ដោយ ហង្ស សាវយុត
2016-10-19
RFA

ក្រុមជនជាតិភាគតិចកួយដែលអាជ្ញាធរខេត្តព្រះវិហារ រុះរើផ្ទះសម្បែងបានលើកគ្នាទៅតវ៉ានៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៦។ រូបថតអង្គការពន្លកខ្មែរ
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ព្រមទាំងកិច្ចការពារព្រៃឈើ នៅខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្នមានជនចំណាកស្រុកកាន់តែច្រើនឡើងៗ ដោយអ្នកមានអំណាចខ្លះនៅពីក្រោយខ្នង កំពុងនាំគ្នាសម្រុកទៅចាប់យកដីព្រៃរបស់រដ្ឋ នៅចន្លោះព្រំប្រទល់ស្រុកឆែប និងស្រុកត្បែងមានជ័យ។
ការលើកគ្នារបស់ជនចំណាកស្រុកទៅសង់ខ្ទម ដើម្បីចាប់យកដីព្រៃរបស់រដ្ឋនោះ បានធ្វើឱ្យអាជ្ញាធរខេត្តព្រះវិហារ ទប់ស្កាត់ ដោយចុះទៅរុះរើខ្ទមជាច្រើន បណ្ដាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ជនជាតិដើមភាគតិចកួយខ្លះដែលកាន់កាប់ដីទីនោះជាយូរមកហើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរខេត្តនេះ គួរតែពិនិត្យទៅលើការរុះរើផ្ទះសម្បែងរបស់ជនជាតិដើមភាគតិចកួយ ចំនួន ៦ខ្នង នៅតំបន់អូរព្រាល ក្នុងពេលដែលចាត់វិធានការទប់ស្កាត់ក្រុមជនចំណាកស្រុកជាច្រើន ដែលចូលទៅរុករានយកដីព្រៃរបស់រដ្ឋនោះឡើងវិញ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី១៩ ខែតុលា ថា កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ អាជ្ញាធរខេត្តព្រះវិហារ ព្រមទាំងសមត្ថកិច្ចចម្រុះបានចុះទៅទប់ស្កាត់ជនចំណាកស្រុកជាច្រើនដែលចូលទៅសង់ខ្ទម យកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដោយរុះរើបំផ្លាញខ្ទមជាច្រើន ក៏ប៉ុន្តែក្នុងនោះក៏បានរុះរើបំផ្លាញខ្ទមជនជាតិដើមភាគតិចកួយ មកពីឃុំប្រមេរ ខ្លះ ដែលបានកាន់កាប់ដីទីនោះជាយូរមកហើយដែរ។
លោក ឡោ ចាន់ បង្ហាញជំហរថា ក្នុងនាមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល លោកសូមអបអរសាទរចំពោះអាជ្ញាធរខេត្តព្រះវិហារ ដែលទប់ស្កាត់ជនចំណាកស្រុក និងពួកឈ្មួញ ព្រមទាំងអ្នកមានអំណាចខ្លះមិនឱ្យរុករានយកដីព្រៃរបស់រដ្ឋ ប៉ុន្តែលោកក៏មានការខកចិត្តចំពោះការរុះរើបំផ្លាញផ្ទះសម្បែងរបស់ជនជាតិដើមភាគតិចកួយខ្លះ ដែលរស់នៅទីនោះជាច្រើនឆ្នាំមកហើយដែរ៖ «ខ្ញុំគិតថា អាជ្ញាធរគួរតែមានវិធានការទៅជនចំណាកស្រុក និងអ្នកមានអំណាចដែលព្យាយាមយកដីព្រៃរបស់រដ្ឋប៉ុណ្ណោះបានហើយ ចំណែកជនជាតិដើមភាគតិចដែលធ្លាប់រស់នៅទីនោះគួរតែកុំប៉ះពាល់»។
