មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ថា​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តានតឹង​និង​ធ្លាក់​ចុះ

ដោយ សាន សែល
2016-10-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សន្និសីទ​អន្តរជាតិ​ស្ដី​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣​តុលា នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
សន្និសីទ​អន្តរជាតិ​ស្ដី​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣​តុលា នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev


កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រ៉ាំរ៉ៃ​នៅ​កម្ពុជា នឹង​មាន​អាយុ ២៥​ឆ្នាំ​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ សន្ធិសញ្ញា​នេះ ពាំនាំ​នូវ​របត់​ថ្មី​នៃ​នយោបាយ​កម្ពុជា ដែល​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​បោះឆ្នោត​លើក​ដំបូង រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។ បើ​ទោះ​ជា​យ៉ាង​ណា សន្និសីទ​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ តុលា បង្ហាញ​ថា ស្ថានភាព​ការ​គោរព និង​អនុវត្ត​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន កំពុង​ដើរ​ថយ​ក្រោយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ អះអាង​ថា បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​តានតឹង និង​ធ្លាក់​ចុះ។ ការ​លើក​ឡើង​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​តុលាការ និង​ការ​បង្កើត​ច្បាប់​ដើម្បី​បំបិទ​សិទ្ធិ និង​គំរាម​កំហែង​សង្គម​ស៊ីវិល សកម្មជន មេ​ដឹកនាំ​សហគមន៍ ពលរដ្ឋ និង​បក្ស​ប្រឆាំង។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព កត់​សម្គាល់​ថា មន្ត្រី​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​រូប ដែល​ជា​ញឹកញយ​ចេញ​ការពារ​សំណុំ​រឿង​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ តំណាង​សហគមន៍​ដែល​ចេញ​តវ៉ា​ដើម្បី​សិទ្ធិ​លំនៅឋាន ពលរដ្ឋ​ដែល​និយាយ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត សមាជិក​បក្ស​ប្រឆាំង​ដែល​និយាយ​រិះគន់​ពី​បន្ទាត់​ព្រំដែន សកម្មជន​បរិស្ថាន​ដែល​រារាំង​ទង្វើ​គំរាម​កំហែង​ធនធាន​ធម្មជាតិ ត្រូវ​តុលាការ​ចាប់​ខ្លួន​បញ្ជូន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ដែល​អ្នក​ជំនាញ​ផ្នែក​ច្បាប់ បញ្ជាក់​ថា នីតិវិធី​របស់​តុលាការ​ធ្វើ​ផ្ទុយ​ពី​ច្បាប់។ ចំណែក​អ្នក​វិភាគ​ដែល​ហ៊ាន​រិះគន់​ជំងឺ​សង្គម​ដោយ​ចំៗ ត្រូវ​គេ​បាញ់​សម្លាប់​កណ្ដាល​ទីក្រុង។

បន្ថែម​ពី​លើ​នេះ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រូបឺតសុន (Phil Robertson) បន្ថែម​ថា ការ​អនុម័ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល ច្បាប់​សហជីព ហើយ​សេចក្តី​ព្រាង​ស្ដីពី​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ការ​រឹតត្បិត និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​សិទ្ធិ​សេរីភាព​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​លោក​មើល​ឃើញ​ពី​គម្លាត​នៃ​ការ​សន្យា និង​ការ​អនុវត្ត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បញ្ជាក់​ថា កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស។

អតីត​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​រិះគន់​រដ្ឋាភិបាល គឺ​លោក យ៉ាស់ហ៍ ហ្គាយ (Yash Ghai) បាន​ផ្ញើ​សារ​ជូន​សន្និសីទ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៩ តុលា ដោយ​ស្នើ​រដ្ឋាភិបាល​ឆ្លុះ​បញ្ចាំង​ពី​ភាព​អវិជ្ជមាន​ដែល​កំពុង​កើត​មាន ដើម្បី​រក្សា​នូវ​តម្លៃ​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​បញ្ចប់​ការ​ចោទ​ប្រកាន់ បញ្ឈប់​ការ​វាយ​ប្រហារ​លើ​សកម្មជន​សិទ្ធិ​មនុស្ស បក្ស​ប្រឆាំង និង​ធានា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ហ្វីល រូបឺតសុន (Phil Robertson) ស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​សិទ្ធិ​សេរីភាព​តវ៉ា សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា សិទ្ធិ​បញ្ចេញ​មតិ និង​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព។

យ៉ាង​ណា​ក៏ដោយ ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង អះអាង​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​បាន​បញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា អស់​ហើយ។ លោក​ស្នើ​កុំ​ឲ្យ​យក​បញ្ហា និង​សភាពការណ៍​នយោបាយ ទៅ​ភ្ជាប់​ជាមួយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

ចំណែក​លោក យ៉ាស់ហ៍ ហ្គាយ (Yash Ghai) ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំង ១៨​ប្រទេស​ដែល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បន្ត​ឃ្លាំ​មើល និង​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ថា​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តានតឹង​និង​ធ្លាក់​ចុះ"

  1. ?? says:

    how did we Cambodian remember what HUN SEN said in the past. didn’t he said PARIS peace agreement no more affected to the government of Cambodia. HUN SEN wanted to wipe out all international community so that he can do whatever he want in Cambodia. as all of us seeing in this politic war HUN SEN can not fight on the ring he use his evil action to kill his opponent . even the animal can see what HUN SEN did to those poor politician . I myself did not understanding what all this dump people thinking . are they think they are the only smart ass in the whole world. don’t you dear we are seeing you are the dump ass people in the whole world. do not be so proud of yourself Mr. we’ll bring all of you to the world metal hospital so that we can fixe you good.