ដោយ រដ្ឋា វិសាល
2016-10-19
RFA

ជនជាតិដើមភាគតិចព្នង ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងបង្ហាញកន្លែងកប់សពសហគមន៍ដែលគេលក់ដូរ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ Photo: ADHOC
![]()
ជនជាតិដើមភាគតិចព្នង រស់នៅភូមិតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចំនួន ២២គ្រួសារ អះអាងថា កន្លែងកប់សពសាច់ញាតិពួកគេមួយកន្លែងត្រូវបានអ្នកភូមិលក់ទៅអោយភរិយាអតីតមន្ត្រីតុលាការខេត្តមួយរូប។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកការលក់ដូរដីកប់សពសហគមន៍ថា ជាអំពើខុសច្បាប់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរី អំពាវនាវឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតករណីលក់ដីតំបន់កប់សពរបស់សហគមន៍ជនជាតិដើមភាគតិចមួយក្រុមដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។
កាលពីថ្ងៃទី១៣ ខែតុលា ជនជាតិដើមភាគតិចព្នង ៦នាក់ តំណាងឲ្យអ្នកភូមិ ២២គ្រួសារ រស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានដាក់ពាក្យប្ដឹងទៅការិយាល័យការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់ការលក់ដីតំបន់កប់សពសហគមន៍នេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់នៅថ្ងៃទី១៩ ខែតុលា ថា ការអង្កេតបឋមរបស់មន្ត្រីអាដហុក រកឃើញថា ដីដែលប្រជាពលរដ្ឋអះអាងថា ត្រូវគេលក់ពិតជាតំបន់កប់សព ក៏ប៉ុន្តែទីតាំងនោះមិនទាន់មានការឈូសឆាយ ឬធ្វើឲ្យខូចខាតទ្រង់ទ្រាយដីនៅឡើយ។ លោកថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបញ្ឈប់ការលក់ដីកប់សពសហគមន៍ដែលបំពានទៅលើតំបន់ប្រពៃណី និងជាដីសាធារណៈរបស់រដ្ឋ៖ «យោងច្បាប់ភូមិបាល ជាដីសមូហភាពរបស់ជនជាតិដើមភាគតិច អ៊ីចឹងបើមានការទិញលក់វាជាអំពើរំលោភច្បាប់ និងរំលោភប្រពៃណីជនជាតិដើមភាគតិច»។
ពាក្យប្ដឹងរបស់តំណាងប្រជាពលរដ្ឋ ២២គ្រួសារ អោយដឹងថា អ្នកភូមិដែលលក់ដីគឺជាជនជាតិដើមភាគតិចដូចគ្នា រស់នៅភូមិចម្ការតែ ឈ្មោះ ព្លិ ជ្រីល។ ចំណែកអ្នកទិញដីគឺជាភរិយាអតីតចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី មួយរូបដែលអ្នកភូមិមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។
អាស៊ីសេរី មិនអាចទាក់ទងលោក ព្លិ ជ្រីល សុំបំភ្លឺករណីនេះបានទេ នៅថ្ងៃទី១៩ ខែតុលា។ រីឯចៅសង្កាត់ស្ពានមានជ័យ លោក សាក់ ហ៊ាន មានប្រសាសន៍បញ្ជាក់ថា ដីនោះពិតជាបានលក់ដូរមែនតាំងពី ១០ឆ្នាំមុន តាមរយៈជនជាតិដើមភាគតិចក្នុងភូមិជាមួយគ្នា ក៏ប៉ុន្តែមិនមានអាជ្ញាធរមូលដ្ឋានចេញលិខិតបញ្ជាក់អ្វីទាក់ទិនការលក់ដីនោះទេ។ លោកថា រហូតបច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងរៀបចំចុះបញ្ជីកម្មសិទ្ធិដីតំបន់នោះជាប្រព័ន្ធទើបមានការតវ៉ាឡើង៖ «អ្នកភូមិដែលគាត់នៅថែរក្សាគាត់នៅជាប់ហ្នឹងគាត់អ្នកលក់ដូរ អ្នកទិញក៏មិនដឹងថា ផ្នូរខ្មោចស្អីទេ ព្រៃដុះពេញ»។
ចាស់ព្រឹទ្ធាចារ្យជនជាតិដើមភាគតិចព្នង ឈ្មោះ សំរិទ្ធ ថន បញ្ជាក់ថា ដីនោះពិតជាតំបន់កប់សពសហគមន៍ ២២គ្រួសារ និងផ្នូរកប់សពរាប់សិបកន្លែង។ លោកថា ដីតំបន់នោះមានទំហំជិតមួយហិកតារជាអតីតទីតាំងឈរជើងរបស់យោធាមុនឆ្នាំ១៩៨០ ប៉ុន្តែក្រោយពេលយោធាដកចេញពីកន្លែងនោះដីពាក់កណ្ដាលត្រូវប្រជាពលរដ្ឋយកធ្វើចម្ការកាហ្វេ និងពាក់កណ្ដាលទៀតអ្នកភូមិបានយកធ្វើជាកន្លែងកប់សពសហគមន៍៖ «ដីផ្នូរខ្មោចហ្នឹងទោះបីគេបង់លុយក៏ដោយ ខ្ញុំអត់យកលុយកាក់ខ្ញុំថែរក្សាម្ដាយខ្ញុំកូនខ្ញុំថែរហូតខ្មោចហ្នឹង»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើសិទ្ធិមនុស្សសមាគមអាដហុក ដដែលបញ្ជាក់ថា នឹងអន្តរាគមន៍ពាក្យប្ដឹងរបស់អ្នកភូមិទៅមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តឲ្យបង្អាក់ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាន់ដីដែលអ្នកភូមិតវ៉ាដើម្បីស៊ើបអង្កេតករណីនេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
តុលាការខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិចព្នង២គ្រួសារសាកសួររឿងដីសហគមន៍
-
សហគមន៍ជនជាតិព្នងមួយក្រុមអំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់ការលក់ដូរដីព្រៃត្រៀមបម្រុង
-
អាជ្ញាធរខេត្តមណ្ឌលគិរីលុបចោលគម្រោងអភិវឌ្ឍន៍នានានៅតំបន់ភ្នំដោះក្រមុំ
-
សហគមន៍ខេត្តមណ្ឌលគិរីបដិសេធដំណោះស្រាយរបស់អាជ្ញាធរទាក់ទិនការឈូសឆាយដីព្រៃ
-
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីចោទអាជ្ញាធរឃុំលក់ដីកប់សពសហគមន៍
-
សហគមន៍និងមន្ត្រីវប្បធម៌ខេត្តមណ្ឌលគិរីចង់រក្សាតំបន់ភ្នំដោះក្រមុំទុកជាតំបន់វប្បធម៌
-
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីគ្រោងតវ៉ាប្រឆាំងការឈូសឆាយដីនៅតំបន់ភ្នំដោះក្រមុំ
-
សមាជិកសហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរីថារងការគំរាមកំហែងអាយុជីវិត
-
តុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនពលរដ្ឋចំណាកស្រុកម្នាក់ដែលសង់រោងលើដីសម្បទាន
-
សមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួនមេដឹកនាំពលរដ្ឋធ្វើរោងស្នាក់នៅលើដីសម្បទានសេដ្ឋកិច្ច