងដែរ តែមិនច្រើនដូចនេះឡើយ។ លោកថា មូលហេតុកម្មករដួលសន្លប់ដោយសារពួកគាត់ខ្សោយ ឬការហូបចុកមិនគ្រប់គ្រាន់ជាដើម៖ «ដើមអាទិត្យហ្នឹងក៏មានម្នាក់ដែរ ខាងគ្រូពេទ្យព្យាយាមឲ្យគាត់ញ៉ាំអីច្រើន ដោយសារគាត់ខ្សោយ គាត់ព្យាយាមធ្វើការ ការញ៉ាំរបស់គាត់មិនសូវគ្រប់គ្រាន់ ហើយអ្នកដែលខ្សោយក៏មានអ្នកមានផ្ទៃពោះដែរ។ ពេលគាត់មានបញ្ហា គាត់ទន់ដៃទន់ជើង អ៊ីចឹងពួកខ្ញុំទៅជួយបីគាត់ចេញមក ដោយសារគាត់ឃើញគេសន្លប់ គាត់ភ័យ ទន់ដៃទន់ជើង ត្រជាក់ដៃត្រជាក់ជើង»។
វេជ្ជបណ្ឌិត ជួប សម្បត្តិ ស្នើដល់រោងចក្រទាំងអស់ធានាឲ្យបរិយាកាសក្នុងរោងចក្រមានខ្យល់ចេញចូលគ្រប់គ្រាន់ មានម៉ាស៊ីនបឺតខ្យល់ មិនត្រូវឲ្យកម្មករ កម្មការិនីនៅធ្វើការចង្អៀតគ្នាដែលងាយធ្វើឲ្យពួកគាត់ថប់ខ្យល់។ លើសពីនេះ លោកក៏ទទូចឲ្យថៅកែរោងចក្រទាំងអស់យោគយល់នៅពេលកម្មករឈឺមិនអាចទៅធ្វើការបាន និងគួរអនុញ្ញាតច្បាប់ឲ្យពួកគាត់ឈប់សម្រាកនៅផ្ទះគ្រប់គ្រាន់ដើម្បីជៀសវាងកុំឲ្យមានការដួលសន្លប់ ឬប៉ះពាល់ដល់សុខភាពរបស់កម្មករ។
កន្លងមកសហជីពការពារកម្មករ លើកឡើងថា ដើម្បីទប់ស្កាត់ការដួលសន្លប់របស់កម្មករ ក្រៅតែពីធានាបរិយាកាសការងារល្អក្នុងរោងចក្រ គេត្រូវលើកកម្ពស់ជីវភាពកម្មករតាមរយៈការដំឡើងប្រាក់ខែដែលអាចឲ្យពួកគាត់ទិញអាហារហូបចុកគ្រប់គ្រាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កម្មការិនីរោងចក្រ ស្មាតភី ហ្កាមេនដួលសន្លប់ដោយសារខ្សោយកម្លាំង
2016-08-05
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- ក្រសួងការងារទទួលយកសំណើដែលទាមទារលក្ខខណ្ឌការងារល្អឲ្យកម្មករធ្វើការតាមផ្ទះ
- ក្រសួងការងារព្រមានលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា
- កម្មកររោងចក្រស្បែកជើងនៅខេត្តបាត់ដំបងបន្តតវ៉ាទាមទារលក្ខខណ្ឌការងារប្រសើរ
- កម្មកររោងចក្រជុងហ្វៃទាមទារឲ្យតុលាការចេញដីកាការពារទ្រព្យសម្បត្តិក្នុងរោងចក្រ
- កម្មកររោងចក្រអាយសោនខេត្តកំពង់ស្ពឺដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ
- កម្មកររោងចក្រផលិតស្បែកជើងនៅខេត្តបាត់ដំបងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ១០ចំណុច
- កម្មករកម្មការិនីរោងចក្រអ៊ឹមវ៉េខេត្តកំពង់ឆ្នាំងបារម្ភខ្លាចអគារបាក់សង្កត់លើ
- កម្មកររោងចក្រស្បែកជើងនៅខេត្តកំពង់ចាមធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារប្រសើរ
- កម្មកររោងចក្រតម្បាញ ជុង ហ្វៃ ដែលថៅកែរត់ចោលនៅមិនទាន់មានដំណោះស្រាយ
- “ទំនាក់ទំនងវិជ្ជាជីវៈកម្មករ-ថៅកែក្នុងវិស័យឧស្សាហកម្មចាស់ទុំជាងមុន”