ម្ចាស់​បទ «​មាន់​រងាវ​» នៅ​ដង្ហើម​ចុង​ក្រោយ​ ទើប​ឮ​ឈ្មោះ​ដង្ហោយ​រក​ជំនួយ​

លោក កុល សែម​​ អាយុ​៧២​ឆ្នាំ ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ រូបថត ហ្វេសប៊ុក

លោក កុល សែម​​ អាយុ​៧២​ឆ្នាំ ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ រូបថត ហ្វេសប៊ុក





ភ្នំពេញប៉ុស្តិ៍

​ភ្នំពេញ: កម្រ​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ចម្រៀង​សម័យ​ដើម រំឭក​ឡើង​ថា បទ «​មាន់​រងាវ​» នៅ​មាន​ទីផ្សារ​ក្នុង​ស្រទាប់​មហាជន តែង​លើក​មក​ច្រៀង​បន្ទរ​ឆ្លង​ឆ្លើយ បង្កើត​ភាព​ស្និទ្ធ​ស្នាល សប្បាយ​រីករាយ​ក្នុង​កម្មវិធី​ថា ម្ចាស់​បទ​នេះ មាន​ឈ្មោះ​អ្វី​ឡើយ​។

​ទាំង​កម្មវិធី​វិទ្យុ និង​ទូរទស្សន៍ ដែល​កម្មវិធី​មរតក​វប្បធម៌​ជាតិ​ក៏​មិន​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ទេ​គឺ​ទើប​តែ​ត្រូវ​បាន​ទម្លាយ គ្រា​ដែល​ម្ចាស់​ស្លាប​ប៉ាកា​មាស​លាក់​មុខ​រូប​នេះ នៅ​សល់​តែ​ដង្ហើម​ចុង​ក្រោយ ដែល​គេ​បញ្ជាក់​ថា ម្ចាស់​បទ «​មាន់​រងាវ​» ឈ្មោះ កុល សែម​។

​ក្នុង​វ័យ​ជរា​៧២​ឆ្នាំ ដែល​ទើប​ត្រូវ​បាន​គេ​ទម្លាយ​ថា ជា​ម្ចាស់​បទ «​មាន់​រងាវ​» តារា​ចម្រៀង​ជើង​ចាស់ កុល សែម ដែល​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​លោក​សង្ឃ ជាង​១​សប្ដាហ៍​មក​ហើយ ដោយ​សារ​ជំងឺ​លើស​ឈាម និង​តម្រង​នោម​ធ្ងន់ធ្ងរ​នោះ ក៏ត្រូវ​បាន​កូន​ស្រី​របស់​លោក​តា ឈ្មោះ សួន សេដ្ឋា ទម្លាយ​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​៖ «​ឪពុក​ខ្ញុំ​ក៏​ធ្លាប់​ជា​ដៃគូ​ចម្រៀង ជាមួយ​អ្នក​ស្រី រស់ សេរីសុទ្ធា ក្នុង​បទ «​មាន់​រងាវ ឬ​ស្រី​ខ្មៅ​មាស​បង​» បទ «​សត្វ​ចាប​យំ​ចេប​» និង​បទ «​កុក​ហើរ​តែ​ឯង​ខ្លែង​ហើរ​ទាំង​គូ​» ជាដើម​»​។

​កាល​បើ​មាន​ជីវិត ទាំង​អតីត​តារា​ចម្រៀង​ជំនាន់​លោក ស៊ីន ស៊ីសាមុត រូប​នេះ​មិន​ត្រូវ​បាន​បង្ហាញ​សមាស​ភាព ដែល​លោក​ទើប​តែ​នឹង​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ និង​ស្នាដៃ នៅ​គ្រា​ដែល​ដង្ហើម​ធ្លាក់​មក​នៅ​កម្រិត​ចុង​ក្រោយ​នេះ ។