ទោះជាយ៉ាងណា អាស៊ីសេរីមិនអាចភ្ជាប់ការសន្ទនា ជាមួយអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ជនជាតិដើមភាគតិចកួយខ្លះ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ បានចោទប្រកាន់ថា កាលពីថ្ងៃទី១៥ ខែតុលា ក្នុងពេលដែលអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំសមត្ថកិច្ចចម្រុះទៅទប់ស្កាត់ការចាប់យកដីព្រៃរបស់រដ្ឋនៅតំបន់អូរព្រាល គឺបានរុះរើខ្ទមជាច្រើន ក្នុងនោះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក៏បានទៅរុះរើផ្ទះ ជនជាតិដើមភាគតិចកួយអស់ចំនួន ៦ខ្នង ព្រមទាំងវាយតប់ទៅលើស្ត្រី ២នាក់ ហើយដកយកទូរស័ព្ទដៃអស់ចំនួន ២គ្រឿង។
ស្ត្រីឈ្មោះ ខុម រ៉ានី មានប្រសាសន៍ថា រូបគាត់ក៏ដូចជាអ្នកភូមិ ១៨គ្រួសារច្រើនទៀត បានចូលទៅរស់នៅម្ដុំអូរព្រាល រយៈពេល ៩ឆ្នាំមកហើយ ដោយអាជ្ញាធរឃុំប្រមេរ បានទទួលស្គាល់ ព្រមទាំងចេញបង្កាន់ដៃក្បាលដីឱ្យផង។ ក៏ប៉ុន្តែកាលពីថ្ងៃទី១៥ ខែតុលា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទៅរុះរើផ្ទះរបស់ពួកគាត់អស់ ៦ខ្នង ដោយគេចោទថា ទៅរស់នៅលើដីព្រៃរបស់រដ្ឋដោយខុសច្បាប់៖ «ខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យខ្ញុំនិងប្រជាពលរដ្ឋខ្លះទៀតដែលគេរុះរើផ្ទះសម្បែង»។
កាលពីថ្ងៃទី១៨ ខែតុលា ក្រុមជនជាតិភាគតិចដែលសមត្ថកិច្ចរុះរើផ្ទះសម្បែងចំនួន ២០នាក់ បានលើកគ្នាទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ ដើម្បីសំដែងពីទុក្ខកង្វល់ ព្រមទាំងដាក់ពាក្យបណ្ដឹងឱ្យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សជួយដោះស្រាយ ព្រមទាំងឱ្យជួយបញ្ជូនបញ្ហាទាំងនេះទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកមានបញ្ហាដីធ្លី៧៧សហគមន៍ប្រតិកម្មនឹងអាជ្ញាធរមិនឲ្យប្រារព្ធទិវាសិទ្ធិនៅលំនៅឋាននៅដីក្រហម
-
ក្រុមអតីតស្ត្រីបឹងកក់តវ៉ាទាមទារសំណងបន្ថែមពីធនាគារពិភពលោក
-
កម្លាំងអាជ្ញាធរខេត្តព្រះសីហនុចុះឈូសតូបលក់ដូរនៅចុងឆ្នេរអូរឈើទាល
-
ពលរដ្ឋជាង១០០គ្រួសារនៅខែត្រក្រចេះបារម្ភពីការបណ្ដេញចេញ
-
សាលារាជធានីថាមិនដឹងពីគម្រោងផ្លាស់ប្ដូរទីលំនៅរបស់អ្នកប៊ូឌីង
-
ពលរដ្ឋ៧០គ្រួសារនៅស្រុកកែវសីមាបារម្ភខ្លាចអាជ្ញាធរដុតផ្ទះអ្នកភូមិ
-
ពលរដ្ឋនៅខណ្ឌមានជ័យតវ៉ាឲ្យក្រុមហ៊ុនផ្ដល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី
-
អ្នកបឹងកក់មិនព្រមរុះរើផ្ទះតាមការកំណត់របស់អាជ្ញាធរ
-
ពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើងបារម្ភពីការបណ្ដេញចេញ
-
ពលរដ្ឋសហគមន៍បុរីកីឡាធ្វើពិធីរំឭកខួបលើកទី៤នៃការបណ្ដេញចេញដោយបង្ខំ