សាក្សីប្រាប់តុលាការថាលោក ឌិន ពុទ្ធី មិនបានបើកឡានបុកមន្ដ្រីប៉ូលិសដូចការចោទប្រកាន់ទេ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧​ | ម៉ោង 4:22 PM
http://vodhotnews.com

សន្ដិសុខ | សិទ្ធិមនុស្ស

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ (រូបភាពពីហ្វេសប៊ុក)


សាក្សីដែលបានចូលបំភ្លឺនៅតុលាការ ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ​មន្ដ្រី​គណ​បក្ស​សង្គ្រោះជាតិ លោក ឌិន ពុទ្ធី​​ មិនបានបើកឡានបុក ដូចអ្វីដែលមន្រ្តីនគរបាលឈ្មោះ ឈាន ពិសិដ្ឋ ​ចោទប្រកាន់នោះទេ។

តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រី​បក្សសង្រ្គោះជាតិ ​លោក ​ឌិន ពុទ្ធី ដោយចោទពីបទហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិស​ព្រំដែនលោ​ក ​ឈាន ពិសិដ្ឋ ​ដួលមុខឡានមន្ដ្រីបក្សប្រឆាំងរូប​នោះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងមក។

សាក្សីមួយរូបក្នុងចំណោមបីនាក់ លោក អ៊ុន ជីវ័ន ប្រាប់វីអូឌី ក្រោយពីបំភ្លឺនៅតុលាការថា​លោកបានប្រាប់តុលាការថា ​លោក ឌិន ពុទ្ធី មិនបានបើករថយន្ដបុកមន្ដ្រីនគរបាល​ច្រកទ្វារអន្ដរ​ជាតិ​ប៉ោយ​ប៉ែត​លោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា មន្ដ្រីនគរបាលរូបនោះ​បានធ្វើជាដួលនៅមុខ​ឡាន​មន្ដ្រី​បក្ស​ប្រឆំាង ដើម្បីទំលាក់កំហុសដាក់លោក ឌិន ពុទ្ធី។

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី៩​ខែមករាថា លោកចង់ឲ្យមានការសម្របសម្រួលគ្នារវាង លោក ឈាន ពិសិដ្ឋ ជាមួយលោក ឌិន ពុទ្ធី ដើម្បីបញ្ចប់បញ្ហា។ ជាមួយគ្នានោះ លោកបន្តថា លោកនឹងស្នើទៅ​ក្រសួង​មហាផ្ទៃឲ្យផ្ទេរការងារលោក ឈាន ពិសិដ្ឋ ចេញពីក្រុងប៉ោយប៉ែត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍។

នៅក្នុងវីដេអូខ្លីប របស់ព្រះតេជគុណ លួន សាវ៉ាត បានបង្ហាញថា សាក្សី​បីរូប គឺលោក ញ៉ែត នាង លោក ហ៊ុន សេងអឿន និងលោក អ៊ុន ជីវ័ន្ដ ឲ្យដឹងស្រដៀង​គ្នាមុន​ចូល​បំភ្លឺ នៅតុលាការថា លោក ឈាន ពិសិដ្ឋ បានដើរ​ចូលចូលខាងមុខរថយន្ត រួចផ្ដួលខ្លួនឯង ខណៈដែលរថយន្ដ​នៅមួយ​កន្លែង។​ ពួកគេបន្ដថា នៅពេល​ដួលរួចហើយ ​​មន្ដ្រីន​គរបាលរូបនោះនៅតែក្ដាប់កូនសោរជាប់នឹងដៃនិងមានទឹកមុខធម្មតា បន្ទាប់​មក​សមត្ថកិច្ចបានដឹកទៅកន្លែងផ្សេង​។ ពួក​គេ​រំពឹងថា តុលាការខេត្ដបន្ទាយមានជ័យ​នឹងផ្ដល់យុត្ដិ​ធម៌ដល់​លោក​ ឌិន ពុទ្ធី។

VOD មិនអាចទាក់ទងចៅក្រមស៊ើបសួរនៃតុលាការខេត្ដបន្ទាយមានជ័យ លោក មុយ សុភក្ដិ បាននៅឡើយទេ។

ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្ដបន្ទាយមានជ័យ កាលពីពេលកន្លងទៅ បានអះអាងថា មន្ដ្រីប៉ូលិសម្នាក់ដែលដួលនៅមុខ​ឡាន​​មន្ដ្រី​បក្សសង្គ្រោះជាតិពិតជាជនរងគ្រោះដោយ​​សារ​រថយន្ដបើកបុក។