កត្តា​នេះ​ក៏​ត្រូវ​បាន​កូន​ស្រី​អតីត​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ ឲ្យ​ដឹង​ថា​៖ «​ឪពុក​ខ្ញុំ​គាត់​មិន​ដែល​ចង់​ចេញ​មុខ​ចេញ​មាត់​អី​ទេ ហើយ​មិន​ដែល​ចង់​ឲ្យ​គេ​ដឹង​ថា​គាត់​នៅរស់​ទេ តាំង​ពី​ដើម​មក តែ​ដោយ​សារ​កូនៗ​អស់​លទ្ធភាព​ព្យាបាល ក៏​សម្រេច​ចិត្ត​បង្ហាញ​សមាស​ភាព​របស់​ឪពុក​ថា «​គាត់ កុល សែម ជា​ម្ចាស់​បទ «​មាន់​រងាវ​» ក៏​ផ្សាយ​ក្រែង​មាន​អ្នក​ជួយ​គាត់​បាន​ខ្លះ​»​។​

មើល​ឃើញ​ពី​ការ​អំពាវនាវ​រក​សប្បុរស​ធម៌ ជួយ​ជ្រោម​ជ្រែង​ជា​ជំនួយ​ប្រាក់​ព្យាបាល​បន្ត​នោះ តារា​ចម្រៀង​លោក សន វិជ្ជបុត្រ ដែល​ជាប់​ងារ​តារា​មនុស្ស​ធម៌​វ័យ​ក្មេង កាលពី​រសៀល​ថ្ងៃទី​ ៣ ខែ​សីហា ក៏​បាន​នាំ​អំណោយ​មនុស្ស​ធម៌ ដែល​លោក​ទទួល​បាន​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស យក​ទៅ​ប្រគល់​ជូន​ម្ចាស់​បទ «​មាន់​រងាវ​» ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោក​សង្ឃ​)​។

​នៅ​ចំពោះ​មុខ​តារា​ចម្រៀង សន វិជ្ជបុត្រ កូន​ស្រី របស់ អតីត​តារា​ចម្រៀង​រូប​នេះ ក៏​បាន​រៀប​រាប់​បន្ថែម​ថា​៖ «​ឪពុក​របស់​ខ្ញុំ​មាន​វ័យ​៧២​ឆ្នាំ និង​បាន​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ដោយ​ទទួល​ការ​ថែទាំ​ពី​កូន​។ ដោយ​ជំងឺ​របស់​គាត់​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ខ្លាំង ក៏​នាំ​គាត់​មក​បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​ពេទ្យ​លោក​សង្ឃ​បាន​មួយ​សប្តាហ៍​ហើយ​»​។

​ជាមួយ​គ្នា​នោះ តារា​ចម្រៀង​មាន​ស្រុក​កំណើត​នេន​ទុំ បាភ្នំ ឈើ​កាច់ ខេត្ត​ព្រៃវែង រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ថា​៖ «​អារម្មណ៍​ខ្ញុំ​ក៏​ជា​អ្នក​សិល្បៈ ដ្បិត​ថា​ជា​អ្នក​សិល្បៈ​ជំនាន់​ក្រោយ ប៉ុន្តែ​ពេល​ឮ​មាន​អ្នក​សិល្បៈ ពិសេស​អ្នក​សិល្បៈ​សម័យ​ដើម មាន​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ចាស់​ជរា និង​ខ្វះ​ថវិកា​ព្យាបាល​នោះ អារម្មណ៍​ក៏​នៅ​មិន​ស្ងប់​ដែរ​»។

​តារា​ចម្រៀង​ដែល​ល្បី​ការងារ​មនុស្ស​ធម៌​ជាង​ការងារ​សិល្បៈ​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​ទេ គឺ​កើត​ជា​កូន​អ្នក​ក្រ ធ្លាប់​ធ្វើ​ស្រែ ជីក​ក្តាម​នៅ​ស្រុក​កំណើត តែ​ពេល​នេះ​មាន​ជីវភាព​សមរម្យ​ច្រឡំ​គេ​ច្រឡំ​ឯង​នៅ​ភ្នំពេញ ហើយ​ក៏មាន​សប្បុរសជន​ជួយ​ផង ក៏​បាន​រួម​គ្នា​នាំ​ជា​អំណោយ​មក​ធ្វើ​ការ​ឧបត្ថម្ភ​លោក កុល សែម ជា​ទឹក​ចិត្ត​ចែក​រំលែក​»៕

What Next?

Recent Articles