ដោយ សុ ជីវី
2016-10-18
RFA

ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ RFA/Sochivy
![]()
នៅរាជធានីភ្នំពេញ ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ខណ្ឌដង្កោ ក្នុងតំបន់ដែលនៅតាមបណ្ដោយស្ទឹងនេះ។ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានីភ្នំពេញ បានចុះជួយដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតឡើងក្នុងតំបន់មានការជន់លិច។
ភូមិមួយចំនួននៅក្នុងខណ្ឌដង្កោ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀងចេញពីស្ទឹងព្រែកត្នោត ក្នុងនោះភូមិមួយចំនួនក្នុងសង្កាត់ស្ពានថ្ម បានជន់លិចនៅក្រោយពេលដែលទឹកបានបុកដាច់កំណាត់ផ្លូវមួយកន្លែងក្នុងភូមិសាលា សង្កាត់ទៀន។
កំណាត់ផ្លូវនោះ ត្រូវអ្នកភូមិហៅថា ទំនប់សណ្ដស្ទឹង ឋិតនៅប្របមាត់ស្ទឹងព្រែកត្នោត។ ទំនប់នោះបានបាក់ធ្លាយទំហំប្រមាណពី ៥០ ទៅ ៦០ម៉ែត្រ។
ចៅសង្កាត់ស្ពានថ្ម លោក អ៊ុំ ឡុង មានប្រសាសន៍ថា ភូមិចំនួន៨ នៅក្នុងសង្កាត់របស់លោក ទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដោយធ្វើឲ្យលិចផ្ទះសម្បែង ដីស្រែចម្ការ ផលដំណាំ៖ «ឥឡូវនេះវាគ្រោះថ្នាក់ធ្ងន់ដោយសារភូមិគោកអញ្ចាញ គោកឪឡឹក វានៅចំមុខទឹកបាក់ ហើយទឹកវាច្រាលមកមកវិញលិចម្តុំមុខវត្តចេះតែលិចតៗទៀត។ ទឹកវាបាក់ពីស្ទឹងទៅ បាក់ធ្លាយទំនប់សណ្ដស្ទឹងទៅក្នុងអាងស្តុកក្នុងសង្កាត់»។
មន្ត្រីសាលារាជធានីភ្នំពេញ បញ្ជាក់ថា មានសង្កាត់ចំនួន៩ ដែលមានពលរដ្ឋចំនួនជិត ២ពាន់គ្រួសារ បានរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះទៅពិនិត្យទីតាំងដែលផ្លូវបាក់ដាច់ដោយសារទឹកស្ទឹងព្រែកត្នោត ដែលជន់ខ្លាំង បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា មានពលរដ្ឋចំនួន ២០០គ្រួសារដែលរងផលប៉ះពាល់ខ្លាំង ចាំបាច់ត្រូវផ្ដល់ជំនួយសង្គ្រោះ។
អ្នកភូមិគោកឪឡឹក ក្នុងសង្កាត់ស្ពានថ្ម លោកស្រី យឿន ចាន់ធួក មានប្រសាសន៍ថា ស្រូវរបស់លោកស្រីជាងមួយហិកតារដែលត្រូវជន់លិច។ លោកស្រីថា ដីស្រែរបស់លោកស្រី ឋិតនៅចំនឹងមុខទឹកដែលបាក់ទំនប់ ដែលធ្វើឲ្យលោកស្រីបារម្ភថាមិនអាចទទួលបានផលនៅក្រោយពេលទឹកស្រកទៅវិញ៖ «ប៉ះពាល់ផ្លូវចិត្តខ្លាំងដោយសារស្រូវមួយហិកតារជាង វាអាចទៅអស់ហើយបើទឹកហូរត្របាញ់ម្លឹងៗ (តើសង្ឃឹមថាអាចប្រមូលផលបានទេក្រោយទឹកស្រកទៅវិញ?) សង្ឃឹមតិចតួចណាស់ តែចេះតែការពារទៅ បើឃើញក្មេងៗវាលោតអី ចេះតែហាមវាទៅ ក្រែងនៅសល់ខ្លះ។ បើលិចហ្នឹងក្រោមតែមួយអាទិត្យអាចសល់ តែបើផុតពី ១អាទិត្យទៅអស់សង្ឃឹមហើយ គឺដឹងតែពីរលួយបណ្ដូលអស់ បើនៅពី ១អាទិត្យចុះក្រោមអាចនៅសល់ខ្លះ»។
អ្នកភូមិគោកឪឡឹក មួយរូបទៀត លោក ឡុង សុទ្ធី មានប្រសាសន៍ថា ក្នុងសង្កាត់របស់លោកធ្លាប់ជួបបញ្ហាបែបនេះដែរកាលពី ៤ឆ្នាំមុន។ លោកថា គេអាចទប់ស្កាត់បញ្ហានេះបាន ប្រសិនបើមានទំនប់រឹងមាំត្រឹមត្រូវតាមបច្ចេកទេស៖ «ធ្វើវាល្អហើយ ប៉ុន្តែការសិក្សាអំពីបញ្ហាធ្វើទំនប់ហ្នឹងឃើញថា បើ ១០ គឺនៅតែ ៧ ទេវាបាត់ ៣ ហើយ។ បើអ៊ីចឹងបើកាលណាតែយើងដឹកចាក់ខ្ពស់ៗពេក ហើយកៀរកិននោះ ដុំដីវានៅធំៗ ចឹងពេលណាទឹកមកវាជ្រាបបង្កើតជារន្ធនាគ»។
នៅមុនពេលបាក់ទំនប់សណ្ដស្ទឹង ទឹកបានទៅជន់លិចផ្ទះអ្នកភូមិ និងវត្តអារាម ដែលនៅម្ខាងទៀតនៃទំនប់។
ព្រះតេជព្រះគុណ យិន រតនៈសុភាវី ដែលគង់ចាំព្រះវស្សានៅក្នុងវត្តចម្ការខ្សាច់ មានថេរដីកាថា ទឹកដែលជន់លិចមានភាពរហ័សពេក ធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងវត្ត ប៉ុន្តែទឹកបានស្រកចុះវិញក្រោយបាក់កំណាត់ផ្លូវ ឬទំនប់សណ្ដស្ទឹង៖ «ប៉ះពាល់វត្តហ្នឹង គឺមានដូចជាទៀនព្រះវស្សា ដូចជាអង្ករ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ សាមណេរតូចៗចំនួន ១៦ព្រះអង្គដែលគង់នឹងវត្តនេះ បានជួយជញ្ជូនមួយផ្នែកទៅដាក់សាលាឆាន់ មួយផ្នែកទៀតដូចជាអង្ករអីហ្នឹង ញោមៗបានយកទៅហាល ព្រោះត្រូវទឹកដោយសារវាឡើងលឿនពេក»។
អ្នកភូមិក្នុងសង្កាត់ស្ពានថ្ម រំពឹងថា ទឹកដែលជន់លិចភូមិពួកគាត់ អាចស្រកចុះវិញបាននៅពេលដែលអាជ្ញាធរអាចទប់ទំនប់សណ្ដស្ទឹងបាន។ ប៉ុន្តែពួកគេក៏បារម្ភដែរថា កម្ពស់ស្ទឹងនឹងមិនថមថយ ប្រសិនបើភ្លៀងបន្តធ្លាក់ក្នុងតំបន់នេះ។
បើទោះជាយ៉ាងណា អាជ្ញាធរខណ្ឌដង្កោ បានដាក់កម្លាំងចុះទៅជួសជុលកំណាត់ផ្លូវដែលខូចខាតដោយជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាលា សង្កាត់ទៀន នោះហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្អូញត្អែរពីផលលំបាក
-
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងត្រៀមកម្លាំងបញ្ចៀសផ្លូវទឹកបង្កដោយជំនន់ទឹកភ្លៀង
-
ក្រសួងធនធានទឹកប្រកាសឲ្យខេត្តចំនួន១០បង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង
-
ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង
-
ជំនន់ទឹកភ្លៀងលិចខេត្តចំនួន១០នៅកម្ពុជាប៉ុន្តែពុំទាន់ដល់ចំណុចប្រកាសអាសន្ន
-
ទឹកភ្លៀងលិចខេត្តមួយចំនួននៅកម្ពុជាតែក្រសួងថាមិនទាន់ដល់ចំណុចប្រកាសអាសន្ន
-
ក្រសួងធនធានទឹកប្រកាសឱ្យបណ្ដាខេត្តមួយចំនួនប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង
-
អាជ្ញាធរខេត្តកំពង់ធំកំពុងតាមដានស្ថានភាពទឹកស្ទឹងសែនដែលហក់ឡើងខ្ពស់
-
អាជ្ញាធរខេត្តឧត្តរមានជ័យប្រកាសឱ្យពលរដ្ឋនៅស្រុកអន្លង់វែងប្រុងប្រយ័ត្នគ្រោះទឹកជំនន់
-
ពលរដ្ឋនៅបឹងក្រពើចោទអាជ្ញាធរថាមិនគោរពពាក្យសន្យារឿងទឹកស្អុយលិចផ្ទះ