លោក ឌិន ពុទ្ធី ត្រូវបានតុលាការឃុំខ្លួនជិតមួយខែហើយ បើទោះជាមានការតវ៉ាពីសំណាក់ពលរដ្ឋរាប់រយនាក់ និងក្រុមគ្រួសារសុំដោះលែងលោករូបក៏ដោយ។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យលោក ស៊ុំ ចាន់គា ​ដែល​ឃ្លាំមើលករណីនេះ បានសាទរចំពោះតុលាការដែលឲ្យសាក្សីដោះបន្ទុកចូលបំភ្លឺ ប៉ុន្ដែលោកព្រួយបារម្ភពី​សុវត្ថិភាព​សាក្សីទាំងនោះ ខណៈមិនទាន់មានច្បាប់ការពារសាក្សីនៅឡើយ។ លោកបន្ដថា សាក្សី​មួយ​រូបក្នុងចំណោមបីនាក់ជាអ្នកថតវីដេអូ និង២នាក់ទៀតជាអ្នកឃើញហេតុការណ៍ផ្ទាល់ ដែលប​ញ្ជាក់​ថា មន្ដ្រី​នគរបាល​រូប​នោះ​ដួលមុខឡានមន្ដ្រីបក្សប្រឆាំងដោយខ្លួនឯង។ លោកស្នើ​ឲ្យតុ​លាការ​ដោះលែងមន្ដ្រីបក្សប្រ​ឆាំងរូបនោះដោយគ្មានលក្ខខណ្ឌ៕

ដោយលោក ឃុត សុគន្ធ និង បូ សាវី

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles

2 Responses to "សាក្សីប្រាប់តុលាការថាលោក ឌិន ពុទ្ធី មិនបានបើកឡានបុកមន្ដ្រីប៉ូលិសដូចការចោទប្រកាន់ទេ"

  1. kn says:

    អ្នកបើកឡានប្រាកដជាមានទោស៖
    1- លួចបង្រត់មនុស្សឲ្យចេញពី police ពេលដែលកំពុងមានបញ្ហាជាមួយ police.
    2- គា់ត់មិនគោរពបញ្ជរពី police នៅលើផ្នល់ដោយខំព្យាយាមបើកឡានរត់គេចចេញ

  2. Anonymous says:

    អង្គហេតុនៃការចោទប្រកាន់មិនមែនរឿងពង្រត់មនុស្សនិងមិនគោរពប៉ូលីសទេ។ កុំមានបំណងតាមផ្តន្ទាឈ្នានីសមនុស្ស ត្រឹមត្រូវដែលជួយរកយុត្តិធម៏សម្រាប់សង្គម។ ត្រូវដឹងនិងហ៊ានទទួលស្គាល់ថា សង្គមយើងសព្វថ្ងៃ បើគ្មានសង្គមស៊ីវិល គ្មានអង្គការសិទ្ធិមនុស្សជួយដោះស្រាយរកយុត្តិធម៏ដល់ជនក្រីក្រដែលរងការរំលោភបំពានសិទ្ធិរស់នៅនិងប្រកបមុខរបរ ដោយសុច្ចរិតទេ មិនដឹងថាស្រុកខ្មែរត្រូវបានជិះសេះលែងដៃដោយអាជ្ញាធរ សមត្ថកិច្ចយ៉ាងណាទេ។ នេះគ្រាន់ហើយដែលនៅមានអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស នៅចាំជួយពលរដ្ឋរងគ្រោះ បើគ្មានអង្គការទាំងនោះទេ ស្រុកខ្មែរដែលក្លាយជាឋានសួគាររបស់សមត្ថកិច្ចខិលខូចនិងអ្នកធំមានអំណាចទំនើងច្បាប់ធ្វើអ្វីៗស្រេចតែចិត្តយ៉ាងណានោះទេ។ យើងគាំទ្រតែមនុស្សប្រព្រឹត្តល្អ ប៉ុន្តែគេត្រូវដឹងថាសព្វថ្ងៃនេះមន្ត្រីភាគច្រើនសុទ្ធតែជារបស់បក្សធ្វើការបំរើនយោបាយ ដូច្នេះគ្មានទេ អព្យាក្រឹតនៃតួនាទីចំពោះផ្លូវច្បាប់